ប្រទេសទាំងអស់់នៅលើពិភពលោក មានរបបនយោបាយផ្សេងៗពីគ្នា ប្រទេសខ្លះជ្រើសរើសប្រព័ន្ធប្រជាធិបតេយ្យ ប្រទេសខ្លះប្រកាន់របបយោធានិយម ឬ របបផ្តាច់ការ រីឯប្រទេសខ្លះទៀតជ្រើសរើសយក របបកុម្មុយនីស្តនិយម។ សាកស្រមៃដល់សម័យសង្គ្រាមត្រជាក់ ដែលជាសម័យកាលមួយពោរពេញទៅដោយការប្រកួតប្រជែងផ្នែកមនោគមន៍វិជ្ជា រវាងប្លុកសេរី និងប្លុកកុម្មុយនីស្ត ធ្វើឲ្យលោកអ្នកនឹកឃើញដល់សហភាពសូវៀតតែម្តង។ ទោះជាពេលនេះសូវៀតបានរលំរលាយទៅហើយក្តី ក៏មកដល់បច្ចុប្បន្ននេះគេសង្កេតឃើញមានប្រទេសធំៗ ដែលគេចាត់ទុកជាប្រទេសកម្មុយនីស្តមិនពេញលេញ ដោយប្រទេសខ្លះចាប់យកប្រព័ន្ធទីផ្សារសេរី។ តើប្រទេសណាខ្លះនៅលើពិភពលោក ជាប្រទេសកុម្មុយនីស្តមិនពេញលេញនោះ?
៥. ប្រទេសវៀតណាម
ប្រទេសវៀតណាម ក៏ជាប្រទេសកុម្មុយនីស្តមួយ ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយផងដែរ ហើយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រទេសនេះមានផ្ទៃដីសរុប ប្រមាណ ៣៣១ ២១០គីឡូម៉ែត្រការ៉េ។ គួរបញ្ជាក់ថា ប្រទេសវៀតណាម បានប្រែក្លាយជាប្រទេសកុម្មុយនីស្តជាផ្លូវការនៅឆ្នាំ ១៩៧៥ ក្រោយពេលដែលវៀតណាមទាំងពីរ ខាងជើង និងខាងត្បូងរួមរួមគ្នា ក្រោយពេលដែលសង្គ្រាមឥណ្ឌូចិនលើកទី ២បានបញ្ចប់ ដោយការដកកងទ័ពរបស់អាមេរិកចេញពីប្រទេសវៀតណាមខាងត្បូង។ ប្រទេសវៀតណាមនេះក្លាយជាប្រទេសកុម្មុយនីស្តពេញលេញចន្លោះពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨៦។ រហូតមកដល់បច្ចុប្បន្ននេះវៀតណាម នៅបន្តអនុវត្តរបបនយោបាយបែបសង្គមនិយម តែប្រព័ន្ធសេដ្ឋកិច្ច ត្រូវបានធ្វើកំណែទម្រង់មួយឈ្មោះថា DoiMoi ប្តូរ ពីផែនការទៅទីផ្សារសេរីនៅទសវត្សទី៨០នេះ៕
៤. ប្រទេសកូរ៉េខាងជើង
ប្រទេសកូរ៉េខាងជើងមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺជាប្រទេសមួយដែលមានផ្ទៃដីសរុប ១២០ ៥៤០ គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងតំបន់អាស៊ីបូព៌ា។បច្ចុប្បន្ននេះ ប្រទេសនេះត្រូវបានគេចាត់ចូលក្នុងលេខរៀងទី៤ នៃប្រទេសកុម្មុយនីស្តធំៗទាំងប្រាំ ។គួរបញ្ជាក់ថា នៅក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ប្រទេសនេះត្រូវបានកាន់កាប់ដោយកងទ័ពជប៉ុន ហើយរហូតដល់ឆ្នាំ ១៩៤៨ប្រទេសនេះបានប្រែក្លាយជាប្រទេសកុម្មុយនីស្តដែលគាំទ្រដោយចិននិងសហភាពសូវៀត ដែលបានដឹកនាំដោយ លោក គីម អ៊ីលស៊ុង ។
៣. ប្រទេសឡាវ
ប្រទេសឡាវ មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រទេសនេះជាប្រទេសដីគោកស្ថិតនៅតំបន់ អាស៊ីអាគ្នេយ៍ ដែលមានផ្ទៃដី ប្រមាណ ២៣៦ ៨០០គីឡូម៉ែត្រការ៉េ។ គួរបញ្ជាក់ថា ប្រទេសឡាវបានកា្លយជាប្រទេសកុម្មុនីស្តមួយនៅឆ្នាំ ១៩៧៥ ក្រោយពីមានចលនាបដិវត្តផ្តួលរំលំរបបរាជានិយម ដោយក្រុមចលនាកុម្មុនីស្ត ផាថេតឡាវ ដឹកនាំដោយទ្រង់សុផានាវង្ស ដែលគាំទ្រដោយប្រទេសវៀតណាម និងសហភាពសូវៀត។
២. ប្រទេសគុយបា
ប្រទេសគុយបា មានឈ្មោះជាផ្លូវការថា សាធារណៈរដ្ឋ គុយបា ដែលជាប្រទេសដីកោះ ដែលមានទីតាំងស្ថិតនៅតំបន់អាមេរិកខាងជើង។ ប្រទេសនេះមានផ្ទៃដីសរុបប្រមាន ១០៩៨៨៤ គីឡូម៉ែត្រការ៉េ ហើយមានប្រជាជនសរុប ១១ ១១៦ ៣២៥នាក់។ ប្រទេសនេះបានក្លាយជាប្រទេសដែលប្រកាន់យកប្រព័ន្ធនយោបាយកុម្មុនីស្តនៅ ក្នុងឆ្នាំ ១៦៦១ ក្រោយពី មេដឹកនាំបដិវត្ត ហ្វីដែល កាស្ត្រូ បានឡើងកាន់អំណាចក្រោយពី លោកបានផ្តួលរំលំរបបផ្តាច់ការដែលគាំទ្រដោយរដ្ឋការសហរដ្ឋអាមេរិក គឺលោក Fulgencio Batista។មកដល់ពេលនេះ ប្រទេសនេះនៅតែបន្តប្រើប្រាស់ប្រព័ន្ធនយោបាយសង្គមនិយមដែលដឹកនាំដោយប្អូនប្រុសលោក ហ្វីដែល គឺ លោក រ៉ាអ៊ូល កាស្ត្រូ ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៨។
១. សាធារណៈរដ្ឋប្រជាមានិតចិន
ប្រទេសចិនគឺជាប្រទេសកុម្មុយនីស្ត ដែលមានផ្ទៃដីធំបំផុតមួយ និងមានចំនួនប្រជាជនច្រើនលើសគេបំផុតលើពិភពលោកយើងស្ថិតនៅទ្វីបអាស៊ី។ គួរអោយដឹងដែរថា ប្រទេសចិនបានប្រែក្លាយជាប្រទេសសង្គមនិយម នៅក្នុង ថ្ងៃ ទី ១ តុលា ឆ្នាំ ១៩៤៩ ក្រោយពេលដែលលោក ម៉ៅ សេទុង បានកាន់កាប់ប្រទេសចិន និងប្រកាសឈ្មោះប្រទេសជាផ្លូវការថា សាធារណៈរដ្ឋប្រជាមានិតចិន។ តែទោះជាយ៉ាងណាក្តី ប្រទេសនេះនៅរក្សារបបនយោបាយតាមបែបកុម្មុយនីស្តដោយមានបក្សកម្មុយនីស្តតែមួយគ្រប់គ្រងនិងដឹកនាំប្រទេស។ តែរដ្ឋនេះបានធ្វើកំណែរទម្រង់ប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនដោយប្តូរ ពីផែនការ មកជាទីផ្សារសេរីដោយលោក តេង ស៊ាវពីង។
តើរុស្ស៊ីជាប្រទេសកុម្មុយនិស្តទេ?
យោងតាម Website: worldpopulationreview.com បានបកស្រាយថា បើតាមន័យបច្ចេកទេស រុស្ស៊ីគឺជាសហព័ន្ធ ដែលមានទម្រង់ជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម ដែលមានប្រធានាធិបតីជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល។ សហព័ន្ធរុស្ស៊ីមានទម្រង់មូលដ្ឋានជាប្រជាធិបតេយ្យតំណាងពហុបក្សដោយរដ្ឋាភិបាលសហព័ន្ធមានអំណាចចែកជាបីស្ថាប័នគឺ៖
- ស្ថាប័ននីតិប្បញ្ញត្តិ
- ស្ថាប័ននីតិប្រតិបត្តិ
- ស្ថាប័នយុត្តិធម៌
សូមបញ្ជាក់ថា សហព័ន្ធរុស្ស៊ី គឺជាប្រទេសមួយដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ី ប្រទេសដែល មានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោក និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ ហើយលាតត្រដាងឆ្លងកាត់ល្វែងម៉ោងចំនួន ១១ និងមានព្រំដែនជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦។ វាជាប្រទេសដែល មានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោក និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ ហើយក៏ត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអឺរ៉ុបផងដែរ។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈឯទីក្រុងសង់ពីទ័របួរគឺជាទីក្រុងធំបន្ទាប់ទីពីរ។
Comments
Post a Comment