ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ការលូតលាស់នៃប្រព័ន្ធសេដ្ឋកិច្ច និងការកើនឡើងនៃចំនួនយានយន្តបាននាំឲ្យសកម្មភាព ចរាចរណ៍កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។ ទោះបីជាការវិវត្តន៍នេះមានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍប្រទេស ក៏ដោយ ការកើនឡើងនៃចរាចរណ៍ ក៏បាននាំមកជាមួយនឹងបញ្ហាធ្ងន់ធ្ងរ មួយនោះគឺ គ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍កំពុងបានក្លាយជាបញ្ហាសង្គមធំមួយ ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ បង្កការខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ស្ថិរភាពគ្រួសារ និងសង្គម។ តាមរយៈស្ថិតិរបស់អាជ្ញាធរមានសមត្ថកិច្ចបានបង្ហាញថា ជាប្រចាំឆ្នាំកម្ពុជាមានអ្នកស្លាប់ជាង ១ពាន់នាក់ និងរបួសរាប់ពាន់នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះជាស្ថានភាពគួរឱ្យព្រួយបារម្ភ ដែលត្រូវការដំណោះស្រាយប្រកបដោយការទទួលខុសត្រូវរួមពីសាធារណជន និងអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាល។
I. កត្តាបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃកត្តាជាច្រើនបញ្ចូលគ្នា។ យើងសូមធ្វើការបែងចែកជាកត្តាសំខាន់ៗដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដូចខាងក្រោម៖
១. កត្តាមនុស្ស (Human Factor)
- កត្តាមនុស្សជាមូលហេតុចម្បងបំផុតនៃគ្រោះថ្នាក់។ ជាឧទាហរណ៍៖
- បើកបរលើសល្បឿនកំណត់
- មិនគោរពសញ្ញាចរាចរណ៍
- បើកបរបន្ទាប់ពីផឹកសារធាតុអាល់កុល
- ប្រើទូរស័ព្ទនៅពេលបើកបរ
- មិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវាត់សុវត្ថិភាព
- ការខ្វះចំណេះដឹងអំពីច្បាប់ចរាចរណ៍ និងអាកប្បកិរិយាមិនទទួលខុសត្រូវក្នុងចរាចរណ៍ជាហេតុបណ្តាលសំខាន់មួយទៀត។
២. កត្តាឧបករណ៍ និងយានយន្ត
យានយន្តមិនមានស្ថានភាពល្អ ឬខ្វះការថែទាំជាប្រចាំ ក៏អាចបង្កគ្រោះថ្នាក់បានដូចគ្នា។ ឧទាហរណ៍៖ ហ្វ្រាំងមិនដំណើរការ, កង់ខូច, ភ្លើងមិនដំណើរការជាដើម។ល។ នៅពេលយានយន្តមិនមានសុវត្ថិភាព វាបង្កើនហានិភ័យសម្រាប់អ្នកបើកបរ និងអ្នកដំណើរផ្សេងទៀត។
៣. កត្តាផ្លូវ និងបរិស្ថានជុំវិញ
- ផ្លូវខូច ផ្លូវគ្រហុក ខ្វះសញ្ញាចរាចរណ៍ ឬពន្លឺសំរាប់បំភ្លឺពេលយប់
- ផ្លូវមិនសូវល្អជាពិសេសនៅតំបន់ជនបទ។
- ផ្លូវកោងខ្លាំង ផ្លូវឡើងចុះ ឬផ្លូវរអិល។
- ភ្លៀងធ្លាក់ ឬចុះអព្ទ ឬអាកាសធាតុអាក្រក់ក៏អាចបង្កើនហានិភ័យផងដែរ។
- ដើមឈើដែលដុះអមផ្លូវ ពេលខ្លះអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដូចជាបាក់មែក ឬរលំជាដើម។
៤. កត្តាផ្សេងទៀត
- ការគ្រប់គ្រងចរាចរណ៍មិនមានប្រសិទ្ធភាព ឬការអនុវត្តច្បាប់មិនតឹងរឹង ព្រមទាំងភាពមិនប្រកបដោយវិន័យរបស់អ្នកបើកបរ ក៏ជាមូលហេតុមួយដែរ។
- អំពើពុករលួយក្នុងផ្នែកចរាចរណ៍ (មន្រ្តីអនុវត្តច្បាប់ និងអ្នកបង្ក)។
II. ផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍
- គ្រោះថ្នាក់ចរាចរណ៍បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងចិត្តវិទ្យា៖
- បាត់បង់អាយុជីវិត និងសុខភាព៖ ជាចម្បងគឺការស្លាប់ ឬរបួសធ្ងន់ធ្ងរ ដែលអាចនាំឲ្យពិការភាពជារៀងរហូត។
- បាត់បង់ទ្រព្យសម្បត្តិ៖ យានយន្តខូចខាត ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប៉ះពាល់ដល់អចលនទ្រព្យនិងទ្រព្យសម្បត្តិជាច្រើន។
- ផលប៉ះពាល់សង្គម៖ បាត់បង់ធនធានមនុស្ស គ្រួសារខូចខាត បាត់បង់អ្នកចិញ្ចឹម អ្នករៀនសូត្រត្រូវបោះបង់ការសិក្សាចោល។
- ផលប៉ះពាល់សេដ្ឋកិច្ចជាតិ៖ តាមការវាយតម្លៃ គ្រោះថ្នាក់ចរាចរណ៍អាចបណ្តាលឲ្យប្រទេសបាត់បង់ផលចំណូលសរុបប្រហែល ២ ទៅ៣ ភាគរយនៃ GDP ក្នុងមួយឆ្នាំៗ។
III. ដំណោះស្រាយនិងវិធានការការពារ
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាចអនុវត្តន៍វិធានការសំខាន់ៗដូចខាងក្រោម៖
១. ការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍
ត្រូវធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់តាមវិទ្យុ ទូរទស្សន៍ បណ្ដាញសង្គម និងសាលារៀន ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាពចរាចរណ៍។
២. ការអនុវត្តច្បាប់ឲ្យបានតឹងរឹង និងខ្ជាប់ខ្ជួន
អាជ្ញាធរគួរតែពង្រឹងការត្រួតពិនិត្យ និងផាកពិន័យអ្នកបំពានច្បាប់ ដោយមានភាពយុត្តិធម៌។ ពិសេសត្រូវត្រួតពិនិត្យអ្នកបើកបរដែលផឹកស្រា និងអ្នកមិនពាក់មួកសុវត្ថិភាព បើកបរល្មើសល្បឿនជាដើម។
៣. កែលម្អគ្រឿងសំណង់ផ្លូវ និងសញ្ញាចរាចរណ៍
ត្រូវកែលម្អគ្រឿងសំណង់ផ្លូវឲ្យមានគុណភាពល្អ ដាក់សញ្ញាចរាចរណ៍ច្បាស់លាស់ និងគ្រប់គ្រាន់ បង្កើតភ្លើងសញ្ញាត្រួតពិនិត្យនៅចំណតធំៗ និងផ្លូវពន្លឺសម្រាប់ពេលយប់។
៤. ការចូលរួមពីសាធារណជន
ប្រជាពលរដ្ឋគ្រប់រូបត្រូវមានការទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ព្យាយាមជួយជូនដំណឹង និងអនុវត្តវិន័យចរាចរណ៍ជាប្រចាំ។
៥. ការចូលរួមពីស្ថាប័នអន្តរជាតិ និងអង្គការសង្គម
អង្គការសង្គម និងអង្គការអន្តរជាតិត្រូវបន្តគាំទ្រកម្មវិធីសុវត្ថិភាពចរាចរណ៍ តាមរយៈការបណ្តុះបណ្តាល និងផ្ដល់ឧបករណ៍សុវត្ថិភាព។
៦. កាតព្វកិច្ចរាជរដ្ឋាភិបាល
រាជរដ្ឋាភិបាលត្រូវអនុវត្ត ពិនិត្យតាមដាន ពង្រឹង និងកែលម្អជាប់ជាប្រចាំ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពចរាចរណ៍។
IV. សេចក្តីសន្និដ្ឋាន
ជាសេចក្តីសន្និដ្ឋាន គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានសភាពជាបញ្ហាសង្គមធំមួយ ដែលមិនអាចមើលរំលងបានទេ។ ដើម្បីកាត់បន្ថយវា តម្រូវឲ្យមានការចូលរួមជាសហការរបស់រាជរដ្ឋាភិបាល អាជ្ញាធរ សាលារៀន យុវជន និងប្រជាពលរដ្ឋទាំងមូល។
បើមនុស្សគ្រប់រូបមានចិត្តគំនិតទទួលខុសត្រូវខ្ពស់ បើកបរយ៉ាងប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ នោះយើងអាចកាត់បន្ថយការបាត់បង់អាយុជីវិត ធនធានសង្គម ទ្រព្យសម្បត្តិ និងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាសង្គមមានសុវត្ថិភាពជាងមុន។៕
Comments
Post a Comment