Skip to main content

តើគួរទៅរស់នៅខាងណា?

បន្ទាប់ពីរៀបការហើយ មនុស្សភាគច្រើនជាពិសេសនារី បានឃ្លាតចេញឆ្ងាយពីគ្រួសាររបស់ខ្លួនបន្តិច ម្តងៗ ដោយសារត្រូវទៅកសាងគ្រួសារផ្ទាល់ខ្លួន។ ប្រាកដណាស់ គូស្វាមីភរិយាថ្មោងថ្មីអាចនឹង ចេញទៅរស់នៅផ្ទះផ្សេង ឬផ្ទះខាងណាមួយ ជាមួយប្តី ឬប្រពន្ធ ដូច្នេះវាមានន័យថា លោកអ្នកអាច នឹងត្រូវឃ្លាតឆ្ងាយពីគ្រួសារដែលអ្នកធ្លាប់រស់នៅជាមួយតាំងពីតូច។ សំណួរសួរថា តើក្រោយពេល រៀបការរួច តើគូស្វាមីភរិយាថ្មីគួរសម្រេចចិត្តទៅរស់នៅខាងណា? ខាងប្តី ឬខាងប្រពន្ធ? ឬទៅរស់នៅដាច់ដោយឡែក តែពីរនាក់ប្តីប្រពន្ធយើង?

ចម្លើយតែមួយម៉ាត់ មិនអាចឆ្លើយសំណួរមួយ ដែលក្តោបលើគ្រប់ស្ថានភាពបាននោះទេ។ ដូច្នេះ យើងអាចនិយាយបានថា គ្មានចម្លើយណាមួយ អាចឆ្លើយបានត្រឹមត្រូវទេ ព្រោះវាអាស្រ័យលើ ស្ថានភាពគ្រួសារ សេដ្ឋកិច្ច ការងារ និងការយល់ព្រមរវាងប្តីប្រពន្ធខ្លួនឯង។ ទោះជាយ៉ាងណា មានជម្រើសសំខាន់ៗ ៣ ដែលគូស្វាមីភរិយាថ្មីៗតែងពិចារណា៖

១. រស់នៅផ្ទះជាមួយគ្រួសារខាងប្តីៈ ជាទម្លាប់ដែលគេឃើញមានខ្លះៗដែរនៅសង្គមខ្មែរ។ ការរស់នៅ បែបនេះអាចឲ្យពួកគេទាំង២នាក់ប្តីប្រពន្ធមានអ្នកជួយគាំទ្រផ្នែកកិច្ចការផ្ទះ និងមើលថែ ទាំកូនៗ។ ប៉ុន្តែលោកអ្នកត្រូវគិតពីបញ្ហាមួយចំនួនដែលអាចកើតមានឡើងផងដែរ ជាពិសេស គឺទំនាស់រវាង ម្តាយក្មេក និងកូនប្រសារ ឬទំនាស់សាច់ថ្លៃតែម្តង បើសិនជាពួកគេមានគំនិត ឬរបៀប រស់នៅខុសគ្នា ដែលអាចបង្កើតបានជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ភរិយា ដែលជាសមាជិកថ្មី ថ្មោងនៅក្នុង គ្រួសាររបស់ប្តី។ 

២. រស់នៅជាមួយគ្រួសារខាងប្រពន្ធៈ ជារឿយៗ គេក៏បានប្រទះឃើញគូស្វាមីភរិយាខ្លះ បានសម្រេច ចិត្តមករស់នៅជាមួយគ្រួសារខាងប្រពន្ធ ក្រោយពេលរៀបការដែរ ដោយសារការលួងលោមរបស់ ភរិយា និងមានការគាំទ្រពីគ្រួសារខាងប្តីឲ្យសម្រេចចិត្តបែបនេះ។ ការរស់នៅជាមួយគ្រួសារខាងប្រ ពន្ធ ក៏បានជួយឲ្យភរិយាមានបងប្អូន ឪពុកម្តាយ សាច់ញាតិសម្រាលបន្ទុកការងារ និងការមើល ថែកូនៗបានដែរ។ ភរិយាអាចមានឱកាសច្រើនក្នុងការចេញទៅប្រកបការងារនៅខាងក្រៅ ដើម្បីរក ប្រាក់ចំណូលបានផងដែរ។ ប៉ុន្តែការរស់នៅបែបនេះក៏អាចមានបញ្ហាដូចគ្នា ប្រសិនបើមានការមិន យល់គ្នារវាងសមាជិកនៅក្នុងគ្រួសារ។

៣. រស់នៅដាច់ដោយឡែក ៖  គូស្វាមីភរិយាជាច្រើន និងមានទំនោរកើនឡើងនៅបរិបទសម័យ បច្ចុប្បន្ន ជ្រើសរើសវិធីនេះ ព្រោះពួកគេត្រូវការឯករាជ្យភាពក្នុងការសម្រេចចិត្ត និងគ្រប់គ្រងជីវិត គ្រួសារដោយខ្លួនឯង។ ប៉ុន្តែពួកគេត្រូវទទួលខុសត្រូវច្រើនជាងមុន ហើយអាចត្រូវការចំណាយខ្ពស់ ជាង។ 

សរុបសេចក្តីមក កន្លែងដែលគួររស់នៅរបស់គូស្វាមីភរិយាថ្មី គួរត្រូវបានសម្រេចដោយការពិភាក្សា និងការយល់ព្រមរវាងប្តីប្រពន្ធខ្លួនឯង ហើយក្នុងនោះក៏ត្រូវគិតគូរពីភាពសុខសាន្តប្តីប្រពន្ធ និងការ គោរពដល់គ្រួសារទាំងសងខាងដែរ។ ជាចុងក្រោយ ចូរលោកអ្នកត្រូវចង់ចាំថា ស៊ូចង្អៀតផ្ទះ កុំឲ្យ តែចង្អៀតចិត្ត។៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.