អ្នកប្រហែលជាធ្លាប់ឮរឿងរបស់មនុស្សជាច្រើន ដែលបានចាញ់បោកអ្នកបោកប្រាស់អស់ទ្រព្យសម្បត្តិមួយគ្រួសារ តែតើអ្នកធ្លាប់គិតទេថាប្រសិនបើអ្នកស្ថិតក្នុងស្ថានការនោះ តើអ្នកងាយនឹងចាញ់បោកអ្នកដទៃដែរទេ? មនុស្សភាគ ច្រើនគិតថា មានតែមនុស្សដែលល្ងង់ទេដែលចាញ់បោកអ្នកដទៃច្រើនជាងគេ ប៉ុន្តែការសិក្សាស្រាវជ្រាវបានរកឃើញ ថា មានហេតុផលច្រើនជាងនេះទៀត ។ មនុស្សដែលមានចំណេះដឹងជ្រៅជ្រះ និងមនុស្សដែលជោគជ័យក៏អាច ធ្លាក់ខ្លួនក្នុង ស្ថានភាពចាញ់បោកគេបានដូចគ្នាដែរ ។
យោងទៅតាមការសិក្សាមួយរបស់អ្នកស្រាវជ្រាវមកពី University of Sidney ក្នុងប្រទេសអូស្ត្រាលី បានឲ្យដឹងថា មានចំណុចពីរយ៉ាងដែលធ្វើឲ្យមនុស្សងាយចាញ់បោកអ្នកដទៃ ។
- ទីមួយ គឺភាពក្នុងការងាយត្រូវបានបញ្ចុះបញ្ចូលពីអ្នកដទៃ ។ ប្រសិនបើអ្នកជាមនុស្សដែលងាយជឿតាមអ្នក លក់ឲ្យទិញអ្វីមួយ ដែលអ្នកមិនមានគម្រោងទិញពីមុនមក នោះ អ្នកប្រហែលជាមានភាគរយច្រើនជាង មនុស្សទូទៅក្នុងការចាញ់បោកអ្នកដទៃហើយ ។
- ទីពីរ គឺការអសមត្ថភាពក្នុងការមើលឃើញភាពមិនគួរឲ្យជឿជាក់របស់អ្នកដទៃ។ មានកត្តាជាច្រើនដែល អាចប្រាប់ដល់មនុស្សម្នាក់ថាមនុស្សម្នាក់ទៀតកំពុងតែកុហក តែបើអ្នកជាមនុស្សដែលមិនមានសមត្ថភាព ក្នុងការមើលឃើញមុខសញ្ញាទាំងនេះទេនោះ អ្នកជាមនុស្សដែលងាយនឹងចាញ់បោកអ្នកដទៃដែរ ។
លើសពីនេះទៅទៀត ប្រសិនបើអ្នកដឹងថាខ្លួនស្ថិតក្នុងចំណោមមនុស្សដែលងាយនឹងចាញ់បោកអ្នកដទៃហើយ អ្នកគួរតែកាន់តែប្រុងប្រយ័ត្នបន្ថែមទៀតពេលដែលជួបនឹងឱកាសរកលុយដែលសន្យាថានឹងរកប្រាក់ចំណេញមកឲ្យអ្នកវិញច្រើនជ្រុលជាដើម ៕
Comments
Post a Comment