ជាតិនិយម (Nationalism) មានន័យថា ជាការចូលចិត្ត ការស្រឡាញ់ និងមានមនោសញ្ចេតនាចំពោះជាតិរបស់ខ្លួន។ វាជាអារម្មណ៍ ឬទស្សនៈនយោបាយសង្គម ដែលជំរុញឱ្យប្រជាពលរដ្ឋមានក្តីស្រឡាញ់ មោទនភាព និងស្មារតីការពារជាតិ ហើយសម្រេចចិត្តធ្វើអ្វីៗដើម្បីថែរក្សា និងអភិវឌ្ឍជាតិឱ្យរឹងមាំ។ ជាតិនិយមអាចមានទម្រង់ ឬសញ្ញាណសំខាន់ៗដូចជា ៖
- ជាតិនិយមវប្បធម៌ – គឺជាការស្រឡាញ់ និងថែរក្សាភាសា វប្បធម៌ ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ។
- ជាតិនិយមនយោបាយ – គឺជាការបន្តរក្សាសិទ្ធិអធិបតេយ្យភាព ឯករាជ្យភាព និងអំណាចរបស់ប្រទេស។
- ជាតិនិយមសេដ្ឋកិច្ច – គឺជាការលើកកម្ពស់ផលិតផលជាតិ ការគាំទ្រទំនិញក្នុងស្រុក និងការអភិវឌ្ឍឯករាជ្យសេដ្ឋកិច្ចរបស់ជាតិ។
ជាតិនិយមគឺជាបញ្ហាដ៏សំខាន់ ហើយប្រទេសមួយមានជាតិនិយមខ្លាំង ឬខ្សោយ វាពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត សង្គម នយោបាយ រួមនឹងឆន្ទៈពលរដ្ឋ និងមេដឹកនាំ។ ការដែលជាតិនិយម (Nationalism) នៅកម្ពុជាត្រូវបានចាត់ទុកថា "ខ្សោយ" មានហេតុផលជាច្រើនដូចខាងក្រោម៖
១. ប្រវត្តិសាស្រ្ត និងសង្រ្គាម
កាលពីសម័យអង្គរ កម្ពុជាមានអំណាចធំ។ ប៉ុន្តែបន្ទាប់មកត្រូវបាត់បង់ទឹកដី និងឥទ្ធិពលយ៉ាងខ្លាំង។ ការបាត់បង់នេះធ្វើឲ្យជាតិមានទឹកចិត្តខ្សោយ និងខ្លាចអំណាចប្រទេសជិតខាង។ កម្ពុជាត្រូវបានដាក់ទៅក្រោមអាណានិគមបារាំងជាង ៩០ ឆ្នាំ។ ក្នុងអំឡុងពេលនោះ សិទ្ធិ និងសំឡេងជាតិគ្មានឥទ្ធិពល។ បន្ទាប់មក កម្ពុជាបានជួបប្រទះសង្រ្គាមស៊ីវិល ការលុកលុយរបស់ជាតិជិតខាង និងកាន់តែអាក្រក់នោះប្រទេសជាតិបានធ្លាក់ចូលក្នុងរបបខ្មែរក្រហម ហើយរួចពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនោះមក កម្ពុជាត្រូវអូសបន្លាយដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃរាប់ទសវត្សរ៍ថែមទៀត។ ទាំងនេះបានបំបែកសាមគ្គីភាពជាតិ និងបំផ្លាញទំនុកចិត្តចំពោះស្មារតីអត្តសញ្ញាណជាតិ។
២. ឥទ្ធិពលសង្គម និងវប្បធម៌
កម្ពុជាតែងតែស្ថិតក្នុងចំណោមប្រទេសអំណាចធំៗជិតខាង (ថៃ វៀតណាម) ដែលជាញឹកញាប់មានឥទ្ធិពលជាងខ្មែរ។ បុព្វបុរសខ្មែរតែងតែត្រូវប្រើយុទ្ធសាស្ត្រនយោបាយ "រស់តាមរបៀបរណប" ដើម្បីរក្សាជាតិ។ វាបង្កើតជាភាពកម្សោយ និងបង្អាក់ចិត្ត និងស្មារតីជាតិនិយម។ វប្បធម៌ខ្មែរហាក់តែងតែផ្អែកលើការអត់ធ្មត់ ទស្សនៈកម្មផល និងខ្វះឆន្ទៈស្រឡាញ់ជាតិខ្លួនជាងប្រទេសជិតខាង។សកម្មភាពសង្គមមិនល្អបានពង្វក់ និងទាក់ទាញចិត្តប្រជាជន ពិសេសយុវវ័យ។
៣. ស្ថានភាពនយោបាយបច្ចុប្បន្ន
ការខ្វះប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដ និងការចូលរួមសកម្មរបស់ប្រជាពលរដ្ឋ ធ្វើឲ្យការបង្កើតស្មារតីសាមគ្គីជាតិគ្មានកម្លាំង។ អ្នកមានអំណាចនយោបាយជាច្រើនបានប្រើ គំនិត"ជាតិនិយម" ជាឧបករណ៍សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ខពួក មិនមែនសម្រាប់អត្ថប្រយោជន៍ជាតិទាំងមូលនោះឡើយ។
៤. សេដ្ឋកិច្ចមិនឯករាជ្យពឹងផ្អែកតែបរទេស
កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើជំនួយ និងវិនិយោគបរទេស។ ការពឹងផ្អែកនេះក៏បន្ថយកម្លាំងនៃជាតិនិយមដែរ ព្រោះមិនអាចប្រើឯករាជ្យសេដ្ឋកិច្ចបានពេញលេញ។ ពលរដ្ឋមិនមានទំនុកចិត្តលើផលិតផលជាតិខ្លួន បើធៀបនឹងរបស់ពីខាងក្រៅ។
👉សរុបមក ស្មារតីជាតិនិយមខ្សោយមិនមែនដោយសារប្រជាជនខ្មែរមិនស្រឡាញ់ជាតិនោះទេ ប៉ុន្តែដោយសារប្រវត្តិសាស្រ្តវែងឆ្ងាយ ការបែកបាក់នយោបាយ ភាពមិនឯករាជ្យលើសេដ្ឋកិច្ច និងឥទ្ធិពលនយោបាយប្រទេសនៅក្នុងតំបន់មកលើកម្ពុជា ដែលធ្វើឲ្យការរីកចម្រើននៃជាតិនិយមពិបាក។
ភាគ១ សូមរង់ចាំភាគ២
Comments
Post a Comment