Skip to main content

ទីក្រុងត្រជាក់បំផុតនៅលើផែនដី

ទីក្រុង Yakutsk ត្រូវបានគេស្គាល់ថា ជាទីក្រុងត្រជាក់បំផុតនៅលើផែនដីនេះ។ Yakutsk ជាទីក្រុងធំជាងគេនៅក្នុងរដ្ឋ Sakha សហព័ន្ធ Russia។ ទីក្រុងនេះ គឺដូចជាពិភពអាថ៌កំបាំងមួយ ដែលគ្របដណ្ដប់ដោយព្រិលទឹកកកក្នុងរដូវរងារ។ ទីក្រុងនេះបង្ហាញពីជីវិតដ៏ចម្លែក និងគួរឱ្យចាប់អារម្មណ៍មួយ។ បើសិនជាលោកអ្នកយកទឹកកំពុងដាំពុះ ទៅជះឡើងទៅលើអាកាស នោះម៉ូលេគុលទឹកនឹងកកយ៉ាងលឿនដូចជាដុំទឹកកកគ្រីស្តាល់ ដែលចាំងពន្លឺជាមួយពន្លឺថ្ងៃ ដូចជាមន្តអាគមយ៉ាងដូច្នោះដែរ។ បើនិយាយពីផ្លែឈើទន់ៗវិញ បន្ទាប់ពីកកហើយ វាអាចយកធ្វើជាញញួរបណ្ដោះអាសន្នបាន។ បើនិយាយពីសាច់នៅទីនេះវិញ អាចជាប់គ្នានឹងដែក ឬលោហៈបាននៅពេលកកខ្លាំង ព្រោះសីតុណ្ហភាពនៅទីនេះអាចធ្លាក់ចុះភ្លាមៗរហូតដល់ដក 83 អង្សាហ្វារិនហៃ។ ត្រឹមតែ 10 នាទី សាយសត្វរាលដាលដូចវាំងននពណ៌ស។ ប្រជាជនដែលរស់នៅក្នុងទីក្រុងនេះ បានដឹងច្បាស់ពី​ឥទ្ធិពល​នៃអំពីសីតុណ្ហភាពដ៏​ត្រជាក់នៅទីនេះ ដូច្នេះពួកគេ​កម្រធ្វើដំណើរទៅទីណា​ឆ្ងាយ​ពី​ផ្ទះរបស់ពួកគេ​ណាស់។ ជាធម្មតា រថយន្តនៅទីនេះត្រូវបានបញ្ឆេះទុកចោលឱ្យរាប់ម៉ោង ដើម្បីចៀសវាងពីការខូចខាត និងបញ្ឆេះមិនឆេះនៅពេលក្រោយ ព្រោះរថយន្តនិមួយៗបញ្ឆេះមិនងាយឆេះទេ។ ប្រជាជនដែលមានបំណងចង់ចេញទៅខាងក្រៅ ពួកគេត្រូវស្លៀកពាក់ខោអាវក្រាស់ៗ ដែលអាចមានទម្ងន់រហូតដល់ ២២ផោន ជាពិសេសនៅពេលដែលអាកាសធាតុមានសីតុណ្ហភាពនៅចន្លោះដក 40 អង្សាហ្វារិនហៃ ដែលខោអាវទាំងនោះរួមមានអ៊ីសូឡង់ទៀតផង ដោយពួកគេទុកតែចន្លោះភ្នែកតែប៉ុណ្នោះ។ ទីក្រុង​នេះ​គ្មាន​អ្នក​ហូប​បួស​ទេ ដោយ​សារមនុស្សមានភាពក្លាចរអារក្នុងការបរិភោគបន្លែ  និង​ផ្លែឈើ។ ទូរសព្ទដៃ គឺជាផ្នែក សំខាន់មួយនៃជីវិតក្នុងសម័យទំនើប ប៉ុន្តែនៅក្នុងទីក្រុងនេះវាជាឧបករណ៍ងាយរងគ្រោះថ្នាក់បំផុត បើសិនជាវាធ្លាក់ ឬប៉ះទឹកកកត្រឹមតែ ២ ឬ៣នាទីប៉ុណ្នោះ។ ទោះបីជាទីក្រុងនេះមានភាពត្រជាក់ខ្លាំងបែបនេះក៏ដោយ ប៉ុន្តែទីក្រុង Yakutsk នៅតែជាទីកន្លែងមួយដែលពោរពេញដោយភាពរស់រវើក។ នៅក្នុងទីក្រុងនេះមានប្រជាជនប្រមាណជា 300,000 នាក់ កំពុងរស់នៅ ហើយពួកគេបានសម្របខ្លួនទៅនឹងទឹកដីដ៏ត្រជាក់នេះតាំងពីយូរយារណាស់មកហើយ ហើយពួកគេបានសរសេររឿងរ៉ាវរឿងព្រេងនិទានជាច្រើនទាក់ទងនឹងទេសភាពព្រិលទឹកកកនៅទីនេះ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.