Skip to main content

តើសម្តេច ហ៊ុន សែន ជាជនក្បត់ជាតិ (Traitor) ឬជាវីរៈបុរសជាតិ (National Hero)?

មនុស្សមួយចំនួនមានទស្សនៈ២ ផ្សេងគ្នាអំពី មេដឹកនាំកម្ពុជា គឺសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ដែលខ្លះថា សម្តេច ជាជនក្បត់ជាតិ និងខ្លះទៀតថា សម្តេច ជាវីរៈបុរសជាតិ។ មានកត្តាមួយចំនួន ដែលធ្វើឲ្យ មានការយល់ឃើញផ្ទុយគ្នាបែបនេះ៖

  • ការវិនិច្ឆ័យដោយគំនិត ឬទស្សនៈបុគ្គលផ្ទាល់ខ្លួនខុសៗគ្នា
  • ទស្សនៈ និងទំនោរនយោបាយផ្សេងគ្នា
  • ទស្សនៈនៃការបកស្រាយដោយផ្អែកលើប្រវត្តិសាស្ត្រពិត។

ជុំវិញកក្តាទាំង៣ ដែលយើងខ្ញុំបានជម្រាបជូនខាងលើនេះ យើងខ្ញុំបានសង្កេតឃើញថាៈ 

១. ទស្សនៈដែលយល់ថាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែនជាផ្តាច់ការ ឬជនក្បត់ជាតិ

  • មនុស្សមួយចំនួនចោទប្រកាន់ ឬយល់ថា សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែនមានទំនាក់ទំនងស្និទ្ធ ស្នាលពេកជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម រហូតចោទមានការចោទប្រកាន់ថា សម្តេចជា មេដឹកនាំ អាយ៉ងវៀតណាមតាំងពីកំឡុងទស្សវត្សរ៍ឆ្នាំ១៩៨០រហូតមក ចំណុចនេះ ជាហេតុធ្វើឲ្យ ប្រទេសកម្ពុជាបាត់បង់អធិបតេយ្យភាពជាតិ និងឯករាជ្យភាពជាតិ។
  • មនុស្សមួយចំនួនទៀតចោទប្រកាន់ សម្តេចបានប្រើច្បាប់អាជ្ញាតឹងរឹងហួសហេតុ ដែលជះឥទ្ធិពលអវិជ្ជមាន ដល់លទ្ធិប្រជាធិបតេយ្យ ដូចជាការរំលាយចោលគណបក្សប្រឆាំង ការរឹតត្បិតសេរីភាពសារព័ត៌មាន និងការក្លែងបន្លំលទ្ធផលនៃការបោះឆ្នោត ជាដើម។
  • រីឯមិតិមួយចំនួនទៀតនិយាយថា សម្តេចដឹកនាំប្រទេសកម្ពុជា ដោយមិនខ្វល់ពីការគោរពសិទ្ធិមនុស្ស ដោយការធ្វើទុក្ខបុកម្នេញខ្លាំងលើបក្សប្រឆាំង ឬអ្នក ដែលមានទស្សនៈផ្ទុយ ឬប្រឆាំងនឹងសម្តេចជាដើម។
  • ហើយក៏មានមតិខ្លះទៀតនិយាយថា សម្តេចជាជនផ្តាច់ការ ព្រោះក្តោបក្តាប់អំណាចពេញដៃជិត ៤០ឆ្នាំ (ចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ ២០២៣) តាមរយៈកម្លាំងយោធា និងឧបាយកលនយោបាយ ផ្សេងៗ។
  • ព្រមទាំងមានមតិមួយចំនួនទៀត ថាក្រោមការដឹកនាំរបស់សម្តេច ប្រទេសកម្ពុជាបានកើតមាននូវអំពីពុក រលួយ បក្សពួកនិយម និងអយុត្តិធម៌សង្គមជាដើម។

២. ទស្សនៈដែលយល់ថាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន គឺជាវីរៈបុរសជាតិ

  • សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ជាផ្នែកមួយដ៏សំខាន់ ដែលបានដឹកនាំកងកម្លាំងរំដោះជាតិ វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅឆ្នាំ ១៩៧៩ ដូច្នេះសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកថាជាអ្នកសង្រ្គោះ និងជាអ្នកផ្តល់នូវកំណើតទី២ដល់ប្រជាជនកម្ពុជា ដែល សេសសល់ពីការប្រល័យក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ 
  • ថ្វីត្បិតតែរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅឆ្នាំ 1979 ក៏ពិតមែន ប៉ុន្តែពួកនេះនៅមានចលនា តស៊ូវាយបកមករដ្ឋាភិបាលក្រុងភ្នំពេញវិញ ដោយបានបង្កឲ្យកម្ពុជាត្រូវធ្លាក់ក្នុងសង្គ្រាមស៊ីវិលបន្តទៀត អស់រយៈពេលជិត 20 ឆ្នាំ។ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន គឺជាឥស្សរជនដ៏សំខាន់ និងលេចធ្លោជាងគេក្នុងការប្រយុទ្ធ ប្រឆាំង ព្រមទាំងជាមនុស្សដែលមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ យុទ្ធសាស្រ្តចរចា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនយោបាយឈ្នះឈ្នះ ដែលឈាន ទៅរកការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាក្នុងឆ្នាំ 1998។
  • និយាយជារួម សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពកម្ពុជាទី 2 ពីព្រោះ សម្តេច គឺជាមេដឹកនាំម្នាក់ ដែលបានរំដោះ និងសង្គ្រោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ដ៏ឃោរ ឃៅ ដោយសម្តេចបាននពន្លត់ភ្លើងសង្គ្រាម ស៊ីវិលដ៏រ៉ាំរ៉ៃ ហើយដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ និងមាន សន្តិភាពយូរអង្វែងដូចដែលយើងបានយើង ឃើញសព្វថ្ងៃនេះ។
  • មិនតែប៉ុន្នោះ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ក៏ជាស្ថាបនិកវឌ្ឍនៈភាពជាតិ និងការអភិវឌ្ឍ ប្រទេសកម្ពុជា ដោយសម្ដេចបានប្រើប្រាស់នូវភាពជាអ្នកដឹកនាំវៃឆ្លាត ជាអ្នកមានបទពិសោធន៍ និងភាព ប៉ិនប្រសប់ ហើយខិតខំប្រឹងប្រែងក្នុងការកសាងប្រទេសជាតិ ដែលរលាយខ្ទេចខ្ទីពីចំណុច សូន្យពីបាតដៃ ទទេ រហូតប្រែក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យ តាមរយៈគោល នយោបាយថេរភាពយូរអង្វែង ចក្ខុវិស័យនយោបាយវែងឆ្ងាយ និងគោលនយោបាយកសាងជាតិស្របតាម បរិបទកម្ពុជា និងទំនើបសកលភាវូបនីយកម្ម។

សរុបសេចក្តីមក មិនថាលោកអ្នកមានការវិនិច្ឆ័យ ឬទស្សនៈ និងទំនោរនយោបាយបែបណាទេ សូមលោក អ្នកថ្លឹងថ្លែង និងពិចារណាឲ្យបានច្បាស់ជាមុនសិន មុននឹងធ្វើការវាយតម្លៃលើសម្តេចនោះ ហើយយើងខ្ញុំក៏ សំណូមពរឲ្យលោកអ្នក មេត្តាកុំវាយតម្លៃតាមតែអារម្មណ៍ ឬតាមរយៈការញុះញង់ណាមួយ ពីប្រភពមិនច្បាស់ការ គ្មានភស្តុតាងច្បាស់លាស់ និងគ្មានវិចារណញ្ញាណ។

ក្នុងនាមយើងខ្ញុំជាអ្នកសិក្សាស្រាវជ្រាវលើមាតិកានេះ យើងខ្ញុំយល់ឃើញថា សម្តេចអគ្គមហាសេនាបតិតេ ជោ ហ៊ុន សែន គឺពិតជាវីរៈបុរសស្នេហាជាតិពិតប្រាកដ និងមិនអាចប្រកែកបានឡើយ ពីព្រោះគុណសម្បត្តិដឹកនាំ សច្ចភាពប្រវត្តិសាស្ត្រ និងសមិទ្ធផល ដែលយើងទាំងអស់គ្នាបាននឹងកំពុងមើលឃើញបច្ចុប្បន្ននេះ ព្រមទាំងផល ប្រយោជន៍ដែលទទួលបានដូចសព្វថ្ងៃនេះ គឺសុទ្ធតែជាសមិទ្ធិផល ដែលបានកើតឡើងដោយសារសម្តេចទាំងអស់ នោះ គឺសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ដែលបច្ចុប្បន្ននេះ គឺជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាអតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

  • សម្ដេចហ៊ុន សែន ជាអ្នកសង្គ្រោះ និងផ្ដល់កំណើតទី2 ដល់ប្រជាជនកម្ពុជា។
  • សម្ដេចហ៊ុន សែន ជាស្ថាបនិកសន្តិភាពកម្ពុជាទី 2។
  • សម្ដេចហ៊ុន សែន ជាស្ថាបនិកវឌ្ឍនភាពជាតិនិងការអភិវឌ្ឍ។
  • សម្ដេចហ៊ុន សែន ជាបុរសខ្លាំងកម្ពុជា។
  • សម្ដេចហ៊ុន សែន ជាវីរៈបុរសស្នេហាជាតិ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.