ខេត្តសៀមរាប គឺជាអតីតរាជធានីខ្មែរសម័យអង្គរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសាសនា ហើយបច្ចុប្បន្នជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប រួមទាំងជាខេត្តមួយ ដែលមានរចនាសម្ព័ន្ធ ទីក្រុង និងមានសមិទ្ធផលសាសនាដ៏សម្បូរបែប នោះគឺមានវត្តមានប្រាសាទបុរាណជាច្រើនអានេក។
បច្ចុប្បន្ននេះ សៀមរាបបានក្លាយជាគោលដៅទេសចរណ៍ដ៏សម្បូរបែប ជាពិសេសគឺតំបន់ទេសចរណ៍បែបប្រវត្តិ សាស្ត្រ ដែលជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកចង់ស្គាល់ ចង់ឃើញនូវសមិទ្ធផល ដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរក្នុងសម័យកាលដ៏រុងរឿង គឺសម័យកាលចក្រភពអង្គរ ដែលភ្ញៀវទេសចរណ៍នឹកឃើញ មុន គេគឺប្រាសាទបុរាណ។ ជាក់ស្ដែង តាមការសិក្សារបស់អ្នកបុរាណវិទ្យាបានបង្ហាញឲ្យឃើញថា ខេត្តសៀមរាប មានប្រាសាទជាច្រើន រហូតដល់ជាង ១០០០ ប្រាសាទឯណោះ។ ក្នុងចំណោមនោះ មានប្រាសាទបុរាណចំនួន ៥ ដែលទេសចរមិនគួរភ្លេចឡើយ នៅពេលទៅលេងខេត្តសៀមរាបម្ដងៗ៖
១. លេខរៀងទី ៥៖ ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រហ្មបានសាង់សង់ឡើងនៅចុងសតវត្សទី ១២ រហូតដល់ដើមសតវត្សទី ១៣ ដោយព្រះបាទ ជ័យវម្ម៌ទី៧។ ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ច្រើន និងល្បីល្បាញបំផុត ដោយសារមានដើមស្ពង់ធំៗ ដែលដុះព័ទ្ធជុំវិញជញ្ជាំងប្រាសាទ និងត្រូវបានរក្សាទុកឲ្យនៅក្នុងសភាព “ធម្មជាតិ” ដែលមើលទៅហាក់ ដូចជា ប្រាសាទដ៏អាថ៌កំបាំងមួយនៅក្នុងព្រៃយ៉ាងដូច្នោះដែរ។ ក្រៅពីភាពជាប្រាសាទដើមឈើ ប្រាសាទតា ព្រហ្មក៏មានកសិណទឹកព័ទ្ធជុំវិញពីរជាន់ និងត្រូវបានចាត់ទុកថា ជាទីអធិដ្ឋានបញ្ចៀសរឿងសៅហ្មងរបស់ អ្នកមានជំនឿទៀតផង។ ដោយសារសម្រស់របស់ប្រាសាទតាព្រហ្ម ពិតជាគួរឱ្យចាប់អារម្មណ៍ បែបនេះ ហើយ ទើបប្រាសាទតាព្រហ្ម ត្រូវបានជ្រើសរើសជាទីតាំងថតខ្សែភាពយន្តដ៏ល្បីគឺរឿង Tomb Raider ផងដែរ។
២. លេខរៀងទី ៤ៈ ប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រីបានសាងសង់ឡើងនៅក្នុងសតវត្សទី ១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម្ម៌ទី២ ដើម្បី ឧទ្ទិសដល់ព្រះឥសូរ (Shiva) នៃព្រហ្មញ្ញសាសនា។ តាមឯកសារប្រវត្តិសាស្រ្តអាណាចក្រខ្មែរបានកត់ ត្រាថា ប្រាសាទបន្ទាយស្រី ត្រូវបានសាងសង់ឡើងពីថ្មពណ៌ផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មា រស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍ និងត្រូវបានគេហៅ ថា “គ្រឿងអលង្ការនៃសិល្បៈខ្មែរ”។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹង ដោយថ្មភក់ពណ៌ផ្កា ឈូក និងឥដ្ឋរាងបួនជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ។ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅ ទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ
៣. លេខរៀងទី ៣ៈ ប្រាសាទព្រះខ័ន
ប្រាសាទព្រះខ័នបានសាងសង់នៅក្នុងរជ្ជកាលព្រះបាទជ័យវម្ម៌ទី៧ តែពុំបានសង់រួចរាល់នៅក្នុងសម័យ ព្រះអង្គទេ គឺមហាក្សត្រក្រោយៗ បានសង់បន្ថែមជាបន្ដបន្ទាប់នៅសតវត្សរ៍ទី១២ ដល់ទី ១៣ ដើម្បីឧទ្ទិស ចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវម្ម៌ទី២ ជាព្រះវរ បិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈ ដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាង ព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រាជ្ញាបារមីតា។ យោងតាមសិលា ចារឹកបានចារថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវម្ម៌ទី៧ បានផ្តួល រំលំពួកចាម។ លើសពីនេះទៅទៀត នៅអំឡុងពេលនៃការជួសជុលរាជធានីយសោធរបុរៈ ឬហៅថាក្រុងអ ង្គរធំដែលធ្លាប់ត្រូវបានដុតបំផ្លាញដោយកងទ័ពចាម ប្រាសាទព្រះខ័នមានតួនាទីជាកន្លែងសម្រាប់ព្រះ មហាក្សត្រធ្វើការផង ជាសកលវិទ្យាល័យផង និងសម្រាប់គោរពប្រតិបត្តិសាសនាចម្រុះទាំងព្រះពុទ្ធសាស នា និងព្រហ្មញ្ញសាសនាផងដែរ។ ប្រាសាទព្រះខ័នក៏ធ្លាប់ជាសមរភូមិប្រយុទ្ធប្រឡាក់ទៅដោយថ្លុកឈា មនៅពេលកងទ័ពចាមវាយលុក និងគ្រប់គ្រងក្រុងអង្គរនៅឆ្នាំ ១១៧៧ ប៉ុន្តែត្រូវបានព្រះបាទជ័យវម្ម៌ទី៧ ធ្វើសង្គ្រាមដណ្តើមយកជ័យបានមកវិញនៅឆ្នាំ ១១៨១។
៤. លេខរៀងទី ២៖ ប្រាសាទបាយ័ន
ប្រាសាទបាយ័នត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ កសាងដោយព្រះបាទ ជ័យវម្ម៌ទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្អវិចិត្រ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាង កាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខ ញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថា នៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុះហ យាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃ ចម្លាក់ តំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន និងមានទីតាំងស្ថិត នៅក្រុងអង្គរ ធំ។
៥. លេខរៀងទី ១៖ ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត គឺជាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំបំផុតមួយ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្រោមស្នាព្រះហស្ថ ព្រះបាទសូរ្យវម្ម៌ទី២ នៅដើមសតវត្សរ៍ទី ១២។ ប្រាសាទនេះ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយសារតែរចនាបថដ៏ស្រស់ស្អាត និងមានទំហំធំមហិមា ព័ទ្ធជុំវិញទៅដោយគូទឹក និងព្រៃឈើជាច្រើន។ នៅក្នុងប្រាសាទមានចម្លាក់នៅលើជញ្ជាំងដែលសុទ្ធតែឆ្លុះ បញ្ចាំងពីជីវភាពរស់នៅកាលពីសម័យមុន ប្រវត្តិនៃការធ្វើចម្បាំង ចម្លាក់អាទិទេព ចម្លាក់រឿងព្រេង និងចម្លាក់ផ្សេងៗទៀតដែលមានអត្ថន័យគួរឲ្យចាប់អារម្មណ៍។ ប្រាសាទអង្គរវត្ត ត្រូវបានគេចាត់ទុកជានិមិត្ត រូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជា។ ក្រៅពីនោះ ប្រាសាទអង្គរវត្ត គឺជារមណីយដ្ឋាន ទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តមួយ មានទីតាំងស្ថិតនៅក្នុងបរិវេណឧទ្យានអង្គរ និងមានចម្ងាយ ប្រមាណ ៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ថ្វីត្បិតតែភ្ញៀវទេសចរជាច្រើនធ្លាប់បានទៅទស្សនាទីនេះ ជាច្រើនសារក្ដី តែប្រាសាទដ៏ចំណាស់មួយនេះ នៅតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិឲ្យចូលទៅទស្សនាមិនងាយនឹងអាក់ខានបានឡើយ។
ប្រាសាទទាំង៥នេះ គឺប្រៀបដូចជា ប៉ម ៥ ដែលតំណាងឱ្យ ភ្នំព្រះសុមេរុ ដែលជាទីកន្លែងសក្ការៈក្នុងជំនឿ ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ប៉ុន្តែខេត្តសៀមរាបមិនមែនមានប្រាសាទតែ៥ នេះប៉ុន្នោះទេ ខេត្តសៀមរាប មានប្រាសាទជាង ១០០០ប្រាសាទ និងមានប្រាសាទល្បីៗ ដែលជាទីចាប់អារម្មណ៍ជាច្រើនទៀតសម្រាប់ ទេសចរណ៍។ ប៉ុន្តែនៅក្នុងវីដេអូនេះ យើងខ្ញុំលើកយកតែប្រាសាទមួយចំនួនតូច ដែលជាប្រាសាទបុរាណល្បីៗ និងជាទីពេញនិយម ព្រមទាំងជាគោលដៅទេសចរណ៍ ដែលទេសចរណ៍មិនគួររំលងប៉ុន្នោះ នោះគឺ
- ប្រាសាទតាព្រហ្ម
- ប្រាសាទបន្ទាយស្រី
- ប្រាសាទព្រះខ័ន
- ប្រាសាទបាយ័ន
- ប្រាសាទអង្គរវត្ត។
Comments
Post a Comment