អំពើពុករលួយជាបញ្ហាដែលកើតមាននៅគ្រប់ប្រទេសទាំងឡាយ ប៉ុន្តែវាមានភាពធ្ងន់ធ្ងរ ជាពិសេសនៅប្រទេសកំពុង អភិវឌ្ឍ ដូចជា កម្ពុជាជាដើម។ វាជាឧបសគ្គធំមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការគ្រប់គ្រងរដ្ឋបាល និងការកសាង សង្គមប្រជាធិបតេយ្យ។ ទោះបីជារដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការប្រឆាំងអំពើពុករលួយ និងច្បាប់ជាច្រើន ក៏ដោយ ប៉ុន្តែអំពើពុករលួយនេះនៅតែមានការរីករាលដាលក្នុងវិស័យជាច្រើន ដូចជារដ្ឋបាលសាធារណៈ សាលា រៀន ទីភ្នាក់ងារពន្ធដារ ការផ្តល់សេវាសាធារណៈ និងវិស័យយុត្តិធម៌។ ក្នុងអត្ថបទស្រាវជ្រាវនេះ យើងខ្ញុំនឹងលើកមកបង្ហាញអំពី៖
- កត្តាដែលបណ្តាលឲ្យមានអំពើពុករលួយនៅកម្ពុជា
- ផលវិបាកចំពោះសង្គម និងប្រទេសជាតិ
- វិធានការដើម្បីលុបបំបាត់អំពើពុករលួយមានប្រសិទ្ធភាពនៅក្នុងសង្គមកម្ពុជាជាដើម។
១. មូលហេតុនៃអំពើពុករលួយនៅកម្ពុជា
១. ១. កត្តារដ្ឋបាល និងច្បាប់
- ការគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាមានភាពទន់ខ្សោយ ដោយសារការអនុវត្តច្បាប់មិនស្មើគ្នា ខ្វះតម្លាភាព និងការរើសអើងក្នុងការផ្តន្ទាទោស។
- អង្គភាពត្រួតពិនិត្យមិនមានឯករាជ្យពេញលេញ ដូច្នេះការចាប់ខ្លួន ឬបណ្តឹងលើមន្រ្តីមានអំណាចខ្ពស់ គឺកើតមានដោយកម្រណាស់។
- ការខ្វះប្រព័ន្ធត្រួតពិនិត្យសាធារណៈក៏ជាហេតុធំមួយផងដែរ ដែលជាឱកាសនាំឲ្យកើតមានអំពើពុករលួយ នៅក្នុងសង្គមកម្ពុជា។
១. ២. កត្តាសេដ្ឋកិច្ច
- ប្រាក់ខែមន្រ្តីរាជការទាប និងភាពក្រីក្រ ក្នុងសេដ្ឋកិច្ចជាមូលហេតុឲ្យមនុស្សខ្លះប្រើអំណាចក្នុងការទទួល បាននូវអំណោយ ឬធ្វើអំពើពុករលួយដើម្បីរកប្រាក់ចំណូលបន្ថែម។
- ភាពខ្វះសមធម៌ក្នុងការចែកចាយធនធានសេដ្ឋកិច្ច និងកលានុវត្តភាពសេដ្ឋកិច្ច ក៏បណ្តាលឲ្យមនុស្ស ខ្លះប្រើវិធីមិនត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួន។
១.៣ កត្តាសង្គម និងវប្បធម៌
- ប្រជាជនខ្លះនៅតែយល់ច្រឡំចំពោះពាក្យ “អំណោយ” ឬ “ សគុណ” ដែលជាទំនៀមទម្លាប់វប្បធម៌ ខ្មែរចាស់ៗ ហើយយកវាទៅប្រើជាគោលការណ៍ឲ្យមានភាពសង្ស័យក្នុងការផ្តល់សេវាសាធារណៈ។
- ខ្វះការអប់រំសីលធម៌ និងការយល់ដឹងឲ្យទូលំទូលាយអំពីសិទ្ធិ និងភារកិច្ចរបស់ប្រជាពលរដ្ឋ ក៏ជាហេតុដែលធ្វើឲ្យអំពើពុករលួយមានវត្តមាននៅសង្គមនេះផងដែរ។
១. ៤. កត្តានយោបាយ
- អំណាចនយោបាយ នៅកម្ពុជាត្រូវបានប្រមូលផ្តុំនៅលើមនុស្សតែម្នាក់ ឬមនុស្សមួយក្រុមតូច ធ្វើឲ្យប្រព័ន្ធ ត្រួតពិនិត្យប្រសិទ្ធភាព និងតុល្យភាពមានកម្រិត។
- ការខ្វះសេរីភាពសារព័ត៌មាន និងការការពារអ្នកបង្ហាញព័ត៌មានពិត ឬអ្នករាយការណ៍ករណីពុករលួយ ជាកត្តាធំមួយដែលអនុញ្ញាតឲ្យអំពើពុករលួយបន្តរស់រានមានជីវិតនៅក្នុងសង្គមកម្ពុជា។
២. ផលវិបាកនៃអំពើពុករលួយ
២.១ ផលវិបាកសេដ្ឋកិច្ច
- អំពើពុករលួយធ្វើឲ្យធនធានជាតិត្រូវបានប្រើប្រាស់ខុសគោលបំណង។
- ការវិនិយោគបរទេសថយចុះ ដោយសារអតិថិជន និងវិនិយោគិនអន្តរជាតិនៅតែខ្លាចភាពមិនថ្លៃថ្នូរនៃប្រព័ន្ធ ច្បាប់កម្ពុជា។
- បណ្តាលឲ្យថវិកាជាតិខាតបង់ និងធ្វើឲ្យការអភិវឌ្ឍប្រទេសយឺតជាងគេ។
២.២. ផលវិបាកសង្គម
- វាបង្កឲ្យមានភាពអយុត្តិធម៌សង្គម និងភាពខុសគ្នាខ្លាំងរវាងអ្នកមានអំណាច មានលុយ និងប្រជាពលរដ្ឋ ធម្មតា។
- ប្រជាជនខ្លះបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌។
- ការងាររបស់មនុស្សមានសមត្ថភាពត្រូវបានរារាំងដោយអំណាច ខ្សែ បក្សពួក និងការប្រកួតប្រជែងមិន ត្រឹមត្រូវ
២. ៣. ផលវិបាកនយោបាយ
- អំពើពុករលួយធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះខ្សោយ ហើយអំណាចរដ្ឋត្រូវបានគេប្រើដើម្បីរកផលប្រយោជន៍ ផ្ទាល់ខ្លួន។
- វាបង្កឲ្យមានភាពមិនជឿជាក់លើប្រព័ន្ធស្ថាប័នរបស់ជាតិ និងបើធ្ងន់ធ្ងរ អាចនាំទៅរកភាពអស្ថិរភាព នយោបាយនៅពេលអនាគត។
៣. វិធានការប្រឆាំងនឹងអំពើពុករលួយ
៣.១. ការកែលម្អប្រព័ន្ធច្បាប់ និងរដ្ឋបាល
- ត្រូវធ្វើឲ្យប្រព័ន្ធតុលាការមានឯករាជ្យ និងមានការទទួលខុសត្រូវច្បាស់លាស់។
- ត្រូវអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយដោយស្មើគ្នា និងមិនគួររើសអើង។
- បង្កើនសមត្ថភាព ប្រសិទ្ធភាព និងសុចរិតភាពរបស់អង្គភាពត្រួតពិនិត្យរដ្ឋបាល។
៣. ២. ការកែលម្អសេដ្ឋកិច្ច និងសេវារដ្ឋបាល
- ត្រូវបង្កើនប្រាក់ខែមន្រ្តីរាជការ និងធានាឲ្យមានភាពថ្លៃថ្នូរនៃការងារ។
- បង្កើតប្រព័ន្ធថវិកាដែលអាចត្រួតពិនិត្យដោយសាធារណៈ គឺទាំងរដ្ឋាភិបាល និងសង្គមស៊ីវិល និងប្រើប្រាស់ បច្ចេកវិទ្យាដើម្បីកាត់បន្ថយការទំនាក់ទំនងផ្ទាល់ក្នុងសេវារដ្ឋ។
៣. ៣. ការអប់រំសីលធម៌ និងការផ្សព្វផ្សាយសាធារណៈ
- ត្រូវដាក់សកម្មភាពអប់រំសីលធម៌ប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សានៅគ្រប់កម្រិត
- បង្កើតយុទ្ធនាការផ្សព្វផ្សាយតាមសារព័ត៌មាន សាលារៀន និងសហគមន៍ ដើម្បីបង្ហាញអំពីផលអាក្រក់ នៃអំពើពុករលួយ។
៣.៤. ការចូលរួមរបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋ
- ត្រូវបើកឱកាសឲ្យប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលចូលរួមត្រួតពិនិត្យការងាររបស់រដ្ឋបាលសាធារណៈ។
- ត្រូវគាំទ្រសារព័ត៌មានឯករាជ្យ និងការការពារអ្នករាយការណ៍អំពើពុករលួយ។
ជាសន្និដ្ឋាន៖
អំពើពុករលួយ គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលរារាំងដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។ វាប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងនយោបាយ។ ដើម្បីលុបបំបាត់វា ត្រូវការការចូលរួមពីគ្រប់ភាគី រដ្ឋាភិបាល ស្ថាប័នឯកជន សារព័ត៌មាន សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់។ ប្រសិនបើប្រជាជនខ្មែរអាចរួមគ្នាប្រឆាំងនឹងអំពើនេះដោយស្មោះត្រង់ និងយកចិត្តទុកដាក់ នោះកម្ពុជានឹងអាចឈានទៅរកអនាគតប្រទេស ដែលមានសេចក្ដីសុខ សុចរិតភាព និងសេរីភាព ប្រជាធិបតេយ្យ យុត្តិធម៌ និងវឌ្ឍនភាពយ៉ាងពិតប្រាកដ៕
Comments
Post a Comment