រៀងរាល់ឆ្នាំ នៅពេលរដូវប្រមូលផលស្រូវមកដល់ម្តងៗ គឺពេលដែលកសិកររំពឹងថា ពួកគេនឹងទទួលបានផលល្អ សម្រាប់ជីវភាពគ្រួសារ និងក្តីសង្ឃឹមថ្មី។ ប៉ុន្តែការរំពឹងនោះ តែងតែបំប្លែងទៅជាក្តីបារម្ភទៅវិញ។ ស្រូវថោកជារៀង រាល់ឆ្នាំ កសិករខាត ប៉ុន្តែថ្លៃជី ថ្លៃប្រេង និងថ្លៃជួលម៉ាស៊ីនវិញកើនឡើងរាល់ថ្ងៃ។
វាលស្រូវដែលធ្លាប់ជាសញ្ញានៃសេចក្ដីសុខ ឥឡូវនេះក្លាយជាវាលនៃក្តីសោកសៅ និងភាពអស់សង្ឃឹម។ នៅតាមភូមិ ជនបទជាច្រើន យើងឮសម្លេងកសិករត្អូញត្អែរ។ ពួកគេថា ស្រូវឆ្នាំនេះថោកជាងឆ្នាំមុនទៀត។ ស្រូវស្អិត ឬស្រូវបាយ ទន់តម្លៃត្រឹមប្រមាណ ៧០០ រៀលក្នុងមួយគីឡូក្រាម ខណៈស្រូវសាមញ្ញខ្លះ មានតម្លៃត្រឹមតែ ៥០០ ឬ ៦០០ រៀល ប៉ុណ្ណោះ។ ក្នុងពេលដែលថ្លៃជី ថ្លៃប្រេងម៉ាស៊ីន និងថ្លៃជួលក្រុមការងារកាន់តែខ្ពស់។ កសិករជាច្រើននិយាយថា “ចំណេញគ្មានទេ មានតែខាត។ ធ្វើស្រូវពីព្រឹកដល់ល្ងាច ក្តៅក៏ធ្វើ ភ្លៀងក៏ធ្វើ មើលថែទាំរាប់ខែ តែចុងក្រោយបាន តែសូន្យ...” យើងតែងតែឮសម្លេងបែបនេះក្លាយជារឿងធម្មតានៅជនបទ ពិតជាគួរឲ្យសង្វេកអាណិតកសិករណាស់ 😭😭😭😭។
១. ហើយថាតើអ្វីទៅជាក្តីបំណង និងក្តីសង្ឃឹមរបស់កសិករ?
ចម្លើយនោះគឺ កសិករមិនមែនធ្វើស្រូវ ដើម្បីបំពេញតែចិត្តរបស់ខ្លួនទេ។ ពួកគេធ្វើស្រូវ ដើម្បីចិញ្ចឹមគ្រួសារ បញ្ចូនកូនទៅសាលា ដើម្បីរកប្រាក់សម្រាប់ថ្នាំពេទ្យ និងដើម្បីរក្សាជីវិតជាអ្នកកសិករដែលមានកិត្តិយស។ ក្តីបំណងរបស់ពួកគេ គឺសាមញ្ញ ណាស់ គឺគ្រាន់តែចង់ឲ្យស្រូវដែលខ្លួនខំធ្វើ មានតម្លៃសមរម្យបន្តិច ឲ្យគ្រប់ថ្លៃដើម ហើយនៅសល់ចំណេញតិចតួច សម្រាប់ជីវភាពសមរម្យមួយប៉ុណ្ណោះ។ “យើងមិនចង់បានចំណេញច្រើនទេ តែសូមឲ្យកុំខាត។ បើស្រូវថោកអ៊ីចឹង រាល់ឆ្នាំ មិនដឹងថាគួរ ឬអាចបន្តទៀតបានទេឬទេ...”
២. សំណួរសួរថា៖ តើអ្វីខ្លះទៅដែលចេះតែធ្វើឲ្យតម្លៃស្រូវមានបញ្ហារាល់ៗឆ្នាំបែបនេះ?
ចម្លើយៈ មូលហេតុនៃស្រូវ ថោកជារៀងរាល់ឆ្នាំ ការធ្លាក់តម្លៃស្រូវជារៀងរាល់ឆ្នាំ មិនមែនជារឿងថ្មីទេ។ វាមានមកយូរហើយៗ ហេតុផលសំ ខាន់ៗ រួមមាន៖
- ការផលិតលើសតម្រូវការ៖ ប្រទេសកម្ពុជាផលិតស្រូវច្រើនជាងអ្វីដែលទីផ្សារផ្ទៃក្នុងអាចទទួលបាន។
- អំណាចទីផ្សារគ្មានសមភាព៖ កសិករមិនអាចកំណត់តម្លៃដោយខ្លួនឯងទេ ត្រូវពឹងផ្អែកលើអ្នកជួញដូរ ឬឈ្មួញ។
- កង្វះឧបករណ៍ស្តុក និងរោងស្រូវស្តង់ដារ៖ មិនអាចរក្សាស្រូវឲ្យបានយូរ ឬបម្លែងជាផលិតផលមានតម្លៃ បន្ថែមបាន។
- បញ្ហានាំចេញ៖ ការនាំស្រូវ ឬអង្ករទៅបរទេសជួបឧបសគ្គផ្លូវការ និងការដឹកជញ្ជូន។ មិនមានទីផ្សារបរទេស គ្រប់គ្រាន់សម្រាប់បញ្ចេញស្រូវដែលលើសតម្រូវការក្នុងស្រុក។
- បរិស្ថានអាកាសធាតុប្រែប្រួល៖ ទឹកជំនន់ ឬអត់ភ្លៀង ធ្វើឲ្យផលមិនថេរ ហើយតម្លៃងាយរំខាន។
តើស្ថាប័នរដ្ឋណាខ្លះដែលពាក់ព័ន្ធ និងត្រូវទទួលខុសត្រូវចំពោះបញ្ហាវិបត្តិតម្លៃស្រូវចុះថោកខ្លាំងរបស់កសិករ? បញ្ហាស្រូវចុះថោកខ្លាំងនៅប្រទេសកម្ពុជា គឺជាបញ្ហាសំខាន់មួយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព របស់កសិករ។ ដូច្នេះ ក្រសួង និងស្ថាប័នជាច្រើនមានភារកិច្ច និងតួនាទីក្នុងការទទួលខុសត្រូវ និងស្វែងរកដំណោះ ស្រាយ។ ស្ថាប័នទាំងនោះរួមមាន៖
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ជាស្ថាប័នស្នូលក្នុងការគ្រប់គ្រងវិស័យកសិកម្ម។ ក្រសួងនេះ មានតួនាទីក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដាំដុះស្រូវ ធ្វើការស្រាវជ្រាវអំពីពូជថ្មីៗដែលមានផលច្រើន និងគុណ ភាពខ្ពស់ ដើម្បីឲ្យអាចប្រកួតប្រជែងបានលើទីផ្សារ ក៏ដូចជាការជួយសហការជាមួយក្រុមហ៊ុនទិញស្រូវ និងរោងស្រូវក្នុងការធានាទីផ្សារស្ថិរភាព។
- ក្រសួងពាណិជ្ជកម្ម៖ មានតួនាទីសំខាន់ក្នុងការរកទីផ្សារក្នុង និងក្រៅប្រទេសសម្រាប់ស្រូវ និងអង្ករ។ ក្រសួងនេះត្រូវចូលរួមជាមួយឯកជនក្នុងការបង្កើតប្រព័ន្ធទិញស្រូវតាមតម្លៃសមរម្យ និងជំរុញការនាំចេញ អង្ករ។ ក៏ដូចជាផ្តល់ព័ត៌មានទីផ្សារឲ្យកសិករទាន់ពេលវេលា ដើម្បីព្យាយាមជៀសវាងការលក់តាមតម្លៃ ទាបពេក។
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ក្រសួងនេះអាចជួយតាមរយៈគោលនយោបាយហិរញ្ញវត្ថុ ដូចជាការផ្តល់ ថវិកាជួយសង្រ្គោះស្រូវ ឬផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបដល់កសិករ និងរោងស្រូវ។ ហើយក៏អាចធ្វើ ការជាមួយធនាគារជាតិ ដើម្បីបង្កើនថវិកាស្តុកស្រូវក្នុងរដូវចុះថោក។
- ធនាគារជាតិនៃកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុ៖ មានតួនាទីក្នុងការជួយផ្តល់ឥណទាន ឬកម្ចីបន្ថែម ដល់កសិករ ឬក្រុមសហគមន៍កសិកម្ម ដើម្បីអាចរក្សាស្រូវរបស់ខ្លួនរហូតដល់តម្លៃល្អឡើងវិញ។
- អាជ្ញាធរជាតិដើម្បីអង្ករ និងការនាំចេញ (សហភាពអ្នកផលិតនិងនាំចេញអង្ករ) ៖ មានតួនាទីសម្របសម្រួល រវាងកសិករ រោងស្រូវ និងអ្នកនាំចេញ ដើម្បីរកដំណោះស្រាយរួម និងធានាថាតម្លៃអង្ករមិនធ្លាក់ចុះ ខ្លាំងពេក។
បញ្ហាស្រូវចុះថោកមិនមែនជាការទទួលខុសត្រូវរបស់ក្រសួងតែមួយទេ ប៉ុន្តែជាការងាររួមរបស់រដ្ឋាភិបាលទាំងមូល តាមរយៈក្រសួងជាច្រើន ដែលត្រូវសហការគ្នា ដើម្បីអភិវឌ្ឍប្រព័ន្ធផលិត បង្កើនតម្លៃបន្ថែមនៃស្រូវ និងបង្កើនទីផ្សារ ក្នុងស្រុកនិងអន្តរជាតិ។ តាមពិត ប្រសិនបើស្ថាប័នទាំងនេះធ្វើការសហការយ៉ាងជាប់ស្និទ្ធ យើងអាចជួយឲ្យកសិកររកបានប្រាក់ចំណេញ សមរម្យ និងរក្សាស្ថិរភាពសេដ្ឋកិច្ចជនបទបានយ៉ាងល្អ។
ដំណោះស្រាយ និងវិធានការរបស់រាជរដ្ឋាភិបាល៖
ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាច្រើន ដើម្បីជួយកសិករនៅពេលតម្លៃ ស្រូវធ្លាក់៖
- បង្កើតមូលនិធិទិញស្រូវបម្រុង ដើម្បីទិញស្រូវពីកសិករ តាមតម្លៃសមរម្យ។
- បង្កើតទីផ្សារនាំចេញថ្មីៗ ជាមួយប្រទេសជិតខាង ដើម្បីបង្កើនតម្រូវការស្រូវកម្ពុជា។
- ផ្តល់ឥណទានស្រាល និងឧបត្ថម្ភឲ្យសហគមន៍កសិករ អាចទិញម៉ាស៊ីនស្តុកស្រូវ ឬបម្លែងស្រូវទៅជាផលិត ផលមានតម្លៃបន្ថែម។
- លើកកម្ពស់បច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនគុណភាពផលិតផល។
- ប៉ុន្តែជាការពិត វិធានការទាំងនេះត្រូវការការអនុវត្តឲ្យបានជាប់ទៀងទាត់ និងមានប្រសិទ្ធភាពពិតប្រាកដ។
តើរាជរដ្ឋាភិបាលត្រូវមានគោលនយោបាយពិសេសអ្វីទៀតដែរឬទេ?
ពិតណាស់ រាជរដ្ឋាភិបាលគួរតែមានគោលនយោបាយពិសេសនេះដើម្បីជួយកសិករ និងរក្សាលំនឹងស្ថេរភាព សេដ្ឋកិច្ចស្រូវ-អង្ករនោះគឺ គោលនយោបាយថវិការបម្រុងខាត ការពារកសិករពីការខាតជារៀងរាល់ឆ្នាំ៖ ដើម្បីធានាថា កសិករមិនចេះ តែខាតជារៀងរាល់ឆ្នាំ រដ្ឋត្រូវតែមាន គោលនយោបាយថវិការបម្រុងខាត។
ឧទាហរណ៍៖ បើកសិករអាចលក់ស្រូវបានតម្លៃចន្លោះពី ៩០០ រៀលទៅ ១,០០០ រៀលក្នុងមួយគីឡូក្រាម ឬលើស នេះ កសិករអាចរួចថ្លៃដើម ហើយនៅសល់ចំណេញបន្តិចទៀត។ ប៉ុន្តែបើតម្លៃស្រូវធ្លាក់ដល់ត្រឹម ៥០០ ឬ ៦០០ ឬ ៧០០ រៀល ដូចនៅរាល់ឆ្នាំនេះវិញ វាជារឿងពិបាកទទួលយកណាស់ ព្រោះកសិករខាតច្រើន មិនអាចសងបំណុល ឬរកស៊ីបន្តបានទេ។ ដូច្នេះ គោលនយោបាយថវិការបម្រុងខាត អាចជួយសង្គ្រោះកសិករ ដោយឲ្យរដ្ឋចូលទិញស្រូវ តាមតម្លៃសមរម្យ នៅពេលទីផ្សារធ្លាក់។ វាជាវិធីធានាថា កសិករមិនខាតថ្លៃដើម ហើយនៅសល់ចំណេញបន្តិច សម្រាប់រក្សាជីវភាព។នេះមិនមែនជាការចំណាយទទេររបស់រដ្ឋទេ ប៉ុន្តែជាការវិនិយោគដ៏មានតម្លៃលើជីវិតប្រជាពល រដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិ។
សេចក្តីសន្និដ្ឋាន៖ ក្តីសង្ឃឹមមួយនៅក្នុងវាលស្រូវ វាលស្រែ
ទោះបីជាវិបត្តិស្រូវថោកកើតឡើងរាល់ឆ្នាំ កសិករខ្មែរនៅតែមានកម្លាំងចិត្តដោយពួកគេមិនមានជម្រើស ពួកគេនៅ តែធ្វើស្រូវ ដោយសង្ឃឹមថា ថ្ងៃមួយវាលស្រូវនឹងមានតម្លៃល្អឡើងវិញ ប្រសិនបើរដ្ឋ និងសង្គមរួមគ្នាជួយជាថ្មី។ ស្រូវ អាចថោក ប៉ុន្តែកសិករមិនគួរថោកចិត្ត ហើយបាក់ទឹកចិត្ត និងអស់សង្ឃឹមទេ។ ប្រសិនបើយើងជួយគ្នា យើងអាចធ្វើឲ្យវិបត្តិនេះក្លាយជាឱកាស ដើម្បីធ្វើឲ្យវិស័យកសិកម្មកម្ពុជាមានស្ថិរភាព និងមានអនាគតច្បាស់លាស់ ជាងមុន។
“សង្ឃឹមឆ្នាំក្រោយ ប្រសើរជាងនេះ…”។៕
បើលោកអ្នកយល់ថាអត្ថបទនេះល្អ សូមជួយចែករំលែកបន្ត!!!
Comments
Post a Comment