នារីសម័យថ្មី មួយចំនួននិយាយលេងថា បើចង់បានជីវិតគូល្អប្រសើរ ទាល់តែយកប្តី ដែលជាកូនកំព្រា។ ពាក្យ និយាយលេងសើចទាំងនេះ ក៏ព្រោះថា ម៉ាក់ៗរបស់ពួកគេបានចែករំលែកបទពិសោធន៍ ជីវិត ដែលថា មិនមែនគ្រប់ ម្ដាយក្មេកទាំងអស់សុទ្ធតែល្អ ហើយងាយស្រួលចុះសម្រុងជាមួយកូនប្រសារស្រីនោះទេ។ ខាងក្រោមនេះ គឺជាម្តាយ ក្មេក៦ ប្រភេទ ដែលកូនប្រសារស្រីអាចសិក្សា ស្វែងយល់បាន មុននឹងចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍។
១. ម៉ែក្មេកមហាកំពូលការពារទ្រព្យ៖ ម្តាយក្មេកប្រភេទនេះចូលចិត្តធ្វើខ្លួន ជាអ្នកត្រួតពិនិត្យទ្រព្យសម្បត្តិកូនប្រុស របស់គាត់ជាប់ជានិច្ច។ ដែលនេះបើសិនជា ជាការការពារតែទ្រព្យសម្បត្តិរបស់ខ្លួនឯងនោះ វាប្រហែលជាមិនមែន ជាបញ្ហាអីទេ តែនេះគឺគាត់មានក្ដីព្យាយាមយ៉ាងខ្លាំងក្នុងការតាមដានត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នកផ្សេងទៀតផង ជាពិសេសបំផុត គឺតាមដានពិនិត្យមើលទ្រព្យសម្បត្តិរបស់កូនប្រុសសំណព្វចិត្តខ្លួនតែម្ដង។ ម្តាយក្មេកបែបនេះតែង តែគិតថា កូនប្រសារស្រីនឹងធ្វើខ្លួនជាសត្វឈ្លើង មកជញ្ជក់បឺតយកប្រាក់ដែល កូនប្រុសខ្លួនខំរកបានមកដោយ ក្ដីលំបាកលំបិន ហើយថែមទាំងនៅចាំតាមដានស៊ើបមើលថា កូនប្រសារស្រីរបស់ខ្លួនចេះធ្វើការរកស៊ីអត់? ឬមាន ប្រាក់ចំណូលប៉ុន្មាន? ឬចាយវាយខ្ចះខ្ជាយឬអត់? ដែលប្រាកដណាស់ថា ទាំងអស់នេះពិតជាសាងនូវភាព ធុញថប់តានតឹង និងរំខានចិត្តកូនប្រសារស្រីមិនស្ទើរឡើយ ហើយម៉ែក្មេកខ្លះទៀត កើតអាការៈធ្ងន់ធ្ងរដល់ថ្នាក់ ស្នើខ្លួនធ្វើជាអ្នកទុកដាក់លុយកាក់ឱ្យកូនប្រុសខ្លួនឯងក៏មានដែរ។
២. ម្ដាយក្មេកស្អប់កូនប្រសារ៖ ម្ដាយក្មេកជំពូកនេះ ពិតជាពិបាកទប់ទល់បំផុតហើយ ព្រោះទោះជាយើងធ្វើអ្វីក៏គាត់មិនពេញចិត្តដែរ ហើយព្យា យាមចាប់កំហុសយើងគ្រប់យ៉ាង។ ម៉ែក្មេកប្រភេទនេះជាមនុស្សមានចរិតនិស្ស័យ ដ៏មហាសែនយ៉ាប់ ដោយក្នុងនោះ មានតាំងពីភាពអាត្មានិយម ភាពគ្មានហេតុផល ចូលចិត្តចេះដឹង រឿងប្ដីប្រពន្ធគេ មិនទទួលយកគំនិត យោបល់របស់កូន និងកូនប្រសារឡើយ ហើយតែងតែគិតថាខ្លួនឯងត្រូវរហូត ចូលចិត្តចង្អុលបញ្ជាកូនប្រសារស្រី ឲ្យធ្វើអ្វីៗតាមការគិតរបស់គាត់ថែមទៀតផង។ ហើយបើសិនជា អ្នកបានចាប់ដៃគូគ្នាជាមួយកូនប្រុសទន់ជ្រាយ របស់អ្នកម្តាយក្មេករូបនេះផងនោះ ជីវិត ជាកូនប្រសារស្រីអាចប្រកាសបានថា មានតែខ្ទេចខ្ទី ហើយនិងខ្ទេចខ្ទី តែប៉ុណ្ណោះ។
៣. ម៉ែក្មេកឆើតឆាយ៖ បើមានម្ដាយក្មេកក្នុងប្រភេទជាមនុស្សចូលចិត្តភាពឆើតឆាយ នោះជីវិតកូនប្រសារស្រី មិនសូវជាលំបាកឡើយ គ្រាន់តែកូនប្រសារស្រីត្រូវកែប្រែ និងធ្វើខ្លួនឲ្យឡូយឆើយដូចជាអ្នកម្តាយក្មេក ហើយត្រូវឧស្សាហ៍បបួលគាត់ចូល ហាងទំនើបៗ នោះអាចចូលជាមួយអ្នកម្តាយក្មេកប្រភេទនេះបានយ៉ាងងាយ។
៤. ម្ដាយក្មេកដែលចង់បានចៅ៖ តាមពិតគាត់មិនពិបាកឡើយ តែយើងវិញទេដែលពិបាកព្រោះគាត់គ្រាន់តែងតែទាមទារចង់មានចៅឲ្យគាត់មើល ប៉ុណ្ណោះ ទាំងយើងមានផែនការជីវិតខុសពីបំណងរបស់គាត់។
៥. ម៉ែក្មេកកំពូលល្បិច៖ ស្រីៗដែលមានម៉ែក្មេកប្រភេទនេះ ពិតជាពិបាកខ្លាំងបំផុតហើយ ព្រោះគាត់មិនបង្ហាញនៅចំពោះមុខយើងទេ តែរកគ្រប់វិធីដើម្បីបំបែកបំបាក់យើង និងគ្រួសារ។ ទោះគាត់មិនរករឿងយើងនៅចំពោះមុខក៏ដោយ តែយើងក៏នៅ ហត់កាយ និងចិត្តដែរ ព្រោះគាត់នឹងនិយាយចាក់រុកប្តីរបស់យើង ពីក្រោយខ្នងយើង ហើយថែមទាំងមិនអនុញ្ញាតឲ្យ ប្តីយើងជួយធ្វើកិច្ចការផ្ទះយើងថែមទៀតផង។
៦. ម្តាយក្មេកដូចម្តាយបង្កើត៖ មិនសុទ្ធតែនារីគ្រប់រូបមានសំណាងមិនល្អប៉ះចំម្តាយក្មេកដូច៥ប្រភេទខាងលើនោះទេ។ នារីមួយចំនួនទទួលបាន ម្តាយបង្កើតដល់ទៅ២ក្រោយអាពាហ៍ពិពាហ៍ គឺមានន័យថា នាងទទួលបានម្តាយក្មេកដែលមានសភាពដូចម្តាយ បង្កើតរបស់ខ្លួនអ៊ីចឹង។ ម្តាយក្មេកដែលស្រលាញ់កូនប្រសាដូចកូនចេញពីសាច់ឈាមគឺព្រោះប្រកបដោយចិត្តធម៌ យល់ពីគុណធម៌ជាម្តាយ និងជាអ្នកប្រាថ្នាចង់ឃើញកូនៗខ្លួនរស់នៅមានសុភមង្គលក្នុងជីវិតគ្រួសារថ្មី និងចង់បន្ត គម្រូដ៏ល្អនេះដល់កូនចៅក្រោយៗទៀត។ ជួបគូជីវិតល្អ មិនស្មើនឹងជួបម្តាយក្មេកល្អ ដូចពាក្យចាស់លោកពោលថា ជួបម្តាយក្មេកល្អ ដូចធ្វើបុណ្យ៧ជាតិ។
ជាសេចក្តីសន្និដ្ឋាន ម្តាយក្មេក គឺមានច្រើនប្រភេទ ហើយមិនមែនគ្រប់ម្តាយក្មេកទាំងអស់នៅក្នុងលោកនេះសុទ្ធតែ អាក្រក់ ឬចិត្តអាក្រក់ជាមួយកូនប្រសារស្រីនោះទេ។ ម្តាយក្មេកខ្លះ ក៏ស្រឡាញ់ និងថែរក្សាកូនប្រសារស្រី ជាងកូនស្រីបង្កើតទៅទៀត។ ប៉ុន្តែបើអ្នកបានជួបម្តាយក្មេកបែបនេះ អ្នកប្រហែលជាត្រូវជួបប្រទះ នូវសាច់ថ្លៃ ដែលមហាពូកែច្រណែន និន្ទា ខ្លាចតែអ្នក ក្លាយជាមនុស្សជាទីស្រឡាញ់របស់គ្រួសារខាងប្តីទេ ទើបពួកគេព្យាយាម ចាក់រុកមិនឲ្យអ្នកបានសុខ។ តែទោះជាយ៉ាងណា អ្នកគួរតែសិក្សាស្វែងយល់ពីគ្រួសារខាងប្តី ឬគ្រួសារមិត្តប្រុស របស់អ្នកជាមុនសិន មុននឹងសម្រេចចិត្តដើរចូលក្នុងជីវិតអាពាហ៍ពិពាហ៍។ គន្លឹះសំខាន់នៅក្នុងជីវិតគូរបស់លោកអ្នក គួរតែស្ថិតនៅក្នុងផែនការរបស់លោកអ្នកផ្ទាល់ មិនគួរជាការផែនការរបស់ឪពុកម្តាយរបស់លោកអ្នកទេ ហើយបើ សិនជាលោកអ្នកបានជួបម្តាយក្មេកប្រភេទណាមួយ ខាងលើរួចហើយ នោះលោកអ្នកត្រូវតែ ជ្រើសរើសយកការអត់ ធ្មត់ ការគោរព និងការបង្ហាញពីឆន្ទៈស្មោះត្រង់របស់អ្នកចំពោះពួកគាត់។ ទោះបីជាពួកគាត់ មិនចូលចិត្តយើង ដោយមូលហេតុអ្វីក៏ដោយ ក៏យើងត្រូវតែរក្សាភាពជាមនុស្សល្អ បរិសុទ្ធ នោះទោះបីជាមានការលំបាកប៉ុណ្ណាក្នុង ទំនាក់ទំនងសាច់ថ្លៃនេះក្តី ក៏អាចផ្លាស់ប្តូរទំនាក់ទំនងឲ្យក្លាយជាសុខសាន្ត និងស្រឡាញ់គ្នាបានដែរ។








Comments
Post a Comment