Skip to main content

តើកម្ពុជាមានសិទ្ធិបាញ់យន្តហោះយោធាសត្រូវ ដែលឈ្លានពានដែន អាកាសខ្លួនដែរឬទេ? ហេតុអ្វីបានជាកម្ពុជាមិនបាញ់?



មុននឹងអាចឆ្លើយសំណួរនេះបានគឺយើងត្រូវវិភាគពីច្បាប់អន្តរជាតិ សន្តិសុខ និងសមត្ថភាពយោធាជាមុនសិន។

១. ជាគោលការណ៍មូលដ្ឋាន ដែនអាកាស និងអធិបតេយ្យភាពរដ្ឋយោងតាមច្បាប់អន្តរជាតិសម័យទំនើប

ដែនអាកាស  គឺជាផ្នែកមួយនៃអធិបតេយ្យភាពរដ្ឋ ដូចដែនដី និងដែនទឹកដែរ មានន័យថា ដែនដី និងដែនទឹកដល់ណា គឺដែនអាកាសក៏ដល់នោះដែរ។ វាមានចែងក្នុងអនុសញ្ញា Chicago ឆ្នាំ 1944 និងច្បាប់អន្តរជាតិផ្សេងទៀត (Customary International Law)។ ដូច្នេះ រដ្ឋមួយមានអំណាចពេញលេញលើ ដែនអាកាសខ្លួន រាល់យន្តហោះយោធាបរទេសគ្មានសិទ្ធិហោះចូលទេ  លើកលែងតែមានការអនុញ្ញាតជាមុន។

២. បើជាយន្តហោះយោធាសត្រូវ ហោះចូលដែនអាកាសកម្ពុជា — តើកម្ពុជាមានសិទ្ធិបាញ់ទម្លាក់ឬទេ?

ចម្លើយខ្លី គឺមានសិទ្ធិពេញលេញទៅតាមច្បាប់ ពីព្រោះវាជា យន្តហោះយោធា (fighter jet, reconnaissance aircraft, military drone) ឲ្យតែហោះចូល ដោយគ្មានការអនុញ្ញាត ក្នុងសកម្មភាព ៤ ដូចជា៖

  • ស៊ើបការណ៍
  • វាយប្រហារ
  • គំរាមកំហែងសន្តិសុខ
  • ឬហោះចូលជ្រៅក្នុងទឹកដី។

ចុះបើយន្តហោះយោធាសៀមហោះចូលមកស្ថិតនៅក្នុងលក្ខខណ្ឌទាំង៤ខាងលើហើយ តើកម្ពុជាមានសិទ្ធិទេ? គឺកម្ពុជាមានសិទ្ធិពេញលេញក្នុងការប្រើកម្លាំងយោធា រួមទាំងបាញ់ទម្លាក់ ព្រោះនេះស្ថិតក្រោមសិទ្ធិការពារខ្លួន (Right of Self-Defense) ហើយបើយោងតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ចែងថា “ច្បាប់អន្តរជាតិ មិនទាមទារឲ្យរងការវាយប្រហារមុនសិន ទើបអាចការពារខ្លួនទេ គ្រាន់តែមាន ការគំរាមកំហែងយោធាច្បាស់លាស់ គឺគ្រប់គ្រាន់”។

៣. បើកម្ពុជាបាញ់ទម្លាក់យន្តហោះយោធាសៀម តើខុសច្បាប់អន្តរជាតិដែរឬទេ?

ចម្លើយគឺ ១០០% មិនខុសច្បាប់អន្តរជាតិទេ ប្រសិនបើលក្ខខណ្ឌខាងក្រោមគ្រប់គ្រាន់៖

  • យន្តហោះនោះជា យន្តហោះយោធា
  • ហោះចូលដែនអាកាសកម្ពុជាដោយគ្មានការអនុញ្ញាត
  • មិនគោរពការព្រមាន ឬមានសកម្មភាពស៊ើបការណ៍/វាយប្រហារ/គំរាមកំហែង

ក្នុងច្បាប់អន្តរជាតិគេកំណត់ថា ការបាញ់ទម្លាក់យន្តហោះយោធាឈ្លានពាន ជាសកម្មភាពការពារខ្លួន មិនមែនអំពើឈ្លានពានទេ ហើយជាក់ស្តែងគឺក្នុងដែនអធិបតេយ្យកម្ពុជាទៅទៀតផង។

៤. ឥឡូវយើងមើលតាមបរិបទជាក់ស្តែង ថាមានដ្រូនយោធាស៊ើបការណ៍ និងយន្តហោះចម្បាំង បានហោះចូលជ្រៅក្នុងទឹកដីកម្ពុជា

អ៊ីចឹង តាមច្បាប់អន្តរជាតិ៖

  • កម្ពុជាមានសិទ្ធិស្របច្បាប់ពេញលេញក្នុងការបាញ់ទម្លាក់
  • បើរដ្ឋចាត់ទុកថា នោះជាការគំរាមកំហែងយោធា បង្កអរិភាព និងបង្កអសន្តិសុខកម្ពុជា។

៥​. ហេតុអ្វីកម្ពុជាមិនបាញ់ទម្លាក់ (បើទោះមានសិទ្ធិស្របច្បាប់ក៏ដោយនោះ)?

៥. ១. កម្ពុជាបារម្ភហានិភ័យនៃការកើនឡើងជម្លោះយោធា

  • ការបាញ់ទម្លាក់យន្តហោះចម្បាំងសៀមនៅពេលនេះ អាចនាំទៅសង្គ្រាមពេញលេញ ឬដល់កម្រិតតំបន់(មហាអំណាចពន្យុះពីក្រោយ) ហើយអាចអូសបន្លាយសង្រ្គាមកាន់តែយូរ និងពិបាកដោះស្រាយ។
  • ប្រទេសតូច ត្រូវគិតពីផលវិបាកយូរអង្វែង។ ប្រទេសកម្ពុជាយើងតូច កម្លាំងតិច និងខ្សោយជាងសត្រូវ ប្រៀបប្រដូចកូនក្មេងវាយនឹងមនុស្សធំពេញកម្លាំងអ៊ីចឹង បើទោះជាយើងអាចធ្វើឲ្យសត្រូវខូចខាតខ្លះ តែយើងវិញក៏ប្រហែលត្រូវទ្រុឌទ្រោមខ្លាំងដែរ។

៥.២. កម្ពុជាជ្រើសយកគោលនយោបាយការទូត និងតុល្យភាពអំណាច

  • កម្ពុជាជ្រើសរើសការកត់ត្រា ប្តឹង និងសម្ពាធការទូត ដើម្បីបង្ហាញថា ខ្លួនគោរពច្បាប់អន្តរជាតិ ហើយជាភាគីរងគ្រោះពីការឈ្លានពានដោយយោធាសៀមយ៉ាងពិតប្រាកដ។
  • កម្រិត នៃ“ការគំរាមកំហែង” មិនមែនការហោះចូលគ្រប់លើក សុទ្ធតែសមមូលនឹងការបាញ់។ កម្ពុជាមិនបាញ់ព្រោះដោយយល់ថាស្ថានការណ៍ស្ថិតនៅកម្រិតអាចគ្រប់គ្រងបាន។

៦. តើកម្ពុជាមានអាវុធបាញ់យន្តហោះយោធាដែរឬទេ?

នេះជាសំណួរដែលមហាជនខ្មែរទូទៅ ក៏ដូចជាជនបរទេសខ្លះក៏ឆ្ងល់ដែរ?

ចម្លើយគឺថា “ មាន ប៉ុន្តែមានកម្រិត”។ កម្ពុជាមាន ៖

  • កាំភ្លើងប្រឆាំងយន្តហោះ( ឧទ្ធម្ភាគចក្រ)
  • កាំជ្រួចបាញ់យន្តហោះចល័ត (MANPADS)
  • ប្រព័ន្ធការពារដែនអាកាសកម្រិតទាប KS 1C

ហើយ អ្វីដែលកម្ពុជាមិនទាន់មាន ៖

  • ប្រព័ន្ធការពារដែនអាកាសមធ្យម–ឆ្ងាយ
  • ប្រព័ន្ធរ៉ាដាឆ្លាតវៃគ្រប់ជ្រុងជ្រោយ
  • យន្តហោះប្រដេញ Interceptor សម្រាប់តាមទាន់យន្តហោះល្បឿនលឿន។

ដូច្នេះអ្នកនឹងលែងឆ្ងល់ហើយថាហេតុអីមិនបាញ់ បើវាហោះទម្លាក់គ្រាប់កម្ទេចហេដ្ឋារចនាសម្ព័ន្ធជាច្រើនសន្ធឹកសន្ធាប់ បង្កឲ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់ មនុស្សរត់ភៀសខ្លួនប្រសេចប្រសាច អសន្តិសុខស្ទើរមួយចំហៀងប្រទេសនោះ?

ចម្លើយខ្លីនោះគឺកម្ពុជាយើងសិទ្ធិមានស្របច្បាប់ពេញលេញ ប៉ុន្តែសមត្ថភាព និងហានិភ័យ ធ្វើឲ្យការបាញ់មិនមែនជាជម្រើសងាយនោះទេ។ @# សរុបជាចំណុចខ្លីគឺ កម្ពុជាមានសិទ្ធិស្របច្បាប់អន្តរជាតិពេញលេញ បាញ់យន្តហោះយោធាសៀមឈ្លានពានបាន ប៉ុន្តែការបាញ់មិនមែនជាកាតព្វកិច្ចចាំបាច់ដោយសារកម្ពុជាយើងបារម្ភពីហានិភ័យ និងការអូសបន្លាយសង្រ្គាម ម្យ៉ាងសមត្ថភាពការពារដែនអាកាសកម្ពុជាក៏មានកម្រិត ហើយកម្ពុជាជ្រើសរើស ការទូត និង ច្បាប់អន្តរជាតិ ជាអាវុធសំខាន់។

ប៉ុន្តែជាជម្រើសចុងក្រោយ កម្ពុជាក៏ត្រូវការគោរពសមាមាត្រសង្រ្គាម និងការវាយតម្លៃការគំរាមកំហែងដែរ ដូចពាក្យមួយឃ្លាដែលខ្មែរយើងតែងលើកឡើងថា “ កុំបង្ខំឆ្កែឲ្យផ្ទាប់នឹងជញ្ជាំង តែទាល់ច្រកគឺវានឹងបកខាំវិញមិនខាន” ហើយលទ្ធផលក៏ពិបាកនឹងប៉ាន់ស្មានដែរ! មេដឹកនាំតែតែមានគំនិត និងយុទ្ធសាស្ត្រដែលជនទូទៅមិនអាចស្មានត្រូវ ហើយ ហ៊ុន សែន មិនដែលមានប្រវត្តិចាញ់គូប្រកួត ឬសត្រូវរបស់គាត់ម្តងណាឡើយ ឥឡូវលើកនេះយើងមើលទាំងអស់គ្នាថាតើគាត់អាចឈ្នះក្នុងសមរភូមិលើកនេះទៀតដែរឬយ៉ាងណា? យើងជាជនរួមជាតិត្រូវតែជួយគំទ្រ និងនៅជាមួយរាជរដ្ឋាភិបាល ដើម្បីប្រឆាំងសត្រូវសៀមឈ្លានពាន៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.