Skip to main content

ទូកយក្សរបស់ណូអេ ត្រូវបានគេសង្ស័យថាមានពិតមែននៅ លើផែនដីនេះ

  

រឿងព្រេងនិទានក្នុងគម្ពីរសាសនាគ្រឹស្ទទាក់ទងនឹងទូកយក្សរបស់ណូអេ ត្រូវបានគេសង្ស័យថាមានពិតមែននៅ លើផែនដីនេះ។ នៅក្នុងគម្ពីរបាននិយាយថា ព្រះជាម្ចាស់បានត្រាស់បង្គាប់ឲ្យណូអេ និងគ្រួសារសាងសង់ទូក យក្សមួយដ៏ធំដើម្បីការពារក្រុមគ្រួសាររបស់ខ្លួនផង ជួយអ្នកដទៃផង និងដើម្បីជួយសង្គ្រោះជីវិតសត្វ រុក្ខជាតិលើ ភពផែនដីផង។ គ្រាន់តែសាងសង់ទូកនោះហើយ ណូអេ និងគ្រួសារ ព្រមទាំងអ្នកភូមិផង បាននាំគ្នាឡើង មករស់នៅលើទូកភ្លាម រួចព្រះជាម្ចាស់បានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងតែម្តង ក្នុងរយៈពេល ១៥០ថ្ងៃជាប់ៗគ្នា ដែលធ្វើឲ្យមនុស្ស និងសត្វជាច្រើននៅលើពិភពលោកបានស្លាប់បាត់បង់ជីវិត។  ក្នុងរយៈពេល ១៥០ថ្ងៃនេះ ទូកមួយនេះបានបោកបក់តាមខ្សែទឹកហូរ និងខ្យល់បក់។ ក្រោយពេលទឹកស្រក ទូកនេះក៏បានទៅទើរលើកំពូលភ្នំអារ៉ារ៉ាត ហើយគ្រួសារណូអេ និងសត្វជាច្រើនក៏ចុះពីទូកមករស់នៅលើដីគោក តាមធម្មតាវិញ។

ភ្នំអារ៉ារ៉ាត(Ararat)គឺជាភ្នំខ្ពស់មួយដែលមានទីតាំងស្ថិតនៅជាប់នឹងព្រំដែនប្រទេសតួគី ដែលលើ កំពូលភ្នំនេះគ្រប់ដណ្តប់ដោយព្រិលទឹកកកស្ទើរពេញមួយឆ្នាំ។ តំបន់ភ្នំនោះត្រូវគេចាត់ទុកថាជាទីឋានបរិសុទ្ធសម្រាប់អ្នកកាន់សាសនាគ្រីស្ទ ព្រោះគេជឿថា នៅពេលដែលពិភពលោកលិចលង់ មានតែទីនេះទេ ដែលជាទីទួលសុវត្ថភាព និងជួយសង្រ្គោះមនុស្សលោកបាន។ នៅក្នុងព្រះគម្ពីរសាសនាគ្រិស្ទបានពណ៌នាអំពីរូបរាង និងទំហំរបស់ទូកនោះយ៉ាងច្បាស់លាស់ ដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពេលវាស់វែងកំណកហ្វូស៊ីលទូកនេះទៅ ឃើញថា វាមានទំហំ និងរូបរាងដូចទូករបស់ណូអេនៅក្នុងគម្ពីរស្ទើរតែទាំងស្រុងតែម្តង។ 

អ្នកដែលមានជំនឿលើសាសនាគ្រិស្ទមួយចំនួន គិតថា នេះជាភស្តុតាងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រវត្ដិសាស្រ្ត ឯអ្នកខ្លះទៀតថា គិតថាវាគ្រាន់តែជាការចៃដន្យប៉ុណ្នោះ ដែលធម្មជាតិបានបង្កើតហ្វូស៊ីលដូចនឹងទូករបស់ណូអេបេះបិតបែបនេះ។ ទីនេះ គឺជាបុរាណស្ថានដ៏អាថ៌កំបាំងមួយ ដែលទាំងអ្នកវិទ្យាសាស្ត្រ និងអ្នកសាសនានិយម មិនទាន់អាចរកចម្លើយឃើញ និងមានការខ្វែងគំណិតគ្នា។ ចុះលោកអ្នកវិញ គិតយ៉ាងណាដែរ? 




Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.