Skip to main content

តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា?


បុព្វបុរសខ្មែរពីអតីតកាលមក មានជំនឿថា នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌ ដែលត្រូវនឹងថ្ងៃ១រោច ខែភទ្របទ រហូតដល់ ថ្ងៃ១៥រោច ខែភទ្របទ គឺជាថ្ងៃដែលឋាននរកបើកទ្វារប្រលែងពពួកប្រេត ឲ្យចេញមករកចំណីអាហារសំណែនពីសាច់ញាតិនៅតាមវត្តអារាម។

ចំណែកឯសាច់ញាតិវិញ ត្រូវធ្វើការបោះបាយបិណ្ឌ នៅម៉ោង៤ទាបភ្លឺ ដើម្បីឧទ្ទិសកុសលដល់ពពួក ប្រេតដែលអត់ ឃ្លាន គ្មានសាច់ញាតិ ឬបានទៅដល់សាច់ញាតិដែលក្លាយទៅជាប្រេត ដើម្បីឲ្យបាន ទទួលបាយបិណ្ឌ ក្នុងមួយឆ្នាំ ម្តងនេះឯង។

យោងតាម វីគីភីឌា ពាក្យ “ប្រេត” គឺ​ជា​ពាក្យ​ខ្ចី​មក​ពី​ភាសា​សំស្ក្រឹត ចំណែក​ពាក្យ​ខ្ចី ​មក​ពី​ភាសា​បាលី​វិញ​ ហៅ​ថា ប៉េតៈ ។ អត្ថន័យ​ដើម​របស់​ពាក្យ​ ប្រេត គឺ​ជា​មនុស្ស​ស្លាប់​ ​ឬ​ ព្រលឹងខ្មោច។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ ប្រេត ប្រែ​ថា សត្វ​កើត​ក្នុង​អបាយភូមិ​ ឧទាហរណ៍ ពួក​ប្រេត។ បើ​ប្រើ​ជា​គុណនាម​វិញ ប្រេត មាន​ន័យ​ថា (អ្នក) ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក​ហើយ។ ក្រោយ​មក​ពុទ្ធ​សាសនា​មហាយាន​បាន​ជ្រាប​ទៅ​ដល់​ប្រទេស​ចិន ជនជាតិ​ចិន​បាន​បក​ប្រែ​ពាក្យ​ ប្រេត ពី​ភាសា​សំស្ក្រឹត​ទៅ​ជា​ភាសា​ចិន​ថា "អេគុយ" (egui) ដែល​មាន​ន័យ​ផ្សេង​ថា "ខ្មោច​ស្រេក​ឃ្លាន" ដែល​ជាប់​អត្ថន័យ​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក និងផ្នត់​គំនិត​ខ្មែរ និងសាសន៍​ផ្សេង​ៗ​ទៀត ​ដែល​កាន់​ពុទ្ធសាសនា​និកាយ​ថេរវាទ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅក្នុងគម្ពីរព្រះត្រៃបិដកនៃពុទ្ធសាសនានិកាយ ថេរវាទ បានចែងថាមនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗ តាមកម្មរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក។ មនុស្សចិត្តអាក្រក់ ដែលធ្វើអំពើបាបផ្សេងៗលុះស្លាប់ទៅបានទៅកើត ក្នុងកំណើតមួយហៅថា «ប្រេត » ។

នៅក្នុងអត្ថបទដែលចេញផ្សាយដោយកម្ពុជាថ្មី បានសរសេរថា នៅក្នុង​ជំនឿ​វិញ្ញាណ​និយម ប្រេត គឺជា​វិញ្ញាណ នៃ​ខ្មោចតៃហោង ខ្មោច​អនាថា និង​ខ្មោច​អបាយភូមិ (​ជា​ព្រលឹង​របស់​មនុស្ស ដែល​ប្រព្រឹត្ត​តែ​សេចក្តី​វិនាស​)​។ 

ក្នុងនាមយើងខ្ញុំជាម្ចាស់អត្ថបទនេះ យើងខ្ញុំយល់ឃើញថា បុគ្គល​ទាំងឡាយ ​ដែល​ប្រព្រឹត្ត​នូវ​សេចក្តី​វិនាសដល់ ខ្លួនឯង គ្រួសារ អ្នកដទៃ និងសង្គមជាតិ រមែងគួរ​កត់សំគាល់ថា​ជា​មនុស្សវិញ្ញាណប្រេត។

បើនិយាយទៅតាមជំនឿ ប្រេតមិនមែនមានតែមួយប្រភេទនោះទេ ហើយប្រេតនេះទៀតសោត ក៏មិនមែនសុទ្ធតែជា សាច់ញាតិ ដូនតា ដែលចែកឋានទៅនោះដែរ។ ដោយយោងនៅតាមគម្ពីរព្រះត្រៃបិដកនៃព្រះពុទ្ធសាសនា ប្រេតចែកចេញជា ៤ពួកគឺ៖

  • ប្រេតដែលចិញ្ចឹមជីវីតដោយខ្ទុះឈាម
  • ប្រេតដែលស្រេកឃ្លានចំណីអាហារជានិច្ច
  • ប្រេតដែលភ្លើងឆេះជានិច្ច
  • ប្រេតដែលចិញ្ចឹមជីវីតដោយផលដែលបុគ្គលដទៃឧទ្ទិសផ្សាយជូនទៅឲ្យ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.