Skip to main content

អំពើពុករលួយជាដើមចមមួយឲ្យរដ្ឋាភិបាល ឬប្រទេសជាតិមួយដួលរលំបាន



នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ តាំងពីរដ្ឋបាលបុរាណដល់សម័យទំនើប អំពើពុករលួយតែងតែជាបញ្ហាធ្ងន់ធ្ងរ ដែលបំផ្លាញស្ថាប័នរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល។  វាមិនមែនត្រឹមជាការប្រើប្រាស់អំណាចខុសគោលដៅទេ ប៉ុន្តែវាជាភាពឆ្កួតលីលា ដែលធ្វើឲ្យប្រជាជនបាត់ភាពជឿជាក់លើប្រព័ន្ធរដ្ឋាភិបាលផងដែរ។

ទស្សនៈដែលថា “អំពើពុករលួយជាដើមចមឲ្យរដ្ឋាភិបាល ឬប្រទេសជាតិមួយដួលរលំបាន” មានមូលដ្ឋានលើ ការពិតថា ពេលអំណាចត្រូវបានប្រើប្រាស់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមតូចមួយ វានាំឲ្យធនធានជាតិត្រូវខាតបង់ សេដ្ឋកិច្ចចុះខ្សោយ សង្គមរំខាន និងរដ្ឋាភិបាលបាត់សមត្ថភាពគ្រប់គ្រងជាដើម។

អំពើពុករលួយអាចបង្កឡើងនៅគ្រប់កម្រិត ទាំងនៅក្នុងរដ្ឋាភិបាល មន្ត្រីជាតិ អង្គការសាធារណៈ ឬសេដ្ឋកិច្ចឯកជន។ ប៉ុន្តែពេលវាក្លាយជាបញ្ហាចាក់ស្រេសជាប្រព័ន្ធ វានឹងធ្វើឲ្យប្រទេសមួយ “រលួយពីខាងក្នុង” ដូចដើមឈើដែលត្រូវជំងឺច្រើនរយឆ្នាំមុនពេលដួលចុះដូច្នេះដែរ។

បច្ចេកសព្ទនៃអំពើពុករលួយ និងអត្តសញ្ញាណរបស់វាអាចមានជាច្រើនទម្រង់ ឧទាហរណ៍ដូចជា៖

  • ការទទួលសំណូក (Bribery) ៖ ដោយមន្ត្រីទទួលប្រាក់ ឬអំណោយ ដើម្បីផ្តល់អត្ថប្រយោជន៍ឲ្យអ្នកណាម្នាក់។
  • ការលួច ឬបន្លំថវិកាសាធារណៈ (Embezzlement)៖ ការប្រើប្រាស់ប្រាក់រដ្ឋសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ឬគ្រួសារ។
  • ការរើសអើងក្នុងការផ្តល់សិទ្ធិ ឬបក្ខពួកនិយម (Nepotism/Favoritism) ៖ ការផ្តល់តំណែង ឬអត្ថប្រយោជន៍ឲ្យមិត្តភក្តិ ឬសាច់ញាតិ ដោយមិនគិតពីសមត្ថភាព។
  • ការផ្លាស់ប្តូរផ្លូវច្បាប់ ឬយុត្តិធម៌ដោយប្រយោជន៍ផ្ទាល់ខ្លួន៖ ការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការ ឬនយោបាយ។

អំពើទាំងនេះបង្ហាញថា ទង្វើពុករលួយជាការបំពានលើសីលធម៌ និងគោលការណ៍អភិបាលកិច្ចនៃការគ្រប់គ្រងល្អ។ ពេលវាកើតឡើងជាញឹកញាប់ វាបង្ហាញថា រដ្ឋមិនអាចគ្រប់គ្រងប្រព័ន្ធរបស់ខ្លួនបានទៀតឡើយ។

I. ផលប៉ះពាល់នៃអំពើពុករលួយលើប្រទេសជាតិ

១. ផ្លូវសេដ្ឋកិច្ច

អំពើពុករលួយធ្វើឲ្យការចំណាយសាធារណៈកើនឡើង ហើយប្រាក់ដែលគេគួរតែប្រើសម្រាប់សាលារៀន មន្ទីរពេទ្យ ឬផ្លូវថ្នល់ ត្រូវបានលួចបាត់។ វាបង្កឲ្យមានការខាតបង់ធនធានធម្មជាតិ បណ្ដាលឲ្យអ្នកវិនិយោគបរទេសខ្លាចរអារ មិនមកវិនិយោគបន្តទៀតឡើយ។ ជាផលវិបាក សេដ្ឋកិច្ចប្រទេសធ្លាក់ចុះ ការងារខ្វះខាត និងអត្រាក្រីក្រ​កើនឡើង។

២. ផ្លូវសង្គម

អំពើពុករលួយធ្វើឲ្យមានភាពមិនស្មើគ្នា និងអយុត្តិធម៌នៅក្នុងសង្គម។ អ្នកមានប្រាក់អាចទិញសិទ្ធិ ឬគេចក្តីបាន តែអ្នកក្រីក្រគឺ​មិនអាចនោះទេ។ វាធ្វើឲ្យសង្គមបែកបាក់ កើតការមិនជឿជាក់លើរដ្ឋាភិបាល។

៣. ផ្លូវនយោបាយ

អំពើពុករលួយធ្វើឲ្យប្រជាជនបាត់ការជឿជាក់លើអំណាចរដ្ឋ និងរដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលមិនអាចជួយសង្រ្គោះសេដ្ឋកិច្ច ឬរកយុត្តិធម៌បានទេ ប្រជាជនអាចបង្កការតវ៉ា ឬបដិវត្តន៍ ឬបដិសេធអំណាចរដ្ឋាភិបាល។ ឧទាហរណ៍ប្រទេសជាច្រើនបានជួបប្រទះការផ្លាស់ប្តូររដ្ឋាភិបាល ក៏ដោយសារអំពើពុករលួយជាចម្បងនេះឯង។

ខាងក្រោមនេះ គឺជាឧទាហរណ៍ពីប្រទេសនានា ដែលដួលរលំដោយសារអំពើពុករលួយ ៖

១. សហភាពសូវៀត (USSR)

នៅទសវត្សរ៍ឆ្នាំ 1980 ការគ្រប់គ្រងរបស់រដ្ឋសូវៀតមានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ មន្ត្រីរដ្ឋប្រើសិទ្ធិអំណាចសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រជាជនបាត់បង់ការជឿជាក់ និងប្រព័ន្ធសេដ្ឋកិច្ចចាប់ផ្ដើមចុះខ្សោយ។ នៅឆ្នាំ 1991 ប្រទេសនេះដួលរលំចេញជាប្រទេសតូចៗជាច្រើន។

២ ហ្ស៊ីមបាបាវ៉េ (Zimbabwe)

ការគ្រប់គ្រងដោយរដ្ឋាភិបាលពុករលួយ និងមិនមានភាពថ្លៃថ្នូរ នាំឲ្យមានអតិផរណាខ្ពស់បំផុតនៅលើពិភពលោក។ ប្រជាជនជួបភាពអត់ឃ្លាន សេដ្ឋកិច្ចឈប់ដំណើរការ ហើយចុងក្រោយលុយ ហ្ស៊ីមបាបាវ៉េលែងមានតម្លៃនៅក្នុងប្រទេសនេះ និងនៅលើពិភពលោកតែម្តង

៣. ហៃទី (Haiti)

ទោះមានធនធានធម្មជាតិ និងឱកាសអភិវឌ្ឍន៍ជាច្រើនក៏ដោយ ប៉ុន្តែអំពើពុករលួយបានធ្វើឲ្យហៃទីក្លាយជាប្រទេសក្រីក្រ​បំផុតនៅទ្វីបអាមេរិកខាងជើង។ ថវិការដ្ឋត្រូវបានបន្លំ ហើយប្រជាជនមិនទទួលបានសេវាសាធារណៈសមរម្យទេនៅក្នុងប្រទេសនេះ។

៤. ប្រទេសអាស៊ីខ្លះ

ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ត្រូវបានស្គាល់ថាមានអំពើពុករលួយនៅកម្រិតខ្ពស់។ ការទទួលសំណូកក្នុងរដ្ឋបាល និងការលួចថវិកាធ្វើឲ្យគម្រោងអភិវឌ្ឍន៍យឺត ឬមិនបានបញ្ចប់។

II. វិធីដោះស្រាយ និងការទប់ស្កាត់អំពើពុករលួយ

ដើម្បីជៀសវាងការដួលរលំរដ្ឋដោយសារតែអំពើពុករលួយ អ្នកដឹកនាំប្រទេសត្រូវតែមានវិធានការជាក់លាក់ដូចជា៖

  • បង្កើតប្រព័ន្ធត្រួតពិនិត្យឯករាជ្យ ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានសិទ្ធិចាប់ ឬស៊ើបដោយគ្មានការជ្រៀតជ្រែកពីនយោបាយ។
  • អនុវត្តច្បាប់យ៉ាងតឹងរឹង និងស្មើភាពគ្នាចំពោះមុខច្បាប់
  • មិនគួរមានការអនុញ្ញាតឲ្យអ្នកមានអំណាច ឬអ្នកមានលុយគេចពីការផាកពិន័យបានឡើយ។
  • លើកស្ទួយសីលធម៌ និងការអប់រំសាធារណៈ
  •  អ្នកគ្រប់គ្រង និងសិស្សត្រូវបានបង្រៀនឲ្យស្គាល់អំពីអំពើពុករលួយ និងផលប៉ះពាល់របស់វា។
  • បង្កើតភាពថ្លៃថ្នូរនៃរដ្ឋបាលសាធារណៈ (Transparency) ដែលធ្វើឲ្យប្រជាពលរដ្ឋអាចឃើញការ ចំណាយថវិកា និងការសម្រេចចិត្តរបស់រដ្ឋាភិបាល។
  • ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ដោយប្រជាជនត្រូវតែមានសិទ្ធិត្រួតពិនិត្យ ឬរាយការណ៍អំពើពុករលួយ ដោយមិនត្រូវមានការភ័យខ្លាច និងត្រូវបានធានាសុវត្ថិភាព។

ជាសេចក្តីសន្និដ្ឋាន អំពើពុករលួយ គឺជាដំណើរការដែលបំផ្លាញប្រទេសមួយយ៉ាងស្ងាត់ស្ងៀម។ វាដូចជាជំងឺក្នុងខ្លួនដែលបន្តលូតលាស់ បើមិនព្យាបាលឲ្យទាន់ពេលវេលា។ ប្រទេសណាដែលមិនអាចទប់ស្កាត់វាបាន នោះនឹងបាត់បង់នូវការជឿជាក់ ប្រជាជនអស់សង្ឃឹម ហើយជាលទ្ធផលរដ្ឋាភិបាលនឹងដួលរលំចុះបន្តិចម្តងៗ។ ដូច្នេះ ប្រជាជនទាំងមូលត្រូវចូលរួមជាដៃគូ ក្នុងការបង្កើតសង្គមសុចរិត និងថ្លៃថ្នូរជាមួយគ្នា។ ការកសាងសីលធម៌ ឯកភាព និងការគោរពច្បាប់ជាដើមចម នាំឲ្យប្រទេសមានសន្តិភាព និងរីកចម្រើនជាវឌ្ឍនៈបន្តទៀត។ ត្រូវចាំថាអំពើពុករលួយមិនមែនជារឿងឆ្ងាញ់លេងនោះទេ ប៉ុន្តែជាអំពើដែលអាចបំផ្លាញជីវិតរបស់ប្រជាជនទាំងមូលបាន។ បើយើងទាំងអស់គ្នាអាចសហការគ្នាបង្កើតសេចក្តីសុចរិតក្នុងចិត្ត និងការងារ នោះប្រទេសយើងនឹងមិនដួលរលំទេ ប៉ុន្តែរីកចម្រើនឡើងជាបន្តបន្ទាប់៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.