ទិវានៃក្តីស្រឡាញ់ ឬហៅជាភាសាអង់គ្លេសថា Valentine’s Day ត្រូវបានពិភពលោកប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ កុម្ភៈ ដើម្បីឲ្យមនុស្សគ្រប់គ្នានៅក្នុងពិភពលោកបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះឪពុកម្តាយ បងប្អូន សាច់ញាតិ មិត្តភក្តិ ស្វាមីភរិយា និងជាថ្ងៃដែលមនុស្សគ្រប់គ្នាសម្តែងនូវទឹកចិត្តភក្តីភាព ចំពោះអ្នកដែលជាទីស្រឡាញ់របស់ខ្លួន។ ប៉ុន្តែថ្ងៃនេះមិនមែនជាឱកាសតែមួយគត់នៅក្នុងជីវិត ឬជាកក្តា តែមួយរបស់លោកអ្នក ក្នុងការកំណត់តម្លៃជីវិត តម្លៃស្នេហា ឬតម្លៃនៃសេចក្តីស្រឡាញ់របស់លោកអ្នក នោះទេ។
បើសិនជាលោកអ្នកគិតថា ថ្ងៃនេះគឺគ្រាន់តែជាថ្ងៃធម្មតា នោះក៏មិនមែនជាកំហុសអ្វីនោះដែរ។ គុណតម្លៃ នៃស្នេហា តម្លៃនៃសេចក្តីស្រឡាញ់ តម្លៃជីវិត មិនចាំបាច់ទាល់តែបង្ហាញនៅក្នុងថ្ងៃ១៤កុម្ភៈតែមួយនេះទេ ហើយក៏មិនចាំបាច់ទាល់តែយើងបង្ហាញសេចក្តីស្រឡាញ់តាមបណ្តាញសង្គម ឬទាល់តែមានផ្កា និងទាល់តែ មានអំណោយថ្លៃៗនោះដែរ។
សម័យយុវជន Gen Z នេះ ការយកចិត្តទុកដាក់ចំពោះខ្លួនឯង ការខិតខំរៀនសូត្រ ធ្វើការ និងកសាងអនាគត ឲ្យរឹងមាំ គឺជារឿងសំខាន់បំផុត។ ស្នេហាពិតប្រាកដ គឺចាប់ផ្តើមពីការស្រឡាញ់ គោរព និងឲ្យតម្លៃលើខ្លួន ឯងជាមុនសិន។ គួររំលឹកផងដែរថាប្រវត្តិ ឬដើមកំណើតថ្ងៃនៃក្តីស្រឡាញ់នេះ ត្រូវបានគេឲ្យតម្លៃទៅតាម ឈ្មោះរបស់បុរសម្នាក់ គឺលោក Saint Valentine ដែលមានមនុស្សជាច្រើននៅសម័យចក្រភពរ៉ូម៉ាំងបានយល់ ស្របនឹងគំនិតរបស់គាត់ ដែលលោកបានយល់ច្បាស់អំពីអត្ថន័យ និងតម្លៃនៃក្តីស្រឡាញ់ពិត ដែលក្នុងនោះ រួមមាន ក្តីស្រឡាញ់ ភាពស្មោះត្រង់ ភក្តីភាព និងការលះបង់។
Comments
Post a Comment