បើលោកអ្នកមិនបានឃើញផ្ទាល់ភ្នែកទេ នោះលោកអ្នកប្រាកដជាមិនជឿទេថា មានភូមិពិសេសបែបនេះនៅក្នុងប្រទេសចិននោះទេ។ ទីនេះជាភូមិដ៏ស្រស់ស្អាត ដែលប្រៀបដូចជាឋានសួគ៌មួយកន្លែង ហើយមានទីតាំងស្ថិតនៅចំកណ្តាលជួរភ្នំព័ទ្ធជុំវិញ។ ទីនេះគឺជាតំបន់ស្វយ័ត Guangxi Duanyao ប្រទេសចិន។
បើយើងមើលពីលើ ឃើញថាភូមិនេះមានរាងដូចភ្នែកមនុស្ស ទើបគេដាក់ឈ្មោះភូមិនេះថា Sky Eye Village ។ ភូមិនេះមានប្រជាជនសរុបប្រហែលជា ១០ គ្រួសារប៉ុន្នោះ ហើយភាគច្រើនពួកគេរស់នៅក្នុងផ្ទះតូចៗ ហើយជុំវិញផ្ទះនិមួយៗមានដីស្រែស្អាតៗ ដែលបង្ហាញពីការរស់នៅជាមួយធម្មជាតិដ៏ស្រស់បំព្រងជារៀងរាល់ថ្ងៃ។
ភូមិ Sky Eye Village ប្រៀបដូចជាអាណាចក្រសម្ងាត់មួយកន្លែង ដែលស្ថិតនៅឆ្ងាយដាច់ស្រយាល តែទីនេះជាទីមានសុវត្ថិភាពបំផុត មានព្រៃឈើ និងភ្នំព័ទ្ធជុំវិញគ្រប់ទិសទីទាំងអស់ គ្មានផ្លូវគមនាគមន៍ គ្មានបណ្ដាញទំនាក់ទំនងសង្គមឡើយ។
ពីមុនការធ្វើដំណើររបស់អ្នកភូមិ គឺអាស្រ័យលើផ្លូវលំតូចមួយដែលស្ថិតនៅលើច្រាំងថ្មចោទដើម្បីចេញចូលទៅទំនាក់ទំនងនឹងពិភពខាងក្រៅ។
ប៉ុន្តែនៅឆ្នាំ ២០២២ ផ្លូវទៅកាន់ភូមិនេះត្រូវបានសាងសង់ដល់ចូលដល់ភូមិតែម្តង ហើយភូមិនេះបានមានបណ្តាញខ្សែកាបអុបទិកបានតភ្ជាប់ចូលទៅក្នុងភូមិតែម្តង ដែលបានធ្វើអោយជីវិតរបស់អ្នកភូមិមានភាពប្រសើរឡើងយ៉ាងខ្លាំង។
ភូមិនេះមិនត្រឹមតែមានទេសភាពដ៏ស្រស់ស្អាត ប៉ុណ្នោះទេ នៅទីនេះក៏មានអាកាសធាតុល្អថែមទៀតផង ដែលសមស្របអ្នកដែលប្រាថ្នាជីវិតសាមញ្ញៗ ស្ងប់ស្ងាត់ និងធម្មជាតិ។ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនដែលបានឃើញភូមិនេះ ពួកគេតែងតែនិយាយថា នេះគឺជាកន្លែងដែលពួកគេតែងតែប្រាថ្នាចង់រស់នៅ។ ចុះលោកអ្នកវិញ ទីកន្លែងបែបណា ជាទីកន្លែងក្នុងក្តីស្រម៉ៃរបស់លោកអ្នក?
Comments
Post a Comment