Skip to main content

កន្លែងដ៏អាថ៌កំបាំងបំផុតមួយនៅក្នុងពិភពលោក

នេះគឺជាកន្លែងដ៏អាថ៌កំបាំងបំផុតមួយនៅក្នុងពិភពលោក។ នៅតាមបណ្តោយឆ្នេរទីនេះ មានរូបចម្លាក់ថ្មធំៗអាថ៌កំបាំងជាច្រើន ហើយមានផ្នូរជាច្រើននៅក្រោមដីផងដែរ។ នេះគឺជាកោះ Easter ដែលជាកោះតូចមួយស្ថិតក្នុងលម្ហមហាសមុទ្រប៉ាស៉ីហ្វិក ក្នុងដែនអធិបតេយ្យរបស់ប្រទេសស៉ីលី ឬឈីលី (Chile) និង​មាន​ចម្ងាយប្រមាណជា 2,000 គីឡូម៉ែត្រពីដីគោកភាគខាងលិច។​ កោះអ៉ីស្ទ័រនេះមានផ្ទៃក្រឡា ១៦៣ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណជា ២០០ នាក់តែប៉ុណ្ណោះ។

កោះនេះត្រូវបានអ្នករុករកជនជាតិហូឡង់ម្នាក់ គឺលោក ចាខូប រុកហ្គេវីន (Jacob Roggeveen) ប្រទះឃើញលើកដំបូងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៧២២នៃគ្រិស្ដសករាជ ពោលគឺចំថ្ងៃបុណ្យដ៏សំខាន់មួយរបស់គ្រិស្ដសាសនា ដែលគ្រិស្តសាសនិកហៅថា «បុណ្យអ៉ីស្ទ័រ» ទើបបានជាលោក ចាខូប ហៅកោះនេះ ថា  «កោះអ៉ីស្ទ័រ» និងមានការហៅតាមតៗគ្នារហូតដល់ពេលបច្ចុប្បន្ន ប៉ុន្តែបើតាមភាសារបស់ប្រជាជនម្ចាស់ស្រុក គេហៅកោះនេះថា រ៉ាប៉ានុយ (Rapa Nui)។

នៅបរិវេណមាត់ឆ្នេរស្ទើរតែជុំវិញកោះ មានចម្លាក់ថ្មបុរាណរូបក្បាលមនុស្សប្រុសៗប្រមាណ ២០០ ដុំត្រូវបានគេតម្រៀបគ្នាជាជួរៗ ក្នុងកិរិយាងើយមុខសម្លឹងមើលមេឃ ប៉ុន្តែមួយចំនួនក៏បានរលំទ្រេតខ្លះផងដែរ។ បដិមាទាំងនោះមានទងត្រចៀកវែងៗ នៅត្រង់ភ្នែកមានបង្កប់អ្វីម្យ៉ាងនៅផ្នែកខាងក្នុងសាច់ថ្ម។ បដិមាទាំង ២០០ ដុំនេះមានកម្ពស់ចាប់ពី ១.៨២ ដល់ ៩.១៤ ម៉ែត្រពីដី រីឯទម្ងន់ក្នុងមួយដុំៗវិញអាចមានដល់ទម្ងន់ ៥០ តោនឯណោះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ រហូតមកដល់បច្ចុប្បន្ន នៅតែពុំទាន់មានអ្នកស្រាវជ្រាវណាម្នាក់ដឹងថា តើថ្មដែលកសាងបដិមាអ៉ីស្ទ័រនេះត្រូវបានយកមកពីណា ជាស្នាដៃរបស់អ្នកណា និងកសាងឡើងក្នុងគោលបំណងអ្វីនោះឡើយ។ ក្រោយៗមកទៀត មានការអះអាងថាផ្នែកខាងក្រោមនៃបដិមាដែលកប់នៅក្រោមដីនោះ គឺមានជម្រៅជ្រៅៗខ្លាំងណាស់ រហូតដល់គេមិនអាចកាយទៅដល់នោះឡើយ៕

បើតាមការប៉ាន់ស្មាន ប្រហែលជានៅសតវត្សទី 11 ជនជាតិប៉ូលីណេសៀនបានមកទីនេះដើម្បីគេចពីសង្គ្រាម ហើយបានសាងសង់រូបចម្លាក់ទាំងនេះដើម្បីគោរពដល់បុព្វបុរសរបស់ពួកគេ។ ប៉ុន្តែនៅក្នុងឆ្នាំ 1722 ប្រជាជនកោះនេះជាច្រើនត្រូវបានចាប់ពង្រត់ដោយពួកឈ្លានពាន ហើយពួកគេជាច្រើននាក់ក្រោយមកបានស្លាប់ដោយសារជំងឺអុតស្វាយ។ ទោះ​បីមិនទាន់​រក​ឃើញអ្វីជាភស្តតាងក៏ដោយ ក៏​អ្នក​កោះនេះប្រហែលជា​ត្រូវ​ប្រឈម​នឹង​ការ​បំផ្លិចបំផ្លាញ​ដោយ​សារ​ការរញ្ជួយដី​ និង​ទុរ្ភិក្សផ្សេងកន្លងមកដែរ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.