ស្រាថ្នាំ ឬហៅថា ស្រាពស់ ឬស្រាអាសិរពិស គឺជាស្រាថ្នាំបែបប្រពៃណីមួយប្រភេទ ដែលមានភាពនិយមបំផុតនៅក្នុងតំបន់មួយចំនួននៃអាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា វៀតណាម ឡាវជាដើម។ ជាធម្មតា ស្រាថ្នាំនេះត្រូវបានធ្វើឡើងដោយការយកសត្វអសិរពិស រួមមានពស់ ក្អែប ឬខ្យាដំរី ដែលជាសត្វមានពិស ដែលនៅរស់ដាក់ក្នុងពាងឬក្រឡមួយ ហើយត្រូវបានគេត្រាំទុកចោលជាច្រើនខែឬឆ្នាំក្នុងស្រានោះ។ ឱសថ និងគ្រឿងទេសពិសេសមួយចំនួនក៏ត្រូវបានបន្ថែមទៅក្នុងក្រឡស្រានោះ ដើម្បីបញ្ចូលរសជាតិពិសេសមួយចំនួនទៅក្នុងស្រាថ្នាំនោះផងដែរ។ មានវិធីធ្វើមួយទៀតនោះគឺ គេយកឈាមពស់ស្រស់ និងទឹកប្រមាត់របស់វា លាយជាមួយនឹងស្រា ហើយផឹកភ្លាមៗតែម្ដង។
ស្រាថ្នាំ ឬហៅថា ស្រាពស់ ឬស្រាអាសិរពិស ភាគច្រើនត្រូវបានរៀបចំ និងដាក់លក់ដើម្បីជាឱសថ ដែលត្រូវបានគេនិយាយថាអាចព្យាបាលជំងឺមួយចំនួន។ អ្នកជំនាញផ្នែកឱសថបុរាណចិន បាននិយាយថា សាច់ពស់ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺទាក់ទងនឹងស្បែក ចំណែកប្រមាត់ ឆ្អឹង និងស្បែកពស់ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺដូចជាឈឺក្បាលប្រកាំង និងឈឺសន្លាក់។ ចំណែកពិសពស់ ដែលត្រូវបានគេហៅថា "ថ្នាំទេវតា" នៅក្នុងប្រទេសចិន ត្រូវបានប្រើប្រាស់ដើម្បីព្យាបាលនៃជំងឺឃ្លង់ ខ្សោយភ្នែក ជ្រុះសក់ ហើយថែមទាំងត្រូវបានគេនិយាយថាអាចជាថ្នាំបន្សាបផងដែរ។ ជំនឿខ្លះបាននិយាយថា ការបរិភោគស្រាថ្នាំ ឬស្រាអសិរពិស មានគុណសម្បត្តិខ្លាំងណាស់ ព្រោះវាជាឱសថដែលអាចបង្កើនភាពវៃឆ្លាត និងសមត្ថភាពផ្លូវភេទផងដែរ។
ទោះបីជាយ៉ាងណា មុននឹងពិសារ សូមសាកសួរគ្រូពេទ្យជំនាញមុនពេលលោកអ្នកយកវាមកប្រើប្រាស់ ព្រោះថាស្រាពស់ខ្លះអាចមិនមែនធ្វើឡើងដោយអ្នកជំនាញនោះឡើយ ដែលកក្តានេះអាចបង្កគ្រោះថ្នាក់ដល់លោកអ្នកបាន។ ហើយលោកអ្នកត្រូវមានការប្រុងប្រយ័ត្ន ក្នុងករណីកម្រ ពស់អាចនៅមានជីវិតបន្ទាប់ពីបានត្រាំក្នុងស្រាជាច្រើនខែ។ ករណីមួយនេះត្រូវបានគេរាយការណ៍ក្នុងឆ្នាំ ២០១៣ ដែលពស់បានចឹកស្ត្រីម្នាក់បន្ទាប់ពីនាងបើកពាងស្រាពស់។ វីដេអូនៃឧបទ្ទវហេតុនេះ បានសាយភាយពេញអ៊ីនធឺណេត ខណៈដែលសត្វពស់មួយក្បាលនេះ ត្រូវបានរក្សាទុកអស់រយៈពេល ៣ខែ ប៉ុន្តែនៅមានជីវិតនៅឡើយ។
Comments
Post a Comment