ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យមួយយ៉ាងសំខាន់ក្នុងចំណោមបុណ្យប្រពៃណីដទៃទៀតរបស់ប្រទេសកម្ពុជា។ ពិធី បុណ្យនេះធ្វើឡើង ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានចែកឋានទៅ ក្រែងលោកបានធ្លាក់ ទៅសោយទុក្ខក្នុងអបាយភូមិ (កន្លែងរងទុក្ខ ដូចជាឋាននរកជាដើម)។ ជារឿយៗ ឲ្យតែដល់រដូវបុណ្យនេះប្រជាពលរដ្ឋខ្មែរ តែងរៀបចំបាយសម្ល ធ្វើជាចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃនៅតាមវត្តអារាមដើម្បីធ្វើការ បង្សុកូលឧទ្ទិសកុសល។
ដោយពិធីបុណ្យនេះធ្វើឡើងក្នុងន័យរំលឹកគុណ និងការឧទ្ទិសចំណីអាហារដល់អ្នកដែលស្លាប់ទៅ អត្ថបទនេះនឹងលើកឡើងអំពី បុណ្យទាំង ៦ទៀត នៅបណ្ដាប្រទេសផ្សេងៗ ដែលមានលក្ខណៈស្រដៀងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់កម្ពុជា ដែលរួមមានដូចតទៅ៖
១. បុណ្យ Halloween៖ ធ្វើឡើងនៅសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក រាល់ថ្ងៃទី៣១ ខែតុលា។ ពិធីបុណ្យនេះមានកំណើតកើតចេញពីពិធីបុណ្យ Samhain របស់ជនជាតិ Celt។ ពិធីបុណ្យ Halloween គឺជាពិធីបុណ្យ ដែលប្រារព្ធឡើង ក្នុងគោលបំណងជាការរំលឹក ចងចាំ និងឧទ្ទិសដល់អ្នកស្លាប់ រួមមាន ទេវតា បិសាច និងវិញ្ញាណក្ខន្ធអ្នកស្គាល់ទាំងឡាយ។ ពិធីបុណ្យនេះ តែងតែធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៣១ ខែតុលា តាមបណ្តាប្រទេសជាច្រើន ពាសពេញពិភពលោក។ សកម្មភាពបុណ្យ Halloween មានដូចជា trick-or-treat ចូលរួមពិធីជប់លៀងដោយស្លៀកសម្លៀកបំពាក់ Halloween ឆ្លាក់ល្ពៅជាគោម ដុតភ្លើង ល្បែងខាំផ្លែប៉ោម លេងហ្គេមបិសាច ចូលផ្ទះខ្មោច និយាយរឿងខ្មោច និងមើលភាពយន្តភ័យរន្ធត់ជាដើម។ ជាងនេះទៅទៀត គេតែងតែមិនភ្លេចទៅវិហារ អុជទៀនលើផ្នូររបស់សាច់ញាតិ ដែលបានស្លាប់ទៅនោះទេ ព្រោះវាជាទំនៀមទំលាប់។ គ្រិស្តសាសនិកមួយចំនួន តមការញ៉ាំសាច់នៅថ្ងៃបុណ្យ Halloween និងជំនួសដោយការទទួលទានផ្លែប៉ោម ផេនខេកដំឡូង និងនំម្យ៉ាងហៅថា soul cakes ។
២. បុណ្យ Obon៖ នៅប្រទេសជប៉ុន ក៏មានពិធីបុណ្យម្យ៉ាង ដែលមានឈ្មោះថា បុណ្យ Obon។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីរំលឹកគុណដល់ព្រលឹងដូនតាដែលបានស្លាប់ទៅ។ នៅពេលប្រារព្ធពិធីបុណ្យម្ដងៗ ប្រជាជនជប៉ុនជាច្រើនបានត្រលប់ទៅ ស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំគ្រួសារ និងមិត្តភ័ក្ដិខ្លួន។ ពិធីបុណ្យនេះធ្វើឡើងក្នុងប្រទេសជប៉ុន នៅរៀងរាល់ថ្ងៃទី ១៥ នៃខែចន្ទគតិទី ៧ (ខែកក្កដា ឬសីហា)។ ក្នុងពិធីនេះផងដែរ មានការរាំបែបប្រពៃណីជប៉ុន ដែលត្រូវបានគេស្គាល់ថាជា Bon-Odori ដើម្បីស្វាគមន៍ព្រលឹង និងបណ្ដែតគោមដើម្បីរំលឹកគុណដល់ព្រលឹងទាំងនោះ។ បុណ្យនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ថាសាសនារបស់ជប៉ុនរួមមាន Shinto និងព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនាត្រូវបានណែនាំដល់ប្រទេសជប៉ុននៅពាក់កណ្តាលសតវត្សទី 6 ដោយបានរីករាលដាលនៅសតវត្សទី 7 និងទី 8 ។ មុននោះ ជនជាតិជប៉ុនជឿលើព្រះដែលរស់នៅលើភ្នំ ទន្លេ និងធាតុធម្មជាតិផ្សេងៗទៀត។ ជាងនេះទៅទៀត មានជំនឿមួយថា នៅពេលដែលមនុស្សម្នាក់ស្លាប់ ព្រលឹងរបស់ពួកគេនឹងធ្វើដំណើរទៅកាន់ទឹកដីនៃមរណៈ (Yomi no Kuni) ហើយបន្ទាប់មកបញ្ចូលគ្នាជាមួយធម្មជាតិ ក្លាយជាវិញ្ញាណដូនតា ដើម្បីការពារកូនចៅ។ ពិធីសម្រាលទុក្ខនិងទទួលវិញ្ញាណក្ខន្ធដូនតាទាំងនេះត្រូវបានគេអនុវត្តរួចហើយនៅក្នុងពេលនៃរបត់នៃសករាជ។

Comments
Post a Comment