និយាយដល់រឿងទឹកដី គឺជាបញ្ហាសំខាន់ណាស់ ពីព្រោះថា ដែលហៅថាប្រជាជាតិ ឬរដ្ឋមួយបានលុះត្រាតែមាន ធាតុផ្សំបីសំខាន់ ទី 1 គឺទឹកដី ទី 2 គឺប្រជាជន និងទីបីគឺរដ្ឋាភិបាល ដែលជាថ្នាក់ដឹកនាំ។
ចុះថាតើបើប្រទេសជាតិមួយ កំពុងមានសត្រូវឈ្លានពានទឹកដី តើប្រជាជាតិនោះគួរតែប្រគល់ទឹកដីដែលសត្រូវចង់បាន ដើម្បីដោះដូរជាថ្នូរនិងការបញ្ឈប់ការឈ្លានពាន ឬជាថ្នូរដូរយកសន្តិភាពដែរឬទេ?
តាមរយៈប្រវត្តិសាស្ត្រកន្លងមក នៅលើពិភពលោកនេះមានរបៀបដោះស្រាយបញ្ហាទឹកដីជាមួយនឹងប្រទេសជិតខាង ឬសត្រូវឈ្លានពានដោយផ្អែកទៅលើហេតុផលរបស់ប្រទេសជម្លោះនោះ ពីព្រោះវាពាក់ព័ន្ធនឹងរបៀបដែលប្រទេសផ្សេងៗលើពិភពលោក ដោះស្រាយវិវាទទឹកដីរបស់ពួកគេរៀង ៗខ្លួន។ យើងខ្ញុំនឹងរៀបរាប់ចែកជាពីរផ្នែកដូចខាងក្រោម៖
១. ប្រទេសដែល កាត់ទឹកដីឲ្យសត្រូវ ឬប្រទេសជិតខាង ដើម្បីសន្តិភាព ឬជាការដោះដូរ
តាមរយៈប្រវត្តិសាស្ត្រមានឧទាហរណ៍ជាច្រើនដូចជា៖
១. វិវាទហ្វាំងឡង់ – សូវៀត (ឆ្នាំ ១៩៤០)
បន្ទាប់ពីសង្គ្រាមរដូវរងារ (Winter War) ហ្វាំងឡង់ត្រូវបានបាត់បង់ដែនដីកាលីលីយ៉ា និងទឹកដីផ្សេងៗមួយចំនួនទៀត ទៅឲ្យសហភាពសូវៀត ដើម្បីទទួលបានសន្តិភាព។
២. អ៊ីស្រាអែល – អេហ្ស៊ីប (ឆ្នាំ ១៩៧៩)
ក្នុងកិច្ចព្រមព្រៀង Camp David អ៊ីស្រាអែលបានប្រគល់ត្រឡប់ ឧបទ្វីបឆ្នេរស៊ីណាយ (Sinai Peninsula) ទាំងមូលឲ្យអេហ្ស៊ីប ដើម្បីបញ្ចប់សង្គ្រាម និងបង្កើតនូវប្រក្រតីភាពនៃទំនាក់ទំនងសន្តិភាព។
៣. ហុងកុង (អង់គ្លេស) – ម៉ាកាវ (ព័រទុយកាល់)_ ចិន
ប្រទេសចិនទទួលបានត្រឡប់វិញពីអង់គ្លេស នូវកោះហុងកុង និងពីព័រទុយហ្គាល់ នូវដែនដីម៉ាកាវ តាមកិច្ចព្រមព្រៀងសន្តិភាព និងចរចាដោយស្ម័គ្រចិត្ត។ ទោះបីជានេះមិនមែនជាការបរាជ័យក្នុងសង្គ្រាមក៏ដោយ ក៏វាជាករណីនៃការប្តូរទឹកដីសម្រាប់សន្តិភាពនយោបាយមួយដែរ។
៤. អាល្លឺម៉ង់ បន្ទាប់ពីសង្គ្រាមលោកលើកទី 2 WWII (1945)
អាល្លឺម៉ង់ត្រូវបាត់បង់ទឹកដីព្រូស៊ីខាងកើត ស៊ីលីស៊ីយ៉ា និងប៉ូម៉េរ៉ានី (East Prussia, Silesia, Pomerania) ទៅឲ្យប៉ូឡូញ និងសូវៀត។ នេះជាលទ្ធផលនៃសង្គ្រាម និងកិច្ចព្រមព្រៀងសន្តិភាព។
២. ប្រទេសដែល ដោះស្រាយវិវាទទឹកដីដោយមិនចាំបាច់បោះបង់ទឹកដី
ប្រទេសខ្លះប្រើ ការចរចា ការទូតអន្តរជាតិ ឬមធ្យោបាយតុលាការអន្តរជាតិ ដូចជា៖
១. ថៃ – កម្ពុជា (ករណីប្រាសាទព្រះវិហារ ឆ្នាំ 1962 និង ឆ្នាំ2013)
ទោះមានជម្លោះ តែតុលាការ ICJ (International Court of Justice) បានវិនិច្ឆ័យថាប្រាសាទព្រះវិហារជាកម្មសិទ្ធិ របស់កម្ពុជា។ កម្ពុជាមិនបានបោះបង់ទឹកដីទេ តែប្រើច្បាប់អន្តរជាតិដើម្បីការពារ។
២. ប៉េរូ – ឈីលី (ករណីព្រំដែនសមុទ្រ ក្នុងឆ្នាំ ២០១៤)
ប្រទេសទាំងពីរបានដាក់បញ្ហា ទៅតុលាការ ICJ ហើយទទួលយកសេចក្ដីវិនិច្ឆ័យ ដោយគ្មានការកាត់ដីដោយកម្លាំងយោធាឡើយ។
៣. ប៉ូឡូញ – សាធារណរដ្ឋឆេក (1990s)
មានជម្លោះព្រំដែនតូចៗ ប៉ុន្តែដោះស្រាយតាមតុលាការ និងកិច្ចព្រមព្រៀង។
៤. ឥណ្ឌូណេស៊ី – ម៉ាឡេស៊ី (ករណីកោះប៉ូឡាវ លីជីតាន់ Pulau Ligitan និង កោះស៊ីប៉ាដាន់ Sipadan, 2002)
ប្រទេសទាំងពីរបានដាក់ក្តីទៅកាន់ ICJ ហើយតុលាការបានផ្តល់សិទ្ធិកាន់កាប់ទៅឲ្យម៉ាឡេស៊ី ឥណ្ឌូណេស៊ីទទួលស្គាល់ដោយគ្មានសង្គ្រាម។
៣. តើប្រទេសទាំងនោះបានធ្វើអ្វីខ្លះ ដើម្បីបញ្ចប់សង្គ្រាម?
- ប្រទេសដែល បោះបង់ទឹកដី → ភាគច្រើនដោយសារបរាជ័យសង្គ្រាម ឬដើម្បីទទួលបានសន្តិភាពភ្លាមៗ (ដូចជាហ្វាំងឡង់ អាល្លឺម៉ង់, អ៊ីស្រាអែល)។ ប្រទេសខ្លះចាញ់សង្គ្រាម ឬសុំសន្តិភាពភ្លាមៗ ដូច្នេះត្រូវ បោះបង់ទឹកដី។
- ប្រទេសដែល រក្សាទឹកដី → ជាទូទៅប្រើវិធាននយោបាយ ការចរចា ការទូត និងតុលាការអន្តរជាតិ ដោយបង្ហាញឯកសារប្រវត្តិសាស្ត្រ ផែនទី និងច្បាប់ជាដើម។
- ប្រទេសខ្លះប្រើច្បាប់ និងអង្គភាពអន្តរជាតិ ដើម្បីរក្សា ដោយមិនបោះបង់ទឹកដី។
ចុះប្រទេសកម្ពុជាយើងវិញដែលកំពុងតែមានជម្លោះព្រំដែនថ្មីៗ នេះម្ដងទៀតជាមួយនឹងប្រទេសសៀម ក្នុងនាម យើងជាប្រជាជាតិពេញលេញមួយ តើគួរដោះស្រាយតាមវិធីណាមួយ?ទស្សនៈទូទៅ
១. បរិបទប្រវត្តិសាស្រ្ត និងជម្លោះព្រំដែន
កម្ពុជា និងសៀម (ថៃ) មានប្រវត្តិសាស្រ្តជាប់ទាក់ទងនឹងជម្លោះយូរយារចាប់តាំងពីរាប់សតវត្សរ៍មុនមកម្ល៉េះ។ ការបាត់បង់ទឹកដីទៅលើសៀមកើតឡើងជាច្រើនដង ដោយសារតែភាពចុះខ្សោយរបស់ខ្មែរនៅចុងសម័យអង្គរ ក៏ដូចជាការអន្តរាគមន៍របស់អាណានិគមបារាំង។ បញ្ហាព្រំដែនពិសេសដូចជា ប្រាសាទព្រះវិហារ និងតំបន់ជិតខាងបានបង្កឲ្យមានជម្លោះយោធា ការទាមទារទឹកដី និងការប៉ះទង្គិចនយោបាយជាបន្តបន្ទាប់។
២. គោលគំនិត "បោះបង់ដី ដើម្បីសន្តិភាព"
គោលគំនិតនេះផ្អែកលើការវិភាគថា ប្រសិនបើកម្ពុជាទទួលស្គាល់ យល់ព្រម និងកាត់បន្ថយទឹកដីឲ្យសៀម ឬបោះបង់សិទ្ធិទាមទារ នោះប្រទេសនឹងបានសន្តិភាពយូរអង្វែង ដោយមិនបន្តជម្លោះនឹងប្រទេសជិតខាងនេះ ទៀតឡើយ ហើយអត្ថប្រយោជន៍ ដែលអាចនឹងទទួលបានមានដូចជា៖
- បញ្ចប់ជម្លោះយោធា និងការប៉ះទង្គិច។
- ការទំនាក់ទំនងការទូត និងពាណិជ្ជកម្មអាចរីកចម្រើន។
- ប្រជាជនរស់នៅតំបន់ព្រំដែនអាចមានស្ថិរភាព និងសន្តិភាពក្នុងជីវិតប្រចាំថ្ងៃ។
ក៏ប៉ុន្តែវាក៏មានហានិភ័យ និងផលប៉ះពាល់ជាអវិជ្ជមានដែរដូចជា៖- បាត់បង់អធិបតេយ្យភាព និងឯករាជ្យជាតិ ដែលជាគុណតម្លៃអស់កល្បជានិច្ច។
- បង្កអារម្មណ៍ឈឺចាប់ សង្ស័យ និងអស់ទំនុកចិត្តរបស់ប្រជាជនលើរដ្ឋាភិបាល។
- បើមានករណីដោះស្រាយបែបនេះ អាចបង្កឲ្យមានតម្រូវការថែមទៀតពីសៀម ឬប្រទេសជិតខាងផ្សេង។ នៅត្រង់ចំណុចនេះមានន័យថា យើងកាត់ដៃ កាត់ជើង ចៀរសាច់ សម្រក់ឈាម ធ្វើជាចំណីលួងចិត្ត ចចកស្រែកឃ្លាន។ មានឧទាហរណ៍មួយ ដែលអាចធ្វើឲ្យអ្នកទាំងអស់គ្នាងាយយល់ គឺករណីប្រទេសអ៊ុយក្រែន ដែលបានប្រគល់ដែនដីគ្រីមាឱ្យទៅរុស្ស៊ី។ អ៊ុយក្រែនមិនត្រឹមតែមិនទទួលបានសន្តិភាពឡើយ ហើយ បែរជាត្រូវរងនូវការឈ្លានពានបន្ថែមទៀតពីសំណាក់រុស្ស៊ីរហូតមកដល់សព្វថ្ងៃនេះ។
៣. មាត្រដ្ឋានសិទ្ធិសកល និងច្បាប់អន្តរជាតិតាមច្បាប់អន្តរជាតិ ប្រទេសទាំងអស់ត្រូវបានការពារដោយអធិបតេយ្យភាព និងឯកភាពនៃទឹកដី។ ការកាត់ដី ឲ្យប្រទេសជិតខាងដោយសារកម្លាំង ឬសម្ពាធ គឺត្រូវបានចាត់ទុកថាមិនស្របច្បាប់។ ឧទាហរណ៍ ករណីប្រាសាទ ព្រះវិហារនៅឆ្នាំ ១៩៦២ តុលាការអន្តរជាតិ (ICJ) បានសម្រេចឲ្យប្រាសាទនេះជាកម្មសិទ្ធិរបស់កម្ពុជា។ នេះបញ្ជាក់ថា ការទាមទារទឹកដីអាចដោះស្រាយតាមផ្លូវច្បាប់ ដោយមិនចាំបាច់តាមការបោះបង់ទឹកដីឡើយ។
៤. ទស្សនៈនយោបាយ និងអត្តសញ្ញាណជាតិ
ការបោះបង់ទឹកដីជាថ្នូរសន្តិភាព គឺស្មើនឹងការបោះបង់អត្តសញ្ញាណជាតិ គឺមានន័យថាទឹកដី មិនមែនត្រឹមតែជាដីធ្លី ឬវាលស្រែទេ ប៉ុន្តែជាបេតិកភណ្ឌប្រវត្តិសាស្រ្ត វប្បធម៌ និងកិត្តិយសរបស់ជាតិ។ ប្រសិនបើកម្ពុជា “បោះបង់” នោះនឹងប៉ះពាល់ ដល់អត្តសញ្ញាណជាតិ និងឆន្ទៈរួមរបស់ប្រជាជន។
៥. ជម្រើសដំណោះស្រាយដែលអាចធ្វើទៅបាន
- ការចរចាការទូតដោយសន្តិភាព៖ ប្រើក្រុមពហុជាតិក្នុងអង្គការសហប្រជាជាតិ ឬអាស៊ានជាអ្នកអន្តរាគមន៍។
- ការការពារទាមទារតាមផ្លូវច្បាប់អន្តរជាតិ៖ បន្តប្រើសាលាតុលាការអន្តរជាតិ ដើម្បីធានាសិទ្ធិប្រទេស។
- ប្រែក្លាយឲ្យទៅជាការអភិវឌ្ឍតំបន់រួម៖ បង្កើតតំបន់សហការសេដ្ឋកិច្ច–វប្បធម៌ ព្រំដែន ដើម្បីជំនួសការទាមទារ។
- ការអប់រំឱ្យមានឯកភាពជាតិ៖ បណ្តុះអត្តសញ្ញាណ និងការរួមចំណែកដើម្បីការពារទឹកដីជាឯកភាព។
ការសន្និដ្ឋានចំពោះទស្សនៈយល់ឃើញទូទៅកម្ពុជាមិនគួរបោះបង់ ឬកាត់ទឹកដីឱ្យសៀមទេ ទោះបីជាថ្នូរសន្តិភាពក៏ដោយ។ សន្តិភាពពិតប្រាកដមិនស្ថិតលើការបោះបង់អធិបតេយ្យភាពនៃជាតិទេ ប៉ុន្តែវាគួរតែបានមកពីការចរចាកិច្ចព្រមព្រៀង និងការអភិវឌ្ឍន៍សហការជាមួយគ្នា។ ការការពារទឹកដី គឺជាការការពារជាតិ សម្រាប់មនុស្សជំនាន់ក្រោយ និងជាកិត្តិយសជាតិ។
ជំហររាជរដ្ឋាភិបាលចំពោះបូរណភាពជាតិ “តើកម្ពុជាគួរតែបោះបង់ ហើយកាត់ទឹកដីទៅឲ្យសៀម ជាថ្នូរនិងការញ្ចប់សង្គ្រាមប្ដូរយកសន្តិភាពដែរឬទេ?”
បើទស្សនៈទូទៅខាងលើបានបង្ហាញថាកម្ពុជាមិនអាចកាត់ដីដូរយកសន្តិភាពពីសត្រូវឈ្លានពានបានឡើយ។ ហើយ ចំពោះរដ្ឋាភិបាលវិញ រឹងរឹតតែមិនអាចជាដាច់ខាត ពីព្រោះថា ៖
១. ទឹកដីជាមូលដ្ឋាននៃជាតិ ឬរដ្ឋប្រជាជាតិ
ក្នុងទ្រឹស្តីនយោបាយអន្តរជាតិ គេកំណត់ថា “រដ្ឋនៃជាតិមួយត្រូវមានរដ្ឋាភិបាលដឹកនាំ ប្រជាជន អធិបតេយ្យភាព និងទឹកដី”។ នេះមានន័យថា ទឹកដីមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នកដឹកនាំ ឬរដ្ឋាភិបាលណាមួយទេ តែជា កម្មសិទ្ធិរួមរបស់ជាតិ និងប្រជាជនទាំងមូល។ ដូច្នេះ ការបោះបង់ទឹកដីស្មើនឹងការបោះបង់មូលដ្ឋាននៃជាតិ។
២. ប្រវត្តិសាស្ត្រជាសាក្សីនៃការបាត់បង់
ជាតិខ្មែរមិនមែនមិនដែលមានបទពិសោធន៍នៃការបាត់បង់ទេ។ តាំងពីសតវត្សទី១៥មក ឬចាប់ពីការដួលរលំនៃចក្រភពអង្គរ កម្ពុជាបានបាត់បង់ទឹកដីជាច្រើនដោយសារតែ ភាពខ្សោយខាងក្នុង និងការចូលលុកលុយរបស់ សៀម–យួន។ ប្រជាជនយើងបានទទួលរងនូវទុក្ខវេទនាដោយសារការបាត់បង់នោះ។ ប្រវត្តិសាស្ត្រទាំងនេះ គួរឲ្យយើងរំឭកថា ទឹកដីដែលបាត់បង់ទៅ គឺពុំអាចយកត្រឡប់មកវិញបានងាយៗវិញទេ។
៣. សន្តិភាពពិតប្រាកដមិនមែនមកពីការបោះបង់ទឹកដីឡើយ
សន្តិភាពមិនមែនជាលទ្ធផលនៃការបោះបង់ទឹកដីទេ។ ប្រវត្តិសាស្ត្របង្ហាញថា ការបោះបង់អំណាច ឬទឹកដី ជាញឹកញាប់មិនធ្វើឲ្យសត្រូវឈប់ទាមទារទៀតនោះទេ ប៉ុន្តែជាជម្រើសដើម្បីឲ្យគេចង់បានកាន់តែច្រើនប្រៀបដូចជា ចចកស្រែកឃ្លាន។ ដូច្នេះ ប្រសិន បើកម្ពុជាបោះបង់ទឹកដីផ្នែកមួយដើម្បីសន្តិភាព ក៏មិនមានការធានាថា សៀមនឹងឈប់ទាមទារបន្តទៀតឡើយ។
៤. ទ្រឹស្តីសិទ្ធិអធិបតេយ្យភាព
តាមច្បាប់អន្តរជាតិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter, 1945) ការរំលោភលើអធិបតេយ្យភាព និងទឹកដីរបស់ប្រទេសមួយ គឺជាការបំពានធ្ងន់ធ្ងរ។ ជាតិខ្មែរមានសិទ្ធិក្នុងការការពារទឹកដីរបស់ខ្លួន និងដោះស្រាយ ជម្លោះតាមផ្លូវច្បាប់អន្តរជាតិ ដូចជាករណីប្រាសាទព្រះវិហារ ដែលកម្ពុជាបានជ័យជំនះនៅតុលាការអន្តរជាតិ។ នេះបញ្ជាក់ថា មធ្យោបាយវិទ្យាសាស្ត្រ និងច្បាប់ អាចការពារបេតិកភណ្ឌជាតិបានល្អជាងការបោះបង់។
៥. ទឹកដីជាអត្តសញ្ញាណជាតិ និងកិត្តិយស
ទឹកដីជាគន្លងនៃវប្បធម៌ អត្តសញ្ញាណ និងជាកិត្តិយសជាតិ។ ប្រសិនបើកម្ពុជាបោះបង់ទឹកដី នោះប្រជាជននឹងបាត់បង់មោទនភាពជាតិ និងបង្កឲ្យមានការខ្វះទំនុកចិត្តលើអនាគតវាសនាប្រទេសជាតិ។ ជាតិមួយដែលបោះបង់ដីរបស់ខ្លួន ដោយខ្វះឆន្ទៈ ឬដោយការភ័យខ្លាច មិនអាចមានកម្លាំងឈរជើងក្នុងវេទិកាអន្តរជាតិបានឡើយ។
៦. ជម្រើសដើម្បីរកសន្តិភាពដោយមិនចាំបាច់បោះបង់ទឹកដី
- ប្រើយន្តការចរចាទ្វេភាគីឲ្យអស់លទ្ធភាព
- ចរចាដោយយុត្តិធម៌ តាមក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។
- ការអភិវឌ្ឍតំបន់រួម ដើម្បីបង្កើតសន្តិភាពតាមផ្លូវសេដ្ឋកិច្ចនិងវប្បធម៌។
- ការអប់រំជាតិនិយមវិទ្យាសាស្ត្រ ដើម្បីបណ្តុះឆន្ទៈការពារទឹកដី និងឯកភាពក្នុងសង្គម។
ជាតិនិយមដែលផ្អែកលើវិទ្យាសាស្ត្រ បង្ហាញយ៉ាងច្បាស់ថា កម្ពុជា មិនគួរបោះបង់ និងកាត់ទឹកដីទៅឲ្យសៀមទេ ទោះបីជាថ្នូរសន្តិភាពក៏ដោយ។សន្តិភាពពិតប្រាកដ គឺស្ថិតក្នុងការការពារសិទ្ធិប្រទេស តាមផ្លូវច្បាប់ និងការអភិវឌ្ឍសហការជាមួយប្រទេសជិតខាង។ ការបោះបង់ទឹកដីនឹងបង្ហាញថា ជាតិខ្មែរខ្វះឆន្ទៈ និងបាត់បង់អត្តសញ្ញាណ។
***សារបណ្តុះគំនិតទៅកាន់យុវជនខ្មែរ
យុវជនជាជំនាន់ថ្មី មានតួនាទីដ៏សំខាន់បំផុតក្នុងការរក្សា និងអភិវឌ្ឍជាតិ។ ដូច្នេះ ការពារទឹកដី និងអធិបតេយ្យភាព គឺជាកិច្ចការដែលយុវជនមិនអាចរំលងបាន។
១. ការអប់រំ និងការយល់ដឹងប្រវត្តិសាស្រ្ត
យុវជនត្រូវសិក្សា និងយល់ដឹងពីប្រវត្តិសាស្រ្តជាតិជាដំណាក់កាល ព្រោះប្រវត្តិសាស្រ្ត គឺជាកញ្ចក់បង្ហាញអតីតកាល និងជាសៀវភៅណែនាំអនាគត។ អ្នកដែលមិនដឹងពីអតីតកាល គឺងាយនឹងធ្វើកំហុសដដែលៗឡើងវិញក្នុងពេល បច្ចុប្បន្ន ហើយមិនអាចកែលម្អបានត្រឹមត្រូវសម្រាប់អនាគតឡើយ។
២. បណ្តុះស្មារតីជាតិនិយមបែបវិទ្យាសាស្ត្រ
ជាតិនិយមបែបវិទ្យាសាស្រ្ត មិនមែនជាអារម្មណ៍ក្តៅគគុកទេ ប៉ុន្តែជាការយល់ឃើញយ៉ាងមានហេតុផល។ វាត្រូវផ្អែក លើចំណេះដឹង ច្បាប់អន្តរជាតិ និងសិទ្ធិរបស់ជាតិ។ យុវជនត្រូវយល់ថា ការពារទឹកដី មិនមែនសម្រាប់អតីតកាល តែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សិទ្ធិ តួនាទី កាតព្វកិច្ច និងអនាគតរបស់ខ្លួនផងដែរ។
៣. ការចូលរួមក្នុងការអភិវឌ្ឍជាតិ
ការការពារទឹកដីមិនមានន័យថាត្រូវយកអាវុធឡើងច្បាំងទេ វាមានន័យថា ត្រូវចូលរួមអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌ ដើម្បីឲ្យប្រទេសកាន់តែរឹងមាំ។ ប្រទេសខ្លាំង គឺប្រទេសដែលមិនងាយ ឲ្យអ្នកដទៃរំលោភលើអធិបតេយ្យភាពបាន។
៤. ឯកភាពជាតិក្នុងសង្គម
យុវជនគួរបង្កើនស្មារតីឯកភាព ដើម្បីទប់ស្កាត់ការបំបែកបំបាក់ និងការបែងខ្ញែកគ្នា។ ជាតិមួយអាចឈរជើងរឹងមាំ បាន ប្រសិនបើមានឯកភាពរឹងមាំក្នុងចំណោមប្រជាជន។
ជាសេចក្តីសន្និដ្ឋានដល់យុវជនគួរតបគុណចំពោះជាតិដូចខាងក្រោម៖
- ស្រឡាញ់ទឹកដីដូចជាស្រឡាញ់ជីវិតខ្លួន។
- យល់ដឹងជ្រាលជ្រៅពីអតីតកាល ដើម្បីការពារអនាគត។
- ចូលរួមអភិវឌ្ឍន៍ជាតិ ដើម្បីក្លាយជាបង្គោលរឹងមាំ។
- ឯកភាពគ្នាជាធ្លុងមួយ ក្នុងការពារបេតិកភណ្ឌជាតិ។
សេចក្តីណែនាំចុងក្រោយសម្រាប់យុវជនខ្មែរ គឺ៖ កុំបោះបង់ទឹកដីជាថ្នូរសន្តិភាពព្រោះសន្តិភាពពិតប្រាកដ គឺកើតមកពីជាតិរឹងមាំ មិនមែនកើតមកពីជាតិដែលបោះបង់កិត្តិយស និងអត្តសញ្ញាណរបស់ខ្លួនឡើយ
Comments
Post a Comment