Skip to main content

វាលខ្សាច់ដ៏ធំបំផុតរបស់ពិភពលោក

សាហារ៉ា គឺជាវាលខ្សាច់ដ៏ធំបំផុតរបស់ពិភពលោក ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ 9.2 លានគីឡូម៉ែត្រការ៉េ និងលាតសន្ធឹងលើប្រទេសជាច្រើននៅភាគខាងជើងនៃទ្វីបអាហ្រ្វិក។ តំបន់វាលខ្សាច់សាហារ៉ា មានសីតុណ្ហភាពប្រែប្រួលយ៉ាងខ្លាំង បើប្រៀបធៀបកាលពីរាប់ពាន់ឆ្នាំមុន តែទោះជាយ៉ាងណាតំបន់នេះ នៅតែជាតំបន់មួយ ដែលមានសីតុណ្ហភាពក្តៅបំផុតដែរ នៅរដូវក្តៅអាចឡើងដល់ ៥០ អង្សាសេនៅពេលថ្ងៃ  និងមានសីតុណ្ហភាពចុះទាបនៅពេលយប់។

វាលខ្សាច់នេះ ជាទីតាំងភូមិសាស្រ្តដែលគ្មានភ្លៀងធ្លាក់ ឬភ្លៀងធ្លាក់តិចតួចបំផុត ហើយស្ទើរតែគ្មានរុក្ខជាតិចុះលូតលាស់ និងមិនអាចធ្វើកសិកម្មបានឡើយ។ ទោះបីជាមានបរិយាកាសបែបនេះក៏ដោយ ក៏សាហារ៉ាមានប្រព័ន្ធអេកូឡូស៊ីពិសេសមួយ ដែលធ្វើឲ្យសត្វ និងរុក្ខជាតិ មួយចំនួនអាចរស់នៅ បាន ដូចជាពស់ខ្សាច់ (Cerastes vipera), បង្គុយថ្លែន (Scincus scincus) ដែលជាអម្បូរសត្វធន់នឹងកម្ដៅក្ដៅ និងមានស្បែកអាចរស់នៅដោយគ្មានសំណើម បាន ប៉ុន្តែក៏មានថនិកសត្វប្រហែល ៧០ ប្រភេទរស់នៅផ្សេងទៀតផងដែរ ដូចជាសត្វឆ្កែចចក Hyena, កណ្តុរ Gerbil, ចចកខ្សាច់ Tibetan fox -ល-។ វាលខ្សាច់សាហារ៉ាសំបូរទៅដោយធនធានរ៉ែ រួមទាំងប្រេងឆៅ ឧស្ម័នធម្មជាតិ និងធនធានរ៉ែផងដែរ។

វាលខ្សាច់សាហារ៉ាក៏ដើរតួយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ ព្រោះគេជឿថា ទីនេះមានមនុស្សរស់នៅចាប់តាំងពី ៦,០០០ ឆ្នាំមុនគ្រឹសរាជ បន្ទាប់មកក៏មានពួកអម្បូរជនជាតិ ដើម Phoenician, ពួកអេហ្ស៊ីប, ក្រិច, និងអឺរ៉ុប ចាប់ផ្តើមមករស់នៅជាបន្តបន្ទាប់។ មកទល់សព្វថ្ងៃនេះ តំបន់វាលសាហារ៉ា មានមនុស្សរស់នៅខ្ទង់ ៤ លាននាក់ ដោយភាគច្រើននៅក្នុងតំបន់ប្រទេស អាល់ហ្សេរី, អេហ្ស៊ីប, ម៉ូរីតានី, លីប៊ីយ៉ា និងតំបន់ សាហារ៉ាខាងលិច។ មនុស្សរស់នៅតំបន់វាលសាហារ៉ា ភាគច្រើនពុំមែនរស់នៅក្នុងក្រុង ឬភូមិនោះទេ ពោលគឺគេរស់នៅបែបក្រុម សម្ព័ន្ធ និងចល័តពីតំបន់មួយទៅតំបន់មួយមិនពិតប្រាកដឡើយ ដូចនេះហើយទើបមនុស្សរស់នៅតំបន់វាលសាហារ៉ា ជាជនជាតិ ផ្សេងៗ និងប្រើប្រាស់ភាសាអារ៉ាប់ជាគោល ជាមួយរបរស្វែងរកវត្ថុមានតម្លៃដូចជាការជីករករ៉ែ និងស្ពាន់ជាដើម។



Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.