ផ្លូវថ្នល់នៅក្នុងប្រទេសជប៉ុនស្អាតខ្លាំងណាស់ ដោយមិនចាំបាច់ចំណាយប្រាក់លើអ្នកអនាម័យឡើយ។ ប្រជាជនជប៉ុន គឺជាអ្នកថែរក្សា និងបោសសម្អាតផ្លូវថ្នល់ដោយខ្លួនឯង។ ប្រជាជនជប៉ុនតែងតែរៀបចំកម្មវិធីបោសសម្អាតផ្លូវថ្នល់ជាប្រចាំជាមួយសមាជិកក្នុងគ្រួសារ និងអ្នកជិតខាងរបស់ខ្លួនជាដរាប។
ប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួម និងទទួលឯកសណ្ឋាន ព្រមទាំងឧបករណ៍បោសសម្អាតផ្លូវថ្នល់ពីសហគមន៍ យកទៅសម្អាតផ្លូវថ្នល់ដោយប្រុងប្រយ័ត្ន។ ពួកគេមិនត្រឹមតែរើសសំរាមប៉ុណ្នោះទេ តែពួកគេក៏បោសសម្អាតធូលីដី និងលាងក្អែលតាមផ្លូវថ្នល់ផងដែរ។ សូម្បីតែកម្អែលតាមប្រឡោះឥដ្ឋ នៅលើគែមថ្នល់ ក៏ត្រូវបានសម្អាតដែរ។
សហគមន៍តែងតែរៀបចំកន្លែងសម្រាប់ដាក់ភេសជ្ជៈដោយឥតគិតថ្លៃ នៅជិតកន្លែងដែលពួកគេសម្អាតផ្លូវថ្នល់ ដើម្បីផ្តល់ជូនអ្នកចូលរួមបានពិសារ ជារង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់ប្រជាជនគេផងដែរ។ ពួកគេក៏តែងតែសម្អាតប្រឡាយ ប្រមូលស្លឹកឈើ និងបោសសំរាមទាំងអស់ផងដែរ។
ជាធម្មតា ពួកគេតែងតែធ្វើការសម្អាតខ្នាតតូចរៀងរាល់ខែ ហើយរៀងរាល់មួយឆ្នាំម្តង ពួកគេធ្វើការសម្អាតលក្ខណៈខ្នាតធំ។ កាកសំណល់ណាដែលកើតឡើងដោយអ្នកណា អ្នកនោះត្រូវទទួលខុសត្រូវក្នុងការយកវាទៅផ្ទះដោយខ្លួនឯង។ លោកអ្នកក៏អាចនឹងមើលឃើញប្រជាជនស្ម័គ្រចិត្តរើសសំរាមនៅតាមផ្លូវ។ ប្រជាជនជប៉ុនពិតជាមានទំនួលខុសត្រូវខ្ពស់ក្នុងការការពារបរិស្ថាន ដែលមនុស្សគ្រប់រូបត្រូវតែធ្វើ។
Comments
Post a Comment