បឹង Kivu គឺជាបឹងដ៏ធំមួយក្នុងចំណោមបឹងធំៗទាំងអស់នៅលើពិភពលោក។ បឹង គីវូ មានទេសភាពស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែបឹងនេះក៏បានជាប់ឈ្មោះជាបឹងដែលមានគ្រោះថ្នាក់បំផុតមួយក្នុងលោកផងដែរ។ បឹងនេះពោរពេញទៅដោយកាបូនឌីអុកស៊ីត និងមេតាននៅក្នុងទឹកយ៉ាងជ្រៅដែលងាយនឹងផ្ទុះបានគ្រប់ពេលវេលា។ បច្ចុប្បន្នបឹងគីវូបាននឹងកំពុងគំរាមកំហែងដល់ជីវិតមនុស្សជាង ២ លាននាក់ដែលរស់នៅជុំវិញបឹងនេះ។ ប្រសិនបើតំបន់នោះមានការរញ្ជួយដី បឹងនឹងផ្ទុះបណ្តាលឱ្យមនុស្សរាប់លាននាក់អាចននឹងបាត់បង់ជីវិត។
បឹង Kivu ស្ថិតនៅក្នុងជ្រលងភ្នំប្រេះស្រាំ នៅតាមព្រំដែននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសរវ៉ាន់ដា។ បឹង Kivu មានប្រវែង ៩០ គីឡូម៉ែត្រ ទទឹង ៥០ គីឡូម៉ែត្រ និងជម្រៅ ៤៧៥ ម៉ែត្រដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រហែល ២,៧០០ គីឡូម៉ែត្រការ៉េ។ បើយោងតាមការស្រាវរបស់លោក Sergei Katsev ជាសាស្ត្រាចារ្យផ្នែករូបវិទ្យា និងគីមីភូមិសាស្ត្រនៅសាកលវិទ្យាល័យ Minnesota Duluth បានបង្ហាញថា បឹងនេះមានរចនាសម្ព័ន្ធស្រទាប់ទឹកខុសពីធម្មតា ដោយមានតែកំពស់ទឹក ៦០ ម៉ែត្រលាយគ្នាជាប្រចាំ ស្រទាប់ខាងក្រោមនៃទឹកតែងតែនៅទ្រឹង ឬហៅថាទឹកគ្មានសសៃ។
នៅក្នុងទឹកបឹង Kivu មានផ្ទុកឧស្ម័នកាបូនិក និងមេតានដែលកកកុញនៅបាតជម្រៅជាង ២៦០ ម៉ែត្រ ដែលធ្វើឲ្យបឹងនេះពោរពេញទៅដោយឧស្ម័នអ៊ីដ្រូសែនស៊ុលហ្វីត ពីជម្រៅជ្រៅក្នុងសំបកផែនដី ជាហេតុធ្វើឱ្យកម្រិតខ្ពស់នៃកាបូនឌីអុកស៊ីត និងមេតាននៅក្នុងទឹកផ្ទុះយ៉ាងលឿន។ វិស្វករ និងជាស្ថាបនិកក្រុមហ៊ុន Hydragas Energy លោក Philip Morkel បាននិយាយថា នៅពេលបឹងនេះផ្ទុះបឹងទាំងមូលអាចនឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងមួយថ្ងៃប្រមាណជា ៥% នៃឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំនៅក្នុងពិភពលោក ដែលអាចធ្វើអោយមនុស្សរាប់លាននាក់សត្វពាហនៈ ដំណាំ និងសត្វព្រៃ មិនអាចដកដង្ហើមបាន។
ឬអាចនិយាយបានថា បើសិនជាបឹងនេះផ្ទុះ វាអាចបណ្តាលឱ្យប្រជាជនប្រហែល ២ លាននាក់រស់នៅលើច្រាំងនៃបឹង Kivu ស្លាប់ក្នុងរយៈពេលមួយនាទី។ ហេតុនេះការប៉ាន់ប្រមាណហានិភ័យនៃការផ្ទុះគឺមានកត្តាជាច្រើនដែលមិនអាចទាយទុកជាមុនបាន ជាហេតុធ្វើឱ្យបឹង Kivu ត្រូវបានគេដាក់ឈ្មោះថាជាបឹងដ៏គ្រោះ.ថ្នាក់បំផុតក្នុងលោក។ សព្វថ្ងៃនេះអ្នកវិទ្យាសាស្ត្រជាច្រើនបានកំពុងជីកយករ៉ែមេតាន ដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះរបស់បឹងគីវូ ហើយវាក៏បានផ្តល់ថាមពលដល់បណ្តាញអគ្គិសនីរបស់ប្រទេសកុងហ្គោ និងរវាន់ដាផងដែរ៕ ដោយសារការខិតខំប្រឹងប្រែងផ្នែកវិស្វកម្ម វាក៏បានធ្វើឲ្យមានការថយចុះនៃកំហាប់មេតានបន្តិចម្តងៗ ហើយយើងសង្ឃឹមថា កំហាប់មេតាននៅទីនេះនឹងធ្លាក់ចុះរហូតដល់សូន្យនៅក្នុងពេលអនាគតឆាប់ៗនេះ។
Comments
Post a Comment