១. ដើមកំណើតនៃរាជវង្សចក្រី
រាជវង្ស ចក្រី (Chakri Dynasty) គឺជារាជវង្សស្តេចនៃប្រទេសថៃបច្ចុប្បន្ន អតីតសៀម ដែលបានបង្កើតឡើងនៅឆ្នាំ ១៧៨២ ដោយព្រះបាទ រាមាទី១(Rama I) ឬដែលមានព្រះនាមផ្លូវការថា ព្រះបាទពុទ្ធយ៉តហ្វា ចុល្លាលោក (Phra Phutthayotfa Chulalok)។
ព្រះអង្គជាមេបញ្ជាការជាន់ខ្ពស់នៃយោធានៅសម័យស្តេចតាក់ស៊ីន (King Taksin) នៃរាជធានីធនបុរី-សៀម។ បន្ទាប់ពីមានការបះបោរនយោបាយ និងភាពចលាចលក្នុងរាជវង្សធនបុរី ព្រះអង្គបានបង្រ្កាបដោយជោគជ័យ និងទទួលបានអាណាចក្រ ហើយបង្កើតរាជធានីថ្មីនៅទីក្រុង បាងកក ក្រុងទេពមហានគរ(Bangkok)។
នោះជាពេលដែល រាជវង្សចក្រី ត្រូវបានបង្កើតឡើងជាផ្លូវការ ហើយបន្តអំណាចគ្រប់គ្រងរដ្ឋសៀមបច្ចុប្បន្ន។ ឈ្មោះ "ចក្រី" មកពី គោរមងារនៃតំណែងយោធាជាន់ខ្ពស់មេទ័ពជើងគោក ដែលព្រះអង្គមានមុនពេលឡើងគ្រងរាជ្យ។ “ចក្រី” មានន័យថា ដំបងត្រីសូល ដែលជារូបសញ្ញានៃអំណាច និងសេចក្ដីយុត្តិធម៌។
២. របាក្សត្រនៃរាជវង្សចក្រី
ចាប់តាំងពីកំណើតរាជវង្សនេះមកទល់នឹងបច្ចុប្បន្ននេះ រាជវង្សចក្រីមានក្សត្រសោយរាជសម្បត្តិចំនួន ១០ រាជអង្គ មកហើយ។
២. ១. ព្រះបាទរាមាទី ១ (Rama I)
- ព្រះអង្គមានព្រះនាមផ្លូវការថា ព្រះពុទ្ធយ៉តហ្វា ចុល្លាលោក ជាស្ថាបនិករាជវង្ស
- គ្រងរាជ្យឆ្នាំ ១៧៨២ – ១៨០៩ (២៧ឆ្នាំ)
- បង្កើត រាជធានីបាងកក ក្រុងទេពមហានគរ (Rattanakosin) ជាទីក្រុងថ្មីរបស់ប្រទេសសៀម។
- ស្ដារវប្បធម៌សៀមឡើងវិញបន្ទាប់ពីសង្គ្រាមជាមួយភូមា។
- សាងសង់ប្រាសាទ វត្តព្រះកៅ (Wat Phra Kaew) និង ព្រះបរមរាជវាំងសព្វថ្ងៃ។
- ប្រមូលច្បាប់បុរាណធ្វើជាប្រព័ន្ធច្បាប់សៀមឡើងវិញ។
២.២. ព្រះបាទរាមាទី ២ (Rama II)
- គ្រងរាជ្យឆ្នាំ ១៨០៩ – ១៨២៤ (១៥ឆ្នាំ)
- មានព្រះនាមផ្លូវការព្រះពុទ្ធលើសឡានភាល័យ ព្រះអង្គជាអ្នកបង្កើតយុគសម័យមាសសិល្បៈ និងអក្សរសា ស្ត្រ វប្បធម៌
- ជាសម័យដែលសិល្បៈ អក្សរសាស្ត្រ និងវប្បធម៌បានរីកចម្រើនខ្លាំង។
- បង្កើតស្នាដៃកវីល្បីៗ ដូចជា រឿងឥន្រ្ទរាប ឬ Ramakien(រ៉ាម៉ាគីន)។
- សហការជាមួយព្រះអង្គម្ចាស់នានាក្នុងការអភិវឌ្ឍសិល្បៈនិងកវីកម្ម។
២.៣. ព្រះបាទរាមាទី ៣ (Rama III)
- ព្រះនាមផ្លូវការ ព្រះបាទសម្តេចព្រះន័ងក្លៅចៅយូហួ ឬចេស្តាបតិន្រ្ទ គ្រងរាជ្យឆ្នាំ ១៨២៤ – ១៨៥១ ( ២៧ឆ្នាំ) ចេស្ដាប៉ដិន្រ
- ព្រះអង្គផ្តោតលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
- ផ្តោតលើពាណិជ្ជកម្មជាមួយចិន និងការអភិវឌ្ឍសេដ្ឋកិច្ចសៀម។
- សាងសង់វត្តនិងអគារជាច្រើន។
- ជាសម័យដែលសៀមមានទំនាក់ទំនងជាបន្តបន្ទាប់ជាមួយអង់គ្លេស និងប្រទេសព័រទុយហ្គាល់។
២.៤. ព្រះបាទរាមាទី ៤ (Rama IV)
- ព្រះបាទមង្គុដ្ឋ (King Mongkut)
- គ្រងរាជ្យឆ្នាំ ១៨៥១ – ១៨៦៨ (១៧ឆ្នាំ)
- ត្រូវគេហៅថា “ព្រះរាជានៃប្រាជ្ញា” ព្រោះមានចំណេះដឹងទូលំទូលាយ ទាំងវិទ្យាសាស្ត្រ និងភាសាអង់ គ្លេស។
- បើកទ្វារសៀមឲ្យមានទំនាក់ទំនងជាផ្លូវការជាមួយអាមេរិក អង់គ្លេស និងបារាំង។
- ជាស្តេចដែលបានបញ្ចេញគោលនយោបាយទំនើប ដើម្បីជៀសវាងការត្រួតត្រារបស់អាណានិគម។
- ព្រះអង្គល្បីល្បាញនៅក្នុងរឿង “The King and I”។
- ព្រះបាទចុល្លាហ្លួងកន (King Chulalongkorn)
- គ្រងរាជ្យឆ្នាំ ១៨៦៨ – ១៩១០ (៤២ឆ្នាំ)
- ជាស្តេចដ៏ល្បីបំផុតក្នុងប្រវត្តិសៀម។
- ធ្វើបដិវត្តសង្គម និងរដ្ឋបាល ដោយលុបបំបាត់ទាសភាព។
- បង្កើតមន្ទីររដ្ឋបាលថ្មីៗ ដូចជា ក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ច និងក្រសួងការពារជាតិ។
- ធ្វើឲ្យសៀមបន្តអធិបតេយ្យភាពរបស់ខ្លួន ទោះបីជាបរទេសកំពុងដាក់អាណានិគមប្រទេសជុំវិញក៏ដោយ។
- ក្នុងរាជ្យស្តេច ចុល្លាហ្លួងកន រាមាទី៥ នេះហើយដែលបានធ្វើអនុសញ្ញា និងសន្ធិសញ្ញាព្រំដែនបារាំង-សៀម ១៩០៤ និង១៩០៧។
- ព្រះបាទមហា វជិរាវុធ ព្រះមង្គុដ្ឋក្លៅចៅយូហួ
- គ្រងរាជ្យឆ្នាំ ១៩១០ – ១៩២៥ (១៥ឆ្នាំ)
- ជាស្តេចមានការអប់រំខ្ពស់ ពីអង់គ្លេស និងជាស្តេចមានចំណេះដឹងពហុជំនាញ។
- បង្កើតសាលារៀនច្រើន និងសាកលវិទ្យាល័យទី១គឺ សាកលវិទ្យាល័យចុល្លាហ្កួងកន និងជំរុញផ្នែកអក្សរសាស្ត្រថៃ។
- បង្កើតទស្សនៈសង្គម “សៀមប្រជាជនភាព” ឬ “សៀមជាតិនិយម” ដើម្បីលើកទឹកចិត្តឲ្យប្រជាជនស្រលាញ់ ជាតិ។
- ព្រះបាទប្រជាធិផុក ព្រះប៉ុកក្លៅចៅយូហួ
- គ្រងរាជ្យឆ្នាំ ១៩២៥ – ១៩៣៥ (១០ឆ្នាំ)
- ក្នុងសម័យនេះ មានការធ្វើបដិវត្តឆ្នាំ ១៩៣២ ដែលផ្លាស់ប្ដូរព្រះរាជាណាចក្រពី រាជានិយមពេញសិទ្ធិ ឬរាជាធិបតេយ្យសក្តិភូមិ ទៅជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
- ព្រះបាទមហាអានន្ទមហីឌុល
- គ្រងរាជ្យឆ្នាំ ១៩៣៥ – ១៩៤៦ (១១ឆ្នាំ)
- សោយទិវង្គតយ៉ាងសាហាវក្នុងស្ថានភាពមិនច្បាស់លាស់ក្នុងព្រះជន្ម ២០ព្រះវស្សា។ ទ្រង់ត្រូវបានរកឃើញថាស្លាប់ដោយគ្រាប់កាំភ្លើងចំក្បាល។ ជនសង្ស័យជាជំនួយការវាំង ៣ រូបត្រូវរងបទចោទ និងកាត់ទោស បើទោះបីជា១ក្នុងចំណោមនោះអះអាងថាព្រះរាជាបានធ្វើអត្តឃាដក៏ដោយ។ ការស្លាប់របស់ទ្រង់នៅតែជាអាថ៌កំបាំងនៅឡើយ។
២.៩. ព្រះបាទរាមាទី ៩ (Rama IX)
- ព្រះបាទមហា ភូមិពលអតុល្យតេជៈ (ភូមិបុល អាឌុលយ៉ាដេត) (King Bhumibol Adulyadej)
- គ្រងរាជ្យឆ្នាំ ១៩៤៦ – ២០១៦ (៧០ឆ្នាំ)
- ជាស្តេចដែលគេគោរពស្រឡាញ់បំផុតក្នុងប្រវត្តិសៀម។
- មានគម្រោងអភិវឌ្ឍជាង ៤,០០០ គម្រោងសម្រាប់ប្រជាជន។
- ជាមេដឹកនាំដែលមានឥទ្ធិពលលើសន្តិភាពនិងស្ថិរភាពនយោបាយរបស់ថៃអស់រយៈពេលជាង៦០ឆ្នាំ។
១០. ព្រះបាទរាមាទី ១០ (Rama X)
- ព្រះបាទមហា វជិរាហ្លួងកន(King Maha Vajiralongkorn)
- ឡើងគ្រងរាជ្យឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ន។
- បន្តតួនាទីស្នងរាជវង្សចក្រី។
- មានការអភិវឌ្ឍប្រទេស និងការកែលម្អស្ថាបត្យកម្មរាជវាំងបន្ថែម។
សេចក្តីសន្និដ្ឋាន
រាជវង្សចក្រី គឺជារាជវង្សដ៏មានអាយុកាលជាង ២៤០ ឆ្នាំ ដែលបានជួយឲ្យប្រទេសថៃមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាបន្តបន្ទាប់ ដោយឆ្លងកាត់នូវសង្រ្គាម ការធ្វើទំនើបនីយកម្ម និងវឌ្ឍនភាពសង្គម។ រជ្ជកាលនៃស្តេចនីមួយៗបានលើកស្ទួយប្រទេសតាមបែបផ្ទាល់ខ្លួនពីការស្ដារវប្បធម៌ សេដ្ឋកិច្ច វិទ្យាសាស្ត្រ អភិបាលកិច្ច និងឯកភាពជាតិ រហូតដល់ការអភិវឌ្ឍជវភាពប្រជាសាស្ត្រ។
*រាជានិយមថៃនៅតែជាផ្នែកមួយដ៏មានឥទ្ធិពលនៃវិវឌ្ឍនភាព និងអត្តសញ្ញាណជាតិថៃ។៕*
Comments
Post a Comment