ប្រជាជនខ្មែរមួយចំនួន ដែលមានវ័យចាប់ពី ៥០ឆ្នាំឡើងវិញ ពួកគាតចាប់ផ្តើមគិតគូរពីរឿងចូលនិវត្តន៍ ឬចាប់ផ្តើមធ្វើបុណ្យកាន់សីល ប៉ុន្តែប្រជាជនជប៉ុនដែលមានវ័យចាប់ពី៧០ ទៅ៩០ឆ្នាំពួកគេនៅតែប្រកបការងារ ឬអាជីពផ្សេងៗជាធម្មតា មិនថាជាតួនាទីអ្វីឡើយ ពួកគេនៅតែអាចធ្វើបាន ដូចជាតៃកុងឡាន ភ្នាក់ងារបម្រើសេវាអតិថិជន អ្នករត់តុ ឬធ្វើសំណង់ឡើយ គឺពួកគេមានភាពសកម្ម និងមមាញឹកជាខ្លាំង។
យោងតាមការស្ទង់មតិ Japanese Labor Agency មនុស្សវ័យចំណាស់ជប៉ុនជាច្រើនបន្តធ្វើការ មិនមែនដោយសារមានបញ្ហាហិរញ្ញវត្ថុទាំងស្រុងនោះទេ ប៉ុន្តែនេះអាចជាទម្លាប់រស់នៅប្រចាំថ្ងៃ ក៏ដូចជាចំណង់ចំណូលចិត្តរបស់ពួកគេផងដែរ។ មិនតែប៉ុណ្នោះ ពួកគាត់ភាគច្រើននិយាយថា ការធ្វើការងារដែលពួកគាត់ស្រឡាញ់ អាចធ្វើឲ្យពួកគាត់មានអារម្មណ៍ល្អ មានសុភមង្គលនៅក្នុងជីវិត មានសុខភាពល្អ ហើយអាចជួយបង្កើនប្រាក់ចំណូលបាន ដែលជាផ្នែកដ៏ធំមួយក្នុងការជួយសង្គមជាតិបានផងដែរ។ មួយវិញទៀត មនុស្សមានវ័យចំណាស់មួយចំនួននៅតែបន្តធ្វើការ ដោយសារពួកគាត់ខ្វះអ្នកសងតំណែង ឬបន្តមុខរបររបស់ពួកគាត់ ដោយសារប្រជាជនជប៉ុន ជាជនជាតិមួយដែលមានទំនួលខុសត្រូវខ្ពស់បំផុតនៅក្នុងការរក្សាមុខរបរដែលជាប្រពៃណី និងទម្លាប់របស់ខ្លួន។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺរដ្ឋាភិបាលជប៉ុន ក៏មានគោលនយោបាយលើកទឹកចិត្តម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្ម ឲ្យបន្តផ្តល់ការងារដល់មនុស្សចាស់ ហើយត្រូវរកតួនាទីដែលសមរម្យ សម្រាប់មនុស្សចាស់ធ្វើ មិនថា ជាការងារក្រៅម៉ោង ឬពេញម៉ោងឡើយ។ ទាំងអស់នេះហើយជាហេតុផល ដែលយើងតែងតែប្រទះឃើញមនុស្សវ័យចំណាស់ជនជាតិជប៉ុននៅតែបន្តធ្វើការងារយ់ាងសកម្មនៅក្នុងអាជីពណាមួយរបស់ពួកគាត់។
Comments
Post a Comment