សាធារណជនថៃមានទស្សនៈចម្រុះគ្នាអំពីបញ្ហាជម្លោះព្រំដែនជាមួយនឹងប្រទេសជិតខាងជាពិសេសជាមួយនឹងប្រទេសកម្ពុជាទាក់ទងទៅនឹងប្រាសាទព្រះវិហារ ដែលវាទាក់ទងទៅនឹងកត្តានិន្នាការមួយចំនួនដូចជាៈ
- បរិបទនយោបាយរបស់ថៃ
- ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលពួកគេទទួលបាន
- បញ្ហាប្រវត្តិសាស្រ្ត និងកត្តាជាតិនិយមជ្រុល។
១. ក្រុមអ្នកជាតិនិយមជ្រុល
ក្រុមអ្នកជាតិនិយមជ្រុលរបស់ថៃ ជឿជាក់ថាប្រាសាទព្រះវិហារ និងតំបន់បរិវេណជុំវិញប្រាសាទគឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃទាំងស្រុង។ ដូច្នេះ ពួកគេបានបដិសេធការសម្រេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលបានសម្រេចថាប្រាសាទព្រះវិហាររួមនឹងតំបន់ជុំវិញបរិវេណប្រាសាទព្រះវិហារ គឺជារបស់កម្ពុជា។ នេះជាមូលហេតុ ដែលធ្វើឲ្យពួកគេតែងតែតវ៉ាជាមួយនឹងថ្នាក់ដឹកនាំរបស់ខ្លួន ដោយស្រែកទាមទារម្ដងហើយម្ដងទៀតថាទឹកដីនោះ គឺជារបស់ថៃ មិនមែនជារបស់កម្ពុជាឡើយ។
២. ប្រជាជន ដែលមានគំនិតគាំទ្រច្បាប់អន្តរជាតិ និងមានទស្សនៈសន្តិភាពនិយម
ប្រជាជន ដែលមានគំនិតគាំទ្រច្បាប់អន្តរជាតិ និងមានទស្សនៈសន្តិភាពនិយម តែងតែគាំទ្រឲ្យមានការដោះស្រាយជម្លោះតាមរយៈយន្តការការទូត និងតាមរយៈច្បាប់អន្តរជាតិ។ ពួកគេយល់ព្រមទទួលយកនូវការសម្រេចក្តីបញ្ជាក់ម្ដងទៀត ដោយតុលាការយុត្តិធម៌អន្តរជាតិ ដែលថាប្រាសាទព្រះវិហារ គឺជារបស់កម្ពុជាយ៉ាងពិតប្រាកដ ដោយក្នុងនោះ រួមទាំងផ្ទៃដីដែលមានទំហំប្រមាណជា 4.6 គីឡូម៉ែត្រការ៉េជុំវិញបរិវេណប្រាសាទព្រះវិហារផង។
ពួកគេយល់ថា មានតែមធ្យោបាយដោះស្រាយដោយសន្តិវិធី និងសន្តិភាពប៉ុណ្ណោះដែលជាមធ្យោបាយល្អបំផុតសម្រាប់ប្រទេសទាំងពីរ។
៣. សាធារណៈជនថៃដែលមានទស្សនៈអព្យាក្រឹតនិយម
ពួកគេពុំសូវផ្ដោតជាធំទៅលើបញ្ហាទាមទារទឹកដីនោះទេ ប៉ុន្តែពួកគេខ្វាយខ្វល់អំពីលទ្ធិប្រជាធិបតេយ្យ បញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាសេដ្ឋកិច្ចប្រទេសជាតិ ដែលពួកគេចង់ឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហាទាំងនេះជាជាងបង្កជម្លោះជាមួយនឹងប្រទេសជិតខាង។
ម្យ៉ាងវិញទៀតពួកគេសង្ឃឹមចង់បាននោះគឺកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរដូចជាសេដ្ឋកិច្ច ទេសចរណ៍ និងការរក្សា ព្រមទាំងពង្រឹងសន្តិសុខក្នុងតំបន់។
សរុបសេចក្តីមក សាធារណជនថៃមានទស្សនៈចម្រុះគ្នាអំពីបញ្ហាជម្លោះទឹកដីជាមួយនឹងប្រទេសជិតខាងពិសេសជាមួយប្រទេសកម្ពុជាអំពីប្រាសាទព្រះវិហារ។ ចំណែកឯខាងភាគីប្រទេសកម្ពុជាវិញគឺតែងតែគោរពទៅតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិជាសកល ហើយជាប្រទេសដែលស្រឡាញ់សន្តិភាព សហប្រតិបត្តិការល្អរវាងប្រទេសជិតខាង ប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសជុំវិញពិភពលោក។
- កម្ពុជាគោរពច្បាប់អន្តរជាតិ
- កម្ពុជាចង់មានសហប្រតិបត្តិការល្អជាអន្តរជាតិ និងសកល
- កម្ពុជាចង់មានអ្នកជិតខាងល្អ
- កម្ពុជាស្រឡាញ់សន្តិភាព។
Comments
Post a Comment