នៅស្រុកសៀម គឺមហាបក្សពួកនិយមលើសពីអ្វី ដែលយើងគិតទៅទៀត ហើយជាទូទៅបណ្តានាយទាហានទាំងអស់ ដែលចង់ឡើងឋានន្តរស័ក្តិ និងកាន់តួនាទីធំៗនានា គឺចាំបាច់ពិចារណាវិនិច្ឆ័យលើចំណេះដឹង សមត្ថភាព និងបទពិសោធន៍ការងារ។ ប៉ុន្តែសម្រាប់តួនាទីធំៗវិញនោះ គឺចាំបាច់ណាស់ ត្រូវមានបក្សពួក ឬនិយាយឲ្យស្រួលស្តាប់នោះ គឺត្រូវមានខ្សែនោះឯង។ តាមការពិតទៅក្រុមបក្សពួកនានានៅក្នុងវិស័យយោធាថៃ គឺមានច្រើនណាស់ ហើយតែងតែប្រកួតប្រជែងគ្នា ឬពេលខ្លះដល់ថ្នាក់ប៉ះទង្គិចគ្នាថែមទៀតផង ដើម្បីកាន់កាប់ពិភពគុនយោធាថៃ។ ជាពិសេសក្នុងតំណែងខ្លាទាំង៥ របស់កងទ័ពជើងគោកថៃ។ កាលពីមុនមកមានតែបក្សធំៗពីរទេ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ បក្សដែលបាន និងកំពុងមានឥទ្ធិពលខ្លាំងក្នុងវិស័យពិភពគុនយោធា និងនយោបាយផងដែរនោះ គឺឃើញមាន ៤បក្សធំៗគឺ៖
១- បក្សវង់ថេវ៉ាន់ (វង្សទេវ័ន Wongthewan - The Devine Clique)
បក្សវង្សទេវ័ន គឺជាក្រុមកងអង្គរក្សរក្សាព្រះអង្គនៃកងពលទី១ ហើយមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ពោលគឺតាំងពីរជ្ជកាលព្រះបាទចុល្លាឡុងកនរាមាទី៥មកម៉្លេះ ដោយដំបូងឡើយគេហៅថាក្រុមកងមហាតលិកពិសេស ហើយមកដល់រជ្ជកាលព្រះបាទភូមិបុល អាឌុលយ៉ាដេតរាមាទី៩ ទ្រង់បានធ្វើទំនើបកម្ម និងកំណែទម្រង់ក្រុម នេះឲ្យក្លាយជាកងរាជអង្គរក្សរាជវាំងបម្រើផ្ទាល់ដល់ស្ថាប័នព្រះមហាក្សត្រ។ ក្រុមវង្សទេវ័ននេះត្រូវបានគេចាត់ទុក និងប្រៀបបានដូចជាភ្នែក ជាច្រមុះ ហើយក៏ជាខែលរបស់ព្រះមហាក្សត្រផ្ទាល់តែម្តង។ កន្លងមក គឺពួកក្រុមវង្សទេវ័ន នេះហើយដែលតែងតែលូកដៃ អន្តរាគមន៍ពេលមានវិបត្តិនយោបាយនានា និងរហូតដល់ធ្វើរដ្ឋប្រហារឡើងកាន់អំណាចផងដែរ។ បច្ចុប្បន្នបណ្តា ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួរទាហាន គឺសុទ្ធតែមកពីបក្សនេះឯង។ ឧទាហរណ៍ដូចជា លោកឧត្តមសេនីយ៍ផាណា កែវផ្លតធុកស៍ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ អភិរ៉ាក់ ឃង់សមផុង គឺសុទ្ធតែមកពីក្រុមវង្សទេវ័ន។ សម្រាប់ទីបញ្ជាការកណ្តាលរបស់បក្សនេះ គឺស្ថិតនៅកណ្តាលក្រុងបាងកកតែម្តង ហើយមើលការខុសត្រូវលើយោធភូមិភាគទី១ ដែលក្តោបបរិវេណរាជធានីក្រុងថេព និងខេត្តក្រុងជុំវិញផងដែរ។
២- បក្សប៊ូរផា ផាយ៉ាក់ (Burapha Phayak – Tigers of the East) ឬក្រុមខ្លាបូព៌ា គឺជាក្រុមថ្មីមួយដែលមានបញ្ជាការដ្ឋានកណ្តាលនៅកងពលទាហានថ្មើរជើងលេខ២ (ឬយោធភូមិភាគទី1) មានមូលដ្ឋាននៅក្នុងខេត្ត ប្រាជីនបុរី ហើយគ្របដណ្ដប់បណ្តាខេត្តនានានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា។ បក្សនេះត្រូវបានបង្កើតជាពិសេសសម្រាប់ព្រះរាជនីនៃស្តេចរាមាទី៩ ហើយត្រូវបានគេហៅម៉្យាងទៀតថាកងកម្លាំងខ្លារបស់ព្រះរាជនី។ ក្រុមបក្សនេះមិនត្រឹមតែជា រាជអង្គរក្សផ្ទាល់របស់ព្រះរាជនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពូកែខាងធ្វើសង្រ្គាមថ្មើរជើង និងការពារព្រំដែន ហើយស្នាដៃដែលគួរឲ្យកត់សម្គាល់ខ្លាំងបំផុតគឺនៅសង្រ្គាមឥណ្ឌូចិនលើកទី៣ ឬសង្រ្គាមប្រឆាំងនឹងកុម្មុយនីស្ត។ បក្សខ្លាបូព៌ានេះបានឡើងកូដខ្លាំងនៅពេលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ស៊ីនណាវ៉ាត់ក្នុងឆ្នាំ២០១៣ ហើយកាន់អំណាចរហូតដល់៨ឆ្នាំ។ មេដឹកនាំដែលមកពីបក្សខ្លាបូព៌ានេះហើយ ដែលបាននាំបក្សពួកខ្លួនកាន់កាប់ពិភពគុនយោធាសៀមបាននោះ គឺគ្មាននរណាក្រៅបងប្អូនទាំងបី ដែលរួមមានលោកឧត្តមសេនីយ៍ប្រាវីត វង្សសុវណ្ណ លោកឧត្តមសេនីយ៍ អនុពង្ស ផៅចិន្តា និងលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា។ ដោយដំបូងឡើយលោកប្រាវីតបានឡើងជាមេបញ្ជាការសិន ហើយបានបន្តឲ្យបក្សពួកខ្លួន គឺលោកអនុពង្ស និងបន្តទៀតទៅដល់លោកប្រាយុទ្ធ មុនពេលធ្វើរដ្ឋប្រហារតែម្តង។ ក្រោយពីយុគសម័យយោធារបស់ប្រាយុទ្ធបានបញ្ចប់ទៅ ក៏លេចចេញនូវបក្សសំខាន់មួយទៀត ដែលកំពុងជះឥទ្ធិពលខ្លាំងក្នុងវិស័យយោធា ហើយបក្សនេះបានប្រមូលយកទាំងអស់នូវសមាជិករបស់វង្សទេវ័ន ក៏ដូចជាបក្សខ្លាបូព៌ា។
៣- បក្សកក្រហម (Red Collar neck)
គេហៅបក្សនេះថា បក្សកក្រហម យោងទៅតាមអាវយឺតមានកពណ៌ក្រហម ដែលក្រុមនេះពាក់ក្នុងពេលហ្វឹកហាត់។ ក្រុមបក្សនេះត្រូវបានបង្កើតដោយផ្ទាល់របស់ព្រះបាទមហាវេជ្ជរ៉ាឡុងកនរាមាទី១០នាពេលបច្ចុប្បន្ននេះ។ កាលពីនៅជារាជទាយាទនៅឡើយ ទ្រង់ជាមេបញ្ជាការផ្ទាល់នូវកងទ័ពអង្គរក្សពិសេសការពារព្រះមហាក្សត្រ ដោយបានឆ្លងកាត់វគ្គហ្វឹ ហ្វឺនពិសេសនានា។ ក្រោយពីបានឡើងសោយរាជ្យរួចហើយ ព្រះអង្គមិនបានរំសាយកងទ័ពនេះ ឬបញ្ចូលទៅ ក្នងក្រុមវង្សទេវ័ននោះទេ ទ្រង់បានបង្កើតឲ្យក្លាយជាកងពលពិសេស ហើយហ្វឹកហាត់រយៈពេលបីខែនៅក្នុងសាលាយោធា ក្រោមសំណាក់រាជវាំង គឺសាលាទេវាវឌ្ឍនា។ បច្ចុប្បន្នបណ្តានាយទាហានជាន់ខ្ពស់នានាជាពិសេសមេបញ្ជាការភូមិភាគ១ សេនាធិការយោធា សុទ្ធតែជាសមាជិករបស់បក្សកក្រហមនេះឯង។ នៅមានចំណុចគួរឲ្យកត់សម្គាល់មួយទៀត គឺមានការបែងចែកផងដែរក្នុងយោធាថៃរវាងពួកក្រុមកក្រហម និងក្រុមកបៃតង។ ពលទាហានកបៃតង គឺជាពលទាហានធម្មតា ដែលមិនបានឆ្លងកាត់វគ្គពិសេសអ្វីទេ ហើយត្រូវបានគេមើលឃើញ ថាមិនសូវមានអនាគតដូចពួកកក្រហមនោះឡើយ។ ពលទាហាននានា ដែលបានហ្វឹកហាត់នៅសាលាយោធានោះ គឺពាក់អាវយឺតមានរង្វង់កពណ៌បៃតង ដូច្នេះហើយបានជាគេហៅថាទាហានកបៃតង។ នាពេលបច្ចុប្បន្ននេះ ទោះជានាយទាហានមកពីបក្សណាក៏ដោយ បើសិនជាចង់ឡើងតំណែងជាមេបញ្ជាការជាន់ខ្ពស់នានា ទាល់តែបានឆ្លងកាត់វគ្គហ្វឹកហ្វឺនពិសេស ដែលហៅថាកក្រហម ឬវគ្គ៩០៤ (លេខកូដរបស់រជ្ជកាលរាមាទី១០) នេះសិន។
៤- បក្សមួកក្រហម (Red Barrel)
ក្រុមពួកមួកក្រហមនេះ គឺជាក្រុមកងអង្គរក្សផ្ទាល់ពិសេសមួយក្រុមទៀតរបស់ព្រះបាទរាមាទី១០នេះ ដោយទ្រង់ហៅក្រុមនេះថា ក្រុមប្រយុទ្ធពិសេស ធ្លាប់ចំណុះឲ្យកងពលពិសេសលេខ៣១ មានទីបញ្ជាការកណ្តាលនៅខេត្តលព្វបុរី។ ការពិតទៅក្រុមនេះ គឺយកលំនាំតាមកងទ័ពពិសេសរបស់អាមេរិក ដែលពាក់មួក ហើយហ្វឹកហាត់យ៉ាងពិសេសទាំងលើអាកាស និងលើគោក។ ដោយវគ្គសំខាន់បំផុតនោះ គឺលោកឆ័ត្រយោង និងវាយប្រហារពិសេសហៅថា Airborne Infantry។ គួរបញ្ជាក់ផងដែរ គឺក្រុមពួកមួកក្រហមនេះហើយ ដែលបើកយុទ្ធនាការវ៉ៃយកភ្នំទ្រាប់ពីកម្ពុជាបានសម្រេច ប៉ុន្តែបរាជ័យមិនអាចយកបាននូវប្រាសាទតាក្របី។
តាមរយៈការរៀបរាប់ខាងលើយើងឃើញថា យោធាថៃចែកជាក្រុមបក្សពួក4 ក្រុមធំៗគឺ
- បក្សវង្សទេវ័ន
- បក្សប៊ូរ៉ាផា ផាយ៉ាក ឬក្រុមខ្លាបូព៌ា
- បក្សកក្រហម និងបក្សកបៃតង
- បក្សមួកក្រហម
នៅក្រុមទាំងអស់នេះ គឺជាសេនារាជវាំង ឬសេនាមហាក្សត្រ ក្រុមពួកនេះអាចមិនស្ដាប់បញ្ជារបស់រដ្ឋាភិបាលស៊ីវិលនោះទេ ប្រសិនបើពួកគេមើលឃើញថារដ្ឋាភិបាលស៊ីវិល ធ្វើឱ្យប៉ះពាល់ទៅដល់ស្ថាប័នព្រះមហាក្សត្រ ឬឥទ្ធិពលរបស់ពួកយោធា។ ហេតុដូចនេះហើយជាមូលហេតុ ដែលយើងឧស្សាហ៍ឃើញប្រទេសថៃមានរដ្ឋប្រហារយោធាញឹកញាប់ចាប់តាំងពីឆ្នាំ 1932 មក។
Comments
Post a Comment