Skip to main content

កូកា-កូឡានៅកម្ពុជា ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងនិរន្តរភាព

Coca-Cola គឺជាភេសជ្ជៈ ដែលត្រូវបានទទួលស្គាល់ថា ជាម៉ាកយីហោ ដែលមានតម្លៃ និងល្បីល្បាញ បំផុតមួយនៅក្នុងពិភពលោក។ ភេសជ្ជៈកូកាកូឡាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៨៦ ពោលគឺ ជាង139 ឆ្នាំមកហើយ ដោយលោកវេជ្ជបណ្ឌិត John S. Pemberton ដែលមានទីលំនៅនៅក្នុងរដ្ឋអាត្លង់តា សហរដ្ឋអាមេរិក។ នេះបើតាមការចុះ ផ្សាយរបស់គេហទំព័រ worldofcoca-cola.com។ អ្នកបង្កើតភេសជ្ជៈដ៏ល្បីរូបនេះមានឈ្មោះពេញថា ចន ស្ទីតផេមបឺតុន (John Stith Pemberton) លោកស្លាប់តាំងពីឆ្នាំ១៨៨៨មកម្ល៉េះ។ គាត់គឺជាឱសថការី ជនជាតិអាមេរិកាំង និងជាអតីតយុទ្ធជននៃកងទ័ពរដ្ឋសហព័ន្ធមួយរូបផងដែរ។ កាលពីឆ្នាំ១៨៨៦ ខែឧសភា លោក ផេមបឺតុន គាត់បង្កើតភេសជ្ជៈមួយប្រភេទ ដែលបច្ចុប្បន្នយើងស្គាល់ជាទូទៅថា កូកា-កូឡានេះឯង ប៉ុន្តែលោកក៏សម្រេចចិត្តលក់កម្មសិទ្ធិឲ្យទៅលោក Asa Griggs Candler មុនពេលស្លាប់ទៅវិញ។
បើតាមវេបសាយ កូកា-កូឡា បានបង្ហាញថា នៅឆ្នាំ១៨៦៥ ខែមេសា ផេមបឺតុន  បានរងរបួសនៅដើមទ្រូង ជាទម្ងន់ ដោយសារសង្គ្រាមក្នុងសមរភូមិ កូឡុំបឺស (Columbus) ហើយមិនយូរប៉ុន្មាន លោកត្រូវបានញៀនថ្នាំម័រហ្វីន ដែលគេប្រើសម្រាប់បំបាត់ការឈឺចាប់នៅពេលនោះ។ ដោយសារញៀនថ្នាំម័រហ្វីននោះ ហើយ ទើបមកដល់ឆ្នាំ១៨៨៦ លោក ផេមបឺតុនចាប់ផ្ដើមព្យាយាមរិះរកវិធីផ្ដាច់សារធាតុញៀននោះវិញ ដោយការបង្កើតរូបមន្តមួយធ្វើពីសារធាតុសកម្មដែលបានមកពីរុក្ខជាតិពុល។
បន្ទាប់មកលោកបានបង្កើតរូបមន្តមួយទៀត ដែលមានសារធាតុចម្រាញ់ចេញពីគ្រាប់កូឡា និងដាម៉ាយ៉ាណា ឬហៅថា “ស្រាបារាំងកូកា-ផេមបឺតុន”។ យោងទៅតាមលោក ហ្វីល មូនី (Phil Mooney) ភេសជ្ជៈសូដារបស់ ផេមបឺតុន  ត្រូវបង្កើតឡើងនៅទីក្រុង កូឡុំបឺស (Columbus) រដ្ឋ ហ្សកហ្ស៊ី (Georgia) រួចដឹក ទៅកាន់អាត្លង់តា (Atlanta) សហរដ្ឋអាមេរិក។
តាមពិតទៅ គោលបំណងរបស់លោក គឺចង់ផលិតទឹកភេសជ្ជៈផ្អែមឆ្ងាញ់ម្យ៉ាងសម្រាប់លក់នៅតាម Soda Fountains តែប៉ុណ្នោះ ព្រោះនៅសម័យនោះ Soda Fountains គឺជាកន្លែង ដែលមនុស្សនានាអាចជួបជុំគ្នា ដើម្បីជជែកកម្សាន្ត និងហូបភេសជ្ជៈ ស្រដៀងគ្នានឹងហាងកាហ្វេសព្វថ្ងៃដែរ។
លោក Frank M. Robinson ដែលជាអ្នកលក់សៀវភៅ និងជាមិត្តម្នាក់របស់លោក Pemberton បានដាក់ឈ្មោះ និងរចនាម៉ូតកូកា-កូឡាដែលគេបានឃើញមកដល់សព្វថ្ងៃ។ កាលពីជាងមមួយរយឆ្នាំមុននោះ កូកា-កូឡាត្រូវបានគេកត់ត្រាថា មានអ្នកផឹកប្រមាណតែប្រាំបួនកែវប៉ុណ្ណោះក្នុងមួយថ្ងៃ នៅក្រុងអាត្លង់តា គឺជាចំនួនដ៏តិចតួចបំផុត។
តែសព្វថ្ងៃជុំវិញពិភពលោក កូកា-កូឡាមានអ្នកបរិភោគប្រមាណជាង១.៩ពាន់លានដងក្នុងមួយថ្ងៃ។ ក្រោយមក លោក Pemberton បានលក់ភាគហ៊ុនរបស់លោកទៅកាន់អ្នកជំនួញជាច្រើនទៀត នៅពេលដែលគាត់ទទួលមរណភាពក្នុងឆ្នាំ១៨៨៨។
លោក Frank M. Robinson ជាមិត្តភក្តិរបស់លោក Pemberton ជាអ្នកបានដាក់ឈ្មោះ និងរចនាម៉ូត Logo កូកាកូឡា ដែលបានឃើញដូចសព្វថ្ងៃនេះ។ 
ពេលភេសជ្ជៈកូកាកូឡាបង្កើតឡើងដំបូង មានអ្នកផឹកភេសជ្ជៈនេះប្រមាណតែប្រាំបួនកែវប៉ុណ្ណោះក្នុងមួយថ្ងៃ នៅក្រុងអាត្លង់តាសហរដ្ឋអាមេរិក។ ប៉ុន្តែសព្វថ្ងៃ មានអ្នកបរិភោគភេសជ្ជៈកូកាកូឡា ប្រមាណជាង១.៩ ពាន់លានដងក្នុងមួយថ្ងៃ។ក្រោយពេលមានតម្រូវការច្រើនលើសលុបនៅក្នុងទឹកដីអាត្លង់តា ក្រុមហ៊ុនកូកាកូឡាបានបង្កើតរោងចក្រ វេចខ្ចប់ដោយខ្លួនឯងក្នុងឆ្នាំ១៨៩៤ រួចចាប់ផ្តើមពង្រីកខ្សែសង្វាក់ផលិតកម្ម ទៅតំបន់ផ្សេងទៀតនៅ ក្នុងទឹកដីសហរដ្ឋអាមេរិក និងក្រោយមកទៀតចាប់ពង្រីកការផលិត និងចែកចាយទៅកាន់ប្រទេស ផ្សេងៗជាង ២០០ប្រទេសនៅជុំវិញពិភពលោក។ 
វត្តមាន កូកា-កូឡា ក្នុងប្រទេសកម្ពុជា
តាមសភាពាណិជ្ជកម្មអឺរ៉ុប (Eurocham) ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Cambodia Beverage Company Ltd (CBC) ដែលជាសមាជិកក្រុមហ៊ុន Bottling Investments Group (BIG) ដបកូកាកូឡារបស់ក្រុមហ៊ុន កូកា-កូឡាបានទទួលសិទ្ធិផ្តាច់មុខដោយក្រុមហ៊ុនផលិត និងចែកចាយ Coca-Cola ក្នុងប្រទេសកម្ពុជា។ CBC បានចាប់ផ្តើមមជ្ឈមណ្ឌលពាណិជ្ជកម្ម ផលិតកម្ម និងចែកចាយនៅឆ្នាំ ១៩៩៣ ជាមួយនឹងទឹកប្រាក់ វិនិយោគ ១០ លានដុល្លារ ដោយដំបូងឡើយមានបុគ្គលិកត្រឹមតែ ១០០ នាក់ប៉ុណ្នោះ។ CBC បានគ្រប់គ្រងខ្សែផលិតកម្មលើ Returnable Glass Bottle (RGB) រហូតដល់ឆ្នាំ ១៩៩៧ ក្រោយមក CBC បានវិនិយោគលើការអភិវឌ្ឍកញ្ចប់ថ្មី ហើយក្រោយមកក៏មានការដំឡើងខ្សែផលិតកម្មកំប៉ុងថ្មីទៀតដែរ។
នៅឆ្នាំ ២០០៨ ក្រុមហ៊ុនបានពង្រីកវិនិយោគទឹកប្រាក់ជាង ៣០ លានដុល្លារ ដើម្បីដំឡើងនូវខ្សែផលិតកម្ម PET ថ្មី និងអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មកំប៉ុងថ្មី។ នៅឆ្នាំ 2016 ក្រុមហ៊ុនកូកាកូឡាកម្ពុជា បានពង្រីកខ្លួនកាន់តែធំនិងប្ដូរទៅទីតាំងថ្មីពីខណ្ឌឫស្សីកែវគឺទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញវិញ ( Phnom Penh Special Economic Zone) ជាមួយនឹងទំហំទឹកប្រាក់វិនិយោគសង្វាក់ផលិតកម្មជាង 100 លានដុល្លារ។ក្រុមហ៊ុន CBC ជួលបុគ្គលិកដែលជាកម្លាំងពលកម្ម ក្នុងស្រុកដោយផ្ទាល់ជាង ៦០០នាក់ និងបច្ចុប្បន្ននេះកើនដល់ជាង 800 នាក់ និងអ្នកទទួលផលដោយប្រយោលពីការងារនេះជាង 8000 នាក់។
ក្រៅពីភេសជ្ជៈ Coca-Cola ដែលត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោ ដ៏មានតម្លៃបំផុតនៅក្នុង ពិភពលោកនោះ ក្រុមហ៊ុន CBC ក៏បានដាក់លក់លើទីផ្សារនូវភេសជ្ជៈពេញនិយមប្រាំពីរប្រភេទ ផ្សេងទៀតរួមមាន៖ Coca-Cola Light, Fanta (Fanta ទឹកក្រូច, Fanta ទំពាំងបាយជូ និង Fanta Red Berry), Sprite, Schweppes (Schweppes សូដា និង Schweppes Tonic), Samurai (Samurai Fruity និងSamurai Strawberry), Minute Maid Pulpy និងMinute Maid Nutriboost នៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនក៏បានបន្ថែមទៅក្នុងខ្សែផលិតកម្មរបស់ខ្លួននូវផលិតផល Aquarius (ភេសជ្ជៈជួយបន្ថែមជាតិទឹក សម្រាប់អ្នកចូលចិត្តលេងកីឡាដំបូងគេ) និងទឹកពិសារបរិសុទ្ធ Dasani ផងដែរ។
សូមបញ្ជាក់ជូនលោកអ្នកផងដែរថា ក្រុមហ៊ុន Coca-Cola គឺជាដៃគូប្រកួតប្រជែងរបស់ ក្រមហ៊ុន Pepsi Cola ដែលជាក្រុមហ៊ុនភេសជ្ជៈយក្សរបស់អាមេរិចទាំង២។
គុណសម្បត្តិរបស់ក្រុមហ៊ុនកូកាកូឡាសម្រាប់កម្ពុជា
  • បង្កើតការងារដល់ពលរដ្ឋកម្ពុជាដោយផ្ទាល់ជាង 800 នាក់ និងដោយប្រយោលជាងប្រាំបីពាន់នាក់ រាប់តាំងពីអ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអ្នកលក់រាយចុងក្រោយ និងបន្តរក្សាវឌ្ឍនភាពរបស់ខ្លួននៅក្នុងការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាបង្កើតការងារឲ្យប្រជាជនកម្ពុជា ក្នុងនោះមានទាំងដោយផ្ទាល់និងដោយប្រយោល។
  • ជាផ្នែកមួយជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាជាមួយនឹងទំនុកចិត្តវិនិយោគក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនក្នុងទំហំទឹកប្រាក់ជាង 100 លានដុល្លារ។
  • កូកាកូឡាកម្ពុជា បានជួយគាំទ្រទៅដល់អាជីវកម្មក្នុងស្រុក រួមមានអ្នកផ្គត់ផ្គង់ដុំ អ្នកចែកចាយ និងអ្នកលក់រាយ ជាផ្នែកមួយជួយជំរុញសកម្មភាពសហគ្រាសធុនតូចនិងមធ្យម។
  • កូកាកូឡាកម្ពុជាបានជួយអភិវឌ្ឍន៍នូវជំនាញការងារ សមត្ថភាពការងារដល់ប្រជាជនកម្ពុជា លើផ្នែកជាច្រើនដូចជា ផ្នែកផលិតកម្ម ផ្នែកគ្រប់គ្រងគុណភាព ផ្នែកលក់ ផ្នែកទីផ្សារ  និងផ្នែកគ្រប់គ្រងទូទៅជាដើម។ តាមរយៈនេះបានជួយឱ្យកម្លាំងពលកម្មកម្ពុជាមានសមត្ថភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។
  • ក្រុមហ៊ុននេះក៏បានយកចិត្តទុកដាក់ទៅលើផ្នែក gender ផងដែរ ដោយមានចក្ខុវិស័យបង្កើនចំនួនកម្លាំងការងារស្ត្រីពី 37 ភាគរយ ទៅដល់ 50% នៅឆ្នាំ 2030។
  • កូកាកូឡាកម្ពុជាបានផ្ដល់អត្ថប្រយោជន៍និងជម្រើសជាច្រើនទៅដល់អ្នកប្រើប្រាស់ជាមួយនឹងផលិតផលរបស់ខ្លួនជាង 14 មុខជម្រើស រសជាតិ និងតម្លៃ និងស្តង់ដារអន្តរជាតិ។
  • ក្រុមហ៊ុនកូកាកូឡាកម្ពុជាក៏បានយកចិត្តទុកដាក់ទៅលើចីរភាពបរិស្ថានផងដែរ ដូចជាការប្រើប្រាស់ ថាមពលស្អាត ការកាត់បន្ថយកាកសំណល់ និងការកែច្នៃកាកសំណល់ឡើងវិញ។
  • កូកាកូឡាកម្ពុជា ក៏បានចូលរួមទៅក្នុងសកម្មភាពសហគមន៍ផងដែរ ដូចជាសាលារៀន អង្គការក្រៅ រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងគម្រោងការគាំទ្រការបណ្ដុះបណ្ដាល អប់រំ ការអភិវឌ្ឍន៍សមត្ថ ភាពស្ត្រី និងការងារយុវជន។ ក្រៅពីនេះក្រុមហ៊ុននេះក៏បានជួយទៅក្នុងសកម្មភាពផ្សេងៗ ទៀតដែរដូចជាកីឡា កម្មវិធីវប្បធម៌ ឬព្រឹត្តិការណ៍កម្សាន្តនានា។
សរុបជារួមមក ក្រុមហ៊ុនកូកាកូឡាមានប្រវត្តិជាង 100 ឆ្នាំមកហើយនៅលើទឹកដីសហរដ្ឋអាមេរិក និងបានពង្រីកខ្លួននៅពាសពេញសកលលោក ក្នុងនោះក្រុមហ៊ុននេះក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងដែរតាំងពីឆ្នាំ 1993 និងបន្តវិវត្តន៍រីកចម្រើនមកទល់នឹងសព្វថ្ងៃនេះក្នុងទំហំទឹកប្រាក់វិនិយោគជាង 100 លានដុល្លារ ជាមួយនឹងផលិតផលរបស់ខ្លួនជាង 14 មុខ ហើយបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្ពុជាយើងលើ ផ្នែកសេដ្ឋកិច្ច ការងារ បរិស្ថាន និងសហគមន៍៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.