Skip to main content

ការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី សិរីគិត

យោងតាមសាររព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ ព្រះបរមរាជវាំង ថៃបានប្រកាសឲ្យដឹងថា ព្រះមាតារបស់ព្រះមហាក្សត្រថៃ ព្រះនាម សិរីគិត ព្រះមហាក្សត្រីយ៍ បានយាងសោយ ទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា នៅថ្ងៃទី២៤ តុលា ២០២៥ វេលាម៉ោង២១:២១ នៅមន្ទីរពេទ្យ King Chulalongkorn Memorial Hospital។

ព្រះមហាក្សត្រី Sirikit បានបាត់ព្រះភក្រ្តចេញពីក្រសែភ្នែកសាធារណជន ចាប់តាំងពីទ្រង់មានជំងឺស្រ្តូក ឬដាច់សរសៃឈាមក្នុងខួរក្បាល កាលពីឆ្នាំ២០១២មកម្ល៉េះ។ បើតាមសេចក្តីប្រកាសខាងលើរបស់ព្រះរាជវាំងថៃ ស្ថានភាពព្រះរាជសុខភាពរបស់ម្ចាស់ក្សត្រី Sirikit បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំងនៅថ្ងៃពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ រហូតទីបំផុតធ្វើឱ្យទ្រង់ឈានចូលទិវង្គតតែម្តង។

តោះមកស្គាល់ជីវប្រវត្តិរបស់ព្រះមហាក្សត្រីអង្គនេះជាមួយគ្នា៖

ព្រះមហាក្សត្រី Sirikit មានព្រះនាមពេញ គឺព្រះមហាក្សត្រី សុមេទា ព្រះសិរីគិត កិត្យាករ មហិដុននាត ព្រហ្មរុទ្ធមដ្ឋា គឺជាព្រះកនិដ្ឋារបស់អតីតព្រះមហាក្សត្រ ព្រះបាទ Bhumibol Adulyadej (រាមាទី៩) ដែលជាស្តេចថៃ គ្រងរាជ្យយូរបំផុតរហូតដល់រយៈពេលសរុប៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៤៦ ដល់ឆ្នាំ២០១៦ និងជាមាតានៃព្រះមហាក្សត្រមហាវជិរាហ្លួងកន (រាមាទី ១០) ដែលជាបុត្រាតែមួយអង្គគត់ និងបានឡើង សោយរាជ្យ បន្ទាប់ ពីព្រះបាទ Bhumibol បានយាងចូលទិវង្គត កាលពីឆ្នាំ២០១៦។

ព្រះមហាក្សត្រី Sirikit បានប្រសូតនៅថ្ងៃទី 12 ខែសីហាឆ្នាំ 1932 និងជាកូនស្រីច្បង និងជាកូនទីបី របស់ព្រះអង្គម្ចាស់ នក្ខត្រា មង្គល កិត្យាករ  ដែលជាលេខាធិការនៃស្ថានទូតសៀមនៅក្រុងវ៉ាស៊ីនតោន និង ម៉មហ្លួង  បួ ឋានសុមេទា កិត្យាករ។ ព្រះអង្គបានទទួលការអប់រំក្នុងសាលាផ្សេងៗទាំងនៅក្នុងប្រទេសថៃ និងនៅ ប្រទេសបារាំង ព្រោះព្រះអង្គបានធ្វើដំណើរតាមព្រះបិតា ពេលដែលព្រះបិតាទៅបម្រើការងារទូតនៅ ទីនោះ។

ក្នុងពេលដែលព្រះអង្គធ្វើដំណើរតាមព្រះបិតា ពេលបំពេញបេសកកម្មទូតនៅបារាំង និងអាមេរិក ព្រះអង្គ បានជួប និងស្គាល់ព្រះអង្គម្ចាស់ភូមិបុល អាឌុលយ៉ាដេត ដែលកំពុងសិក្សានៅស្វ៊ីស។ ព្រះអង្គទាំងពីរមាន ទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីពេលនោះមក ហើយបានរៀបការនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ១៩៥០ មុនព្រះរាជពិធី រាជាភិសេករបស់ព្រះបាទភូមិបុលជាមហាក្សត្រថៃ។ ក្រោយមក ព្រះអង្គត្រូវបានប្រកាស ជាព្រះមហាក្សត្រីជាផ្លូវការ និងជាម្ចាស់ព្រះបរមរាជនីនាដនៃប្រទេសថៃតែម្តង។

ព្រះអង្គមានបងប្អូនបីនាក់គឺៈ

  • សាស្ត្រាចារ្យ ម៉ម​រាជវង្ស កល្យាណ កិត្យាករ M.D. (20 កញ្ញា 1929 - 15 ឧសភា 1987)
  • ម៉ម​រាជវង្ស ថានីគីត កិត្យាករ (2 វិច្ឆិកា 1930 - 5 ខែឧសភាឆ្នាំ 2004)
  • ម៉ម​រាជវង្ស បុស្បា កិត្យាករ (2 សីហាឆ្នាំ 1934 កើត)

ក្នុងនាមជាព្រះមហាក្សត្រីរបស់ថៃ ព្រះអង្គត្រូវបានមហាជនថៃទទួលស្គាល់ថា ព្រះអង្គ ជានារីម្នាក់ដែល មានសេចក្ដីមេត្តាករុណា ហើយឧស្សាហ៍ធ្វើព្រះរាជទស្សនកិច្ចតាមទីជនបទផងដែរ។ ព្រះអង្គបានបង្កើត មូលនិធិ SUPPORT Foundation (មូលនិធិទ្រទ្រង់) ដើម្បីជួយស្ត្រីជនបទឲ្យមានជំនាញសិប្បកម្ម ដូចជា ត្បាញខោអាវ សូត្រថៃ ការធ្វើគ្រឿងអលង្ការ និងសិប្បកម្មបុរាណផ្សេងៗ។ ការងារទាំងនេះមិនត្រឹមតែជួយបង្កើតប្រាក់ចំណូលទេ ប៉ុន្តែក៏ជាផ្នែកមួយជួយរក្សា វប្បធម៌ និងសិល្បៈបុរាណថៃឲ្យរស់រវើកដូចដើមផងដែរ។

ព្រះអង្គក៏ជាអ្នកគាំទ្រការអភិវឌ្ឍជនបទ ដោយកែប្រែជីវភាពប្រជាជនឲ្យបានល្អប្រសើរឡើង តាមរយៈការអភិវឌ្ឍ កសិកម្ម អប់រំ និងសុខាភិបាល។ ព្រះអង្គតែងតែដំណើរទៅតាមតំបន់ជនបទ ដើម្បីស្តាប់បញ្ហារបស់ប្រជាជន និងផ្ដល់ជំនួយដោយផ្ទាល់ទៀតផង។

ព្រះអង្គត្រូវបានប្រជាជនថៃគោរពយ៉ាងខ្លាំង ហើយចាត់ទុកទ្រងជា “មាតានៃជាតិថៃ” ដោយសារការរួមចំណែកដ៏ អស្ចារ្យ ក្នុងការអភិវឌ្ឍប្រទេស។ ដោយសារទ្រង់ព្រះប្រសូតនៅ ថ្ងៃទី ១២ ខែសីហា ដែលត្រូវបានកំណត់ជា ថ្ងៃ មាតានៃជាតិថៃ (Mother’s Day of Thailand) ដែលប្រជាជនថៃគ្រប់រូបគោរពជាទិវាសំខាន់បំផុតមួយនៅក្នុង ប្រទេសនេះ។ នៅក្នុងជីវិតរបស់ព្រះអង្គ ព្រះអង្គទទួលបានមេដាយ និងគ្រឿងឥស្សរិយយសជាច្រើនទាំងក្នុង និងក្រៅប្រទេស ដែលជាសញ្ញានៃការទទួលស្គាល់ពីសកម្មភាពសប្បុរសធម៌ និងភាពជាម្ចាស់ស្នាដៃក្នុងការ អភិវឌ្ឍសង្គម។៕

https://www.facebook.com/share/v/1BZLzgvBVM/


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.