រៀងរាល់ព្រឹកប្រជាជនរស់នៅតាមខេត្ត ភ្ញាក់ពីដំណេក ដោយមានសម្លេងមាន់រងាវ រីឯប្រជាជនដែលរស់នៅ រាជធានីភ្នំពេញវិញ ភ្ញាក់ពីដំណេកដោយឮសម្លេងម៉ូតូឡាន និងការកកស្ទះចរាចរណ៍ស្ទើរពេញមួយថ្ងៃ។
អ្នកធ្វើការនៅតាមខេត្ត ចេញពីផ្ទះដោយមិនប្រញាប់ប្រញាល់ឡើយ រីឯចំងាយពីផ្ទះទៅកន្លែងធ្វើការក៏ មិនសូវឆ្ងាយនោះដែរ។ រីឯអាហារព្រឹកវិញក៏មានតម្លៃមិនថ្លៃដូចនៅរាជធានី ហើយពួកគេអាចរស់នៅជិត គ្រួសារ ជិតកូន ជិតឪពុកម្តាយបានយ៉ាងងាយស្រួល។ ប៉ុន្តែប្រាក់ខែដែលពួកគេអាចទទួលបានមិនសូវខ្ពស់ទេ ហើយឱកាសការងារ ក៏មិនមានច្រើនសម្រាប់មនុស្សមានសមត្ថភាពខ្ពស់ដែរ។
នៅភ្នំពេញ ប្រាក់ខែអាចខ្ពស់ជាងនៅតាមទីជនបទ ហើយឱកាសការងារវិញ ក៏មានច្រើនជាង ប៉ុន្តែការរស់នៅ ក៏ថ្លៃជាង ហើយអ្នកនៅទីក្រុងខាតពេលយ៉ាងច្រើន ទៅលើការធ្វើចរាចរណ៍នៅតាមដងផ្លូវ។ មនុស្សមួយចំនួន អាចរកលុយបានច្រើន តែមិនសូវមានពេលសម្រាក មិនបានរស់នៅជួបជុំគ្រួសារឡើយ ហើយជីវិតពួកគេ ម្នាក់ៗ ហាក់ដូចជារស់នៅដើម្បីប្រណាំងជាមួយពេលវេលាយ៉ាងដូច្នោះដែរ។
សរុបសេចក្តីមក មិនថាជីវិតនៅទីក្រុង ឬនៅទីជនបទទេ សុទ្ធតែជាជម្រើសរបស់បុគ្គលម្នាក់ៗរៀងៗខ្លួន។ មនុស្សម្នាក់ៗមានជម្រើសជីវិតខុសៗគ្នា ដោយអ្នកខ្លះជ្រើសយកភាពស្ងប់ស្ងាត់ និងសន្សំពេលវេលា ខណៈអ្នកខ្លះទៀតត្រូវការរវាងឱកាសការងារ និងប្រាក់ខែខ្ពស់។ ចុះលោកអ្នកវិញ លោកអ្នកនឹងជ្រើសរើស បែបណា? ជីវិតជនបទ ឬទីក្រុង?
Comments
Post a Comment