នៅពេលដែលគេនិយាយអំពីវាលខ្សាច់ គេប្រហែលជាគិតដល់វាលលំហធំៗ ឬតំបន់វាលរហោដ្ឋាន ដែលជាទី តាំងភូមិសាស្ត្រ គ្មានភ្លៀងធ្លាក់ ឬភ្លៀងធ្លាក់តិចតួចបំផុត ហើយស្ទើរតែគ្មានរុក្ខជាតិដុះលូតលាស់ និងមិនអាចធ្វើ កសិកម្មបានឡើយ ហើយមានអាកាសធាតុក្ដៅហួតហែង លាតសណ្ធឹងលើផ្ទៃដីទ្វីបរាប់លានគីឡូមែត្រការ៉េ ដូចជាវាលខ្សាច់សាហារ៉ា (Sahara Desert) នៅក្នុងទ្វីបអាហ្រ្វិកជាមិនខាន។ តាមពិតទៅ វាលខ្សាច់មាននៅ គ្រប់ទ្វីបទាំងអស់របស់ពិភពលោក ហើយមានលក្ខណៈប្រហាក់ប្រហែលគ្នាឆ្ទើរតែទាំងអស់ លើកលែងតែវាល ខ្សាច់នេះមួយប៉ុណ្នោះ ដែលជាវាលខ្សាច់ខុសពីវាលខ្សាច់ផ្សេងៗនៅក្នុងពិភពលោក។ ទីនេះមានឈ្មោះជាវាល ខ្សាច់មែន ប៉ុន្តែបែរជាមានទឹកច្រើនជាងខ្សាច់ទៅវិញ ហើយមិនតែប៉ុណ្នោះ មនុស្សអាចហែលទឹកលេងបាន ផងដែរ។
វាលខ្សាច់នេះមានឈ្មោះថា វាលខ្សាច់ Thousand Lakes Desert មានទីតាំងនៅភាគខាងជើងប្រទេស ប្រេស៊ីល។ នៅលើវាលខ្សាច់នេះ មានភ្លៀងធ្លាក់ជារៀងរាល់ឆ្នាំក្នុងរដូវវស្សា ជាហេតុធ្វើឲ្យទឹកដក់បង្កើតបាន ជាបឹងតូចៗជាច្រើន។ នេះជាមូលហេតុ ដែលធ្វើឲ្យវាលខ្សាច់នេះត្រូវបានគេទទួលស្គាល់ថា ជាវាលខ្សាច់ដែល មានសំណើមបំផុតនៅលើពិភពលោក។ ភ្ញៀវទេសចរជាច្រើននាំគ្នាមកលេង នៅវាលខ្សាច់ Thousand Lakes Desert ជាប្រចាំ ដែលនេះជាកក្តាមួយបានធ្វើឲ្យ វាលខ្សាច់ Thousand Lakes Desert បានក្លាយទៅជាសួនទឹក កំសាន្តដ៏ធំមួយរបស់ពួកគេផងដែរ។ បឹងនិមួយៗមានពណ៌ផ្សេងៗគ្នា ដោយសារការបំបែកពណ៌របស់ខ្សាច់ និងទឹក។ បឹងនិមួយៗមានទឹកថ្លាឈ្វេង ដែលអាចមើលឃើញដល់បាតដី និងពួកមច្ឆាជាតិផ្សេងៗផងដែរ។
ដោយសារធម្មជាតិស្រស់ស្អាតបែបនេះហើយ ទើបប្រេស៊ីលតែងតែរៀបចំការប្រណាំងទូកនៅទីនេះជារៀងរាល់ឆ្នាំ។ បើសិនជាលោកអ្នកមើលមួយភ្លែត លោកអ្នកអាចច្រឡំថា ទីនេះមិនសាកសមជាវាលខ្សាច់ទាល់តែសោះ។ ទីនេះហាក់ដូចជាឆ្នេរសមុទ្រច្រើនជាង។ ទេសភាពស្រស់ស្អាត ឆ្នេរខ្សាច់ពណ៌ស ទេសភាពពេលថ្ងៃលិច បានធ្វើឲ្យអ្នករស់នៅទីនេះហាក់ដូចជាបានរស់នៅក្នុងកន្លែងវេទមន្ត និងភពកម្រមួយនៅក្នុងពិភពលោក។
ជាទូទៅ វាលខ្សាច់ Thousand Lakes Desert ស្រស់ស្អាតបំផុត គឺនៅក្នុងខែកក្កដា គឺបន្ទាប់ពីបញ្ចប់រដូវវស្សា តែម្តង។ បន្ទាប់មកតំបន់នេះបានប្រែក្លាយជាវាលរហោដ្ឋាន ហើយបឹងនិមួយៗចាប់ផ្តើមរីងហួតហែង ដោយសារ កំដៅនៃតំបន់អេក្វាទ័រ និងគ្មានភ្លៀងធ្លាក់ដូចជារដូវវស្សាទៀតឡើយ។

Comments
Post a Comment