កាន់តែប្រហើនហើយ នាយករដ្ឋមន្ត្រីថៃអានុទ្ទីនប្រកាសបិទទ្វារមិនចរចាជាមួយកម្ពុជា ហើយបោះសម្ដីថា លោក Anwar ឬប្រធានាធិបតី Trump ក៏គេមិននិយាយជាមួយដែរ ព្រោះរឿងនេះ ជារឿងរវាងថៃ និងកម្ពុជា។ លោកនាយករដ្ឋមន្ត្រីអនុទ្ទីននៅរសៀលថ្ងៃទី ០៨ ធ្នូ ឆ្នាំ២០២៥ នេះបានប្រកាសទាក់ទងនិងស្ថានភាពជម្លោះព្រំដែនកម្ពុជា និងថៃថា ខ្លួននឹងបិទការចរចាជាមួយកម្ពុជាទាំងអស់ ហើយបើសិនជាចង់ឈប់បាញ់គ្នា កម្ពុជាត្រូវតែធ្វើតាមថៃទាំងអស់។ ជាមួយគ្នានេះដែរ លោកអនុទ្ធីនក៏បានបោះពាក្យសម្ដីថា រូបលោកក៏មិននិយាយជាមួយនឹងលោក Anwar ឬប្រធានាធិបតី Trump ដែរព្រោះអីរឿងនេះជារឿងរវាងថៃ និងកម្ពុជា។ នេះបើយោងតាមកាសែតថៃ ដកស្រង់សម្ដីមកផ្សាយលោកអានុទ្ទីន បានប្រាប់អ្នកកាសែតដោយអំនួតថា ការចរចា គឺគ្មានទៀតនោះទេ បើសិនជាចង់ឈប់បាញ់គ្នាពិតមែន កម្ពុជាត្រូវតែធ្វើតាមថៃទាំងអស់។ ចំណែករឿងព្រមព្រៀងសន្តិភាព នៅកូឡាឡាំពួរនោះ លោកអានុទ្ទីនបានប្រាប់ថា វាគ្មានទៀតទេ លោកចាំមិនបានឡើយ លោកក៏មិនបាននិយាយជាមួយនឹងលោក Anwar ឬប្រធានាធិបតី Trump នោះដែរ ព្រោះរឿងនេះជារឿងរវាងថៃ និងកម្ពុជា។ លើសពីនេះទៅទៀតលោកអានុទ្ទីនក៏បានបោះសម្ដីឱ្យលោក Anwar ទៅនិយាយជាមួយកម្ពុជាទៅ ដោយអះអាងថា កម្ពុជា ជាអ្នកបើកការវាយប្រហារមុន ប្រទេសថៃមិនបានបើកមុនឡើយ។
លោកអានុទ្ទីន ក៏បានបញ្ជាក់ទៀតថា យោធាថៃមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពនានា ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងពេញលេញ។ មិនតែប៉ុណ្នោះ លោកអានុទ្ទីនក៏បានហៅកម្ពុជាថា ជាសត្រូវដោយនិយាយថា នេះ គឺជាបញ្ហារវាងថៃ និងសត្រូវរបស់ខ្លួន។ នាយករដ្ឋមន្ត្រីថៃរូបនេះក៏បានច្រានចោលផងដែរ អំពីការព្រួយបារម្ភលើផលប៉ះពាល់ដល់មានសក្ដានុពលនៃពន្ធគយរបស់អាមេរិក ហើយបានប្រកាសថា សេចក្តីប្រកាសរួមឥឡូវនេះ គ្មានតម្លៃទៀតទេ នេះបើតាមការចុះផ្សាយរបស់ Khaosod English នៅថ្ងៃទី08 ខែធ្នូ ឆ្នាំ2025។
ចំណែកក្រសួងការពារជាតិបញ្ជាក់ថាការលើកឡើងរបស់បណ្ដាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុននិងប្រើសភាវុធនធ្ងន់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ គឺជាព័ត៌មានមិនពិត។ កងកម្លាំងយោធាថៃបានចាប់ផ្ដើមបើការវាយប្រហារមកលើកកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី០៨ ធ្នូឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ ព្រឹក មក។ ក្រសួងបានឱ្យដឹងទៀតថា សកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបត្ថម្ភហេតុកាលពីម្សិលមិញ នៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ដោយឈរលើស្មារតីនៃការយោគយល់រាល់កិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបត្ថម្ភហេតុលើកទី២នោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់ទប់ទល់ឡើយ នឹងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាមួយគ្នានេះកម្ពុជាបានជូនដំណឹងជាលើកទី២ ទៅក្រុមអ្នកសង្កេតការ AOT អំពីឧបត្ថម្ភហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
Comments
Post a Comment