នេះគឺជាទីក្រុងមួយ ដែលទទួលបានរហស្សនាមថា ជារាជិនីសមុទ្រអាឌ្រីយ៉ាទិក (Queen of the Adriatic) ឬជាបុរីគង្គា (City of Water) ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាយ៉ាងច្រើនកុះករជារៀងរាល់ឆ្នាំ។
ទីក្រុងដែលយើងកំពុងនិយាយនេះ គឺជាទីក្រុងវេនិស។ ទីក្រុងវេនិស គឺជារដ្ឋធានីនៃអតីតសាធារណរដ្ឋវេនិស ឬហៅតាមភាសាអ៉ីតាលីថា សាធារណរដ្ឋវេណេហ្សា (Repubblica di Venezia) ដែលបានកកើតឡើងនៅឆ្នាំ៤២១នៃគសមកម្ល៉េះ។ ប្រសិនបើលោកអ្នកស្គាល់តារាវិទូ កាលីឡេអូ កាលីឡេ នោះលោកអ្នកប្រាកដជាស្គាល់ឈ្មោះសាធារណរដ្ឋវេនិស (Republic of Venice) ជាក់ជាមិនខាន ព្រោះទីនេះជាស្រុកកំណើតរបស់លោកផ្ទាល់។ បច្ចុប្បន្នប្រទេសមួយនេះបានរលុបចេញពីផែនទីពិភពលោកបាត់ទៅហើយ បន្ទាប់ពីទឹកដីមួយចំណែកធំរបស់សាធារណរដ្ឋវេណេហ្សាធ្លាក់មកក្នុងកណ្ដាប់ដៃព្រះរាជាណាចក្រអ៉ីតាលី (Kingdom of Italy) កាលពីឆ្នាំ ១៨៦៦នៃគ្រិស្ដសករាជ ដោយបានបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យជាច្រើនរហូតដល់ពេលបច្ចុប្បន្ន នោះគឺទីក្រុងវេនិស (Venice) ដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសអ៉ីតាលីផ្ទាល់តែម្តង។
ទីក្រុងដ៏ចម្លែកនេះមានសណ្ឋានជាបណ្ដុំកោះតូចៗជាច្រើន តភ្ជាប់គ្នាគួរជាទីគយគន់ក្នុងបរិវេណច្រាំងភាគពាយព្យនៃសមុទ្រអាឌ្រីយ៉ាទិក (Adriatic)។ ទីក្រុងវេនិសទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងចំពោះមនុស្សម្នាលើសកលលោក ដែលជាទីក្រុងកំពង់ផែបុរាណដ៏សំខាន់បំផុតមួយ មានស្ទឹង ប្រឡាយ ព្រែកយ៉ាងច្រើនខ្វាត់ខ្វែង ចំណែកឯអគារបែបបុរាណខ្ពស់ៗក៏ត្រូវបានសាងសង់ឡើងនៅជាប់នឹងទឹកស្ទឹងទាំងនោះផងដែរ។
ដោយសារផ្ទះសម្បែងភាគច្រើនស្ថិតនៅតាមមាត់ស្ទឹង ទើបចាំបាច់តម្រូវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរត្រូវប្រើទូកសម្រាប់ធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ ម៉្លោះហើយទើបនិម្មិតសញ្ញាប្រចាំទីនោះ គឺជាទូកចែវកុងដូឡា (Gondola)។ ទូកចែកុងដូឡាបានប្រើជាសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរទស្សនាទីក្រុងតាមដងស្ទឹងក្នុងក្រុងវេនិស។ សាកស្រម៉ៃមើលគ្រាន់តែទៅបន្ទប់ទឹក ឬបង្គន់សាធារណៈ ក៏លោកអ្នកត្រូវបង់ប្រាក់ដើម្បីជិះទូកទៅដែរ។
កន្លែងខ្លះនៅទីក្រុងនេះ លោកអ្នកក៏អាចដើរទៅបានដែរ ប៉ុន្តែបើបានចូលហើយ លោកអ្នកមិនអាចចេញទៅក្រៅវិញបានទេនៅក្នុងរយៈពេលពីរម៉ោង។ បើលោកអ្នកបានមកលេងនៅទីក្រុងនេះ លោកអ្នកអាចមកលេងនៅទីលាន St. Mark's Square នោះលោកអ្នកអាចចូលទស្សនាព្រះវិហារគ្រីស្ទសាសនាដ៏ធំបំផុតមួយដែលបាន សាងសង់ឡើងនៅមជ្ឈិមសម័យ។
លោកអ្នកក៏អាចជិះទូកទៅមើល golden courtyard and the traces of splendor។ បច្ចុប្បន្ននេះជីវិតរបស់ទីក្រុង Venice ហាក់ដូចជាកំពុងរាប់ថយក្រោយ។ គ្រឹះនៃទីក្រុងនេះកំពុងលិចបន្តិចម្តងៗ ហើយកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ជាងទីក្រុងនេះ ដោយសារតែការប្រែប្រួលអាកាសធាតុ។
អាកាសធាតុនៅតំបន់នេះច្រើនតែមានខ្យល់ព្យុះ និងភ្លៀង។ អ្នកជំនាញខ្លះព្យាករណ៍ថាទីក្រុងនេះអាចនឹងលិចទៅក្នុងសមុទ្រក្នុងរយៈពេល ៥០ឆ្នាំទៀត។ ដូច្នេះ ភាពអស្ចារ្យនៃទីក្រុងនេះ នឹងលិចចូលទៅក្នុងសមុទ្រជារៀងរហូត។ ទីក្រុងវេនិសត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅក្នុង១៩៨៧៕
Comments
Post a Comment