Skip to main content

កត្តាសំខាន់ៗនៃវិបត្តិនាំទៅដល់ការដួលរលំនៃរដ្ឋាភិបាលនេប៉ាល់


សេចក្តីសម្រេចចិត្តនយោបាយរបស់មេដឹកនាំ គឺមានសារៈសំខាន់ណាស់សម្រាប់វាសនា និងអនាគតប្រទេសជាតិ។ ប្រសិនបើការសម្រេចចិត្តនោះត្រឹមត្រូវ និងស្របទៅតាមផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ នោះប្រទេសជាតិនឹងរីកចម្រើន ហើយប្រជាពលរដ្ឋអបអរសាទរ ក៏ប៉ុន្តែប្រសិនបើសេចក្តីសម្រេចចិត្តនយោបាយ បណ្ដាលឲ្យមានកំហុសឆ្គងវិញនោះ មហាជនទូទៅនឹងធ្វើការជំទាស់តវ៉ា និងឈានទៅដល់ការផ្ដួលរំលំរដ្ឋាភិបាល នោះចោល។ ចំណែកប្រទេសជាតិវិញក៏ធ្លាក់ទៅក្នុងភាពវឹកវរផងដែរ ដូចជាបញ្ហាប្រទេសនេប៉ាល់បាននឹងកំពុងជួប ប្រទះនូវរឿងអកុសលក្នុងពេលបច្ចុប្បន្ននេះជាឧទាហរណ៍ស្រាប់។

នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​លោក ​KP SHAMA OLI​ បាន​លាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​៩​កញ្ញា តែ​ក៏​នៅ​ មិន​អាច​រំងាប់​ការ​បះបោរ​ និងចលនាប្រជាជននៅឡើយ។ មនុស្ស​ច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​ដោយ​កំហឹង និងហិង្សា ដោយ​ដុត​អគារសភា​ ដែលមានទីតាំងស្ថិត​នៅ​កណ្ដាលក្រុងកាត់តាម៉ាន់ឌូចោលតែម្តង។ ចំណែក​ផ្ទះ ​នាយក​រដ្ឋមន្ត្រី​ក៏​ត្រូវ​ដុត​ដែរ​។

នៅក្នុងចលនាបះបោររបស់យុវជននេប៉ាល់ប្រឆាំងនឹងការបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកន្លងមកនេះ បាតុករបាន ដុតវិមានតុលាការកំពូល វិមានរដ្ឋសភា វិមានគណបក្សកាន់អំណាច «បក្សសមាជនេប៉ាល់» ដុតផ្ទះនាយករដ្ឋមន្ត្រី និង ផ្ទះអតីតនាយករដ្ឋមន្ត្រី ៣ នាក់ទៀត(ក្នុងនោះបណ្តាលឲ្យប្រពន្ធអតីតនាយករដ្ឋមន្ត្រីម្នាក់ត្រូវបានស្លាប់នៅ ក្នុងភ្នក់ភ្លើង) និងដុតគេហដ្ឋានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ។ ហេតុអ្វីបានជាការបះបោរមានភាពខ្លាំងក្លាបែបនេះ​ ? 

នៅនេប៉ាល់ ប្រព័ន្ធផ្សព្វផ្សាយសង្គមមានតួនាទីសំខាន់ក្នុងការគាំទ្រសេរីភាពនៃការបញ្ចេញមតិ  រិះគន់អំពើពុក រលួយ រិះគន់ការសម្ញែងទ្រព្យរបស់កូនៗមន្រ្តីគ្រាក់ៗ និងអ្នកនយោបាយ។ មួយចំណែកទៀត ពលរដ្ឋនេប៉ាល់ មួយចំនួនចេញទៅធ្វើការនៅក្រៅប្រទេស ហើយបញ្ជូនលុយមកចិញ្ចឹមគ្រួសារនៅក្នុងស្រុក។ បើបិទប្រព័ន្ធផ្សព្វ ផ្សាយសង្គម គឺ ដូចបិទទងសុកដែលភ្ជាប់អ្នកនៅក្រៅប្រទេសជាមួយអ្នកនៅក្នុងប្រទេសយ៉ាងដូច្នោះដែរ ។

ទោះ​មាន​បម្រាម​គោ​ចរណ៍​ចាប់តាំងពី​ពេល​ព្រឹក​ទៅ​ហើយក្ដី​ ក៏​បណ្ដា​ក្រុម​បាតុករ​ជា​យុវជន បាន​នាំ​គ្នា​ដើរ​ហែ​រ ក្បួន​កាត់​វិ​ថី​នានា​នៃ​រដ្ឋធានី ហើយ​​បន្តវាយប្រហារ​លើ​បណ្ដា​អគារ​រដ្ឋ និង​លំនៅ​ឋាន​របស់​បណ្ដា​មេដឹកនាំ ​នយោបាយដដែល​។

អ្នក​តវ៉ា​មួយ​ក្រុម​អាច​ដណ្ដើម​យក​កាំភ្លើង ពី​កង​ប៉ូលិស​ ដែល​មាន​បេសកកម្ម​ការពារ​ប្លុក​វិមាន​រដ្ឋាភិបាល​។ ផ្ទះ​របស់ ​នាយក​រដ្ឋមន្ត្រីវ័យ ៧៣​ឆ្នាំ​ក៏​រង​ការ​ដុត​បំផ្លាញ​ដែរ​។ បណ្ដា​អ្នក​តវ៉ា​ពិសេស​ជា​យុវជន បាន​នាំ​គ្នា​លើក​ទង់ជាតិ ​ហើយ​ប៉ុនប៉ង​គេច​ចេញពី​កាណុង​បាញ់​ទឹក ដែល​ដាក់​ព្រ​ង្រា​យ​ដោយ​កងកម្លាំង​សន្តិសុខ​។ ពួក​បាតុករ​តម្រង់​គោល ដៅ​វាយប្រហារ​បណ្ដា​ទីតាំង​ប៉ូលិស​ និង​បណ្ដា​អគារ​រដ្ឋាភិបាល​។

នេះ​គឺ​ជា​កត្តា​សំខាន់ៗ​ដែល​រំលឹក​ថា រដ្ឋាភិបាលប្រទេស​នេប៉ាល់កំពុង​ជួបវិបត្តិ និងត្រូវដួលរលំនៅពេលបច្ចុប្បន្ន (ខែ​៩ ឆ្នាំ​២០២៥) ហើយវិបត្តិនេះបណ្ដាលមកពីបញ្ហាជាច្រើន​រួមបញ្ចូលដូចខាងក្រោម៖

១. ភាពបរាជ័យនៃអភិបាលកិច្ចរបស់រដ្ឋាភិបាល (Governance issues, corruption, nepotism)

ក្រុមយុវជនជាច្រើន និងប្រជាពលរដ្ឋមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលមានការសង្ស័យថា មានអំពើពុករលួយធ្ងន់ធ្ងរ( widespread corruption), ការជ្រើសរើសមន្ត្រី លម្អៀង ដោយជ្រើសរើសយកតែខ្សែ បក្សពួកនិយម(nepotism) និងមានភាពចម្រូងចម្រាស់ក្នុងការ អភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជាដើម។

២. ការកំណត់ហាមឃាត់បណ្តាញសង្គម (Social media ban / regulation)

រដ្ឋាភិបាលបាន​បង្កើត​ច្បាប់​ឲ្យ​ក្រុមហ៊ុន​បណ្តាញសង្គមត្រូវតែ​ចុះ​បញ្ជិការក្នុងប្រទេសឲ្យបាន​រួចរាល់ ​បើមិន​ចុះបញ្ជិកាទេ បណ្តាញសង្គមទាំងនោះនឹងត្រូវប្រឈមនឹង​មានការ​បិទ/ហាមឃាត់។ ការបិទ​បណ្ដាញ​សង្គម​បណ្តាល​ឲ្យ​រិះគន់ថា ​ជា​របបបិទសម្ព័ន្ធភាពទំនាក់ទំនងសកល និងបញ្ហាបិទ​សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ នេះក៏បណ្ដាលឲ្យមានការខឹងសម្បារ​ប្រឆាំង​ពីយុវជន និងសហគមន៍នានា។

៣. ភាពអសកម្មនៃនយោបាយអភិវឌ្ឍន៍ និងភាពជាប់គាំងដំណើរការសេដ្ឋកិច្ច (Economic stagnation, lack of opportunity)

បញ្ហាគ្មានការងារធ្វើបានជំរុញឱ្យប្រជាជនចំណាកស្រុកទៅធ្វើជាពលករនៅបរទេស ជាពិសេសនៅមជ្ឈឹមបូព៌ា កូរ៉េខាងត្បូង និងនៅអាស៊ីអាគ្នេយ៍។ បន្ថែមពីអត្រាគ្មានការងារធ្វើរបស់យុវជនក្នុងប្រទេស និងកង្វះឱកាសសេដ្ឋកិច្ច ប្រទេសនេប៉ាល់ បានប្រឈមនឹងបញ្ហាអំពើពុករលួយ និងគម្លាតសង្គមយ៉ាងខ្លាំងរវាងអ្នកមាន និងអ្នកក្រ បញ្ហាខ្វះសេវាសាធារណៈ និងឧបសគ្គផ្សេងៗជាច្រើនទៀតដែលកាន់តែជំរុញឲ្យមានការមិនពេញចិត្តជាសាធារណៈកាន់តែខ្លាំងឡើងថែមទៀត។

៤. ការតវ៉ាជាសាធារណៈ និងការប្រើប្រាស់អំណាចដោយកម្លាំងសន្តិសុខ

ភ្លាមៗបន្ទាប់ពីការបង្ហោះរបស់ពលរដ្ឋទាក់ទងនឹងការមិនពេញចិត្ត ដែលរដ្ឋាភិបាលក្រុងកាត់តាម៉ាន់ឌូ បានបិទបណ្តាញសង្គមដូចជា Facebook និង Instagram ជាដើម ដែលធ្វើឱ្យប្រជាជនដែលពឹងផ្អែកលើ ទីផ្សារអនឡាញ ត្រូវបាត់ចំណូលមួយភាគធំនោះ រដ្ឋអំណាច (police, security forces) មិនបានប្រញាប់ ប្រញាល់ក្នុងការដោះស្រាយនោះទេ ទើបធ្វើឲ្យកំហឹងមហាជនកាន់តែផ្ទុះខ្លាំងឡើងៗ រហូតឈានដល់ការធ្វើ មហាបាតុកម្មហឹង្សា ដោយមានការបាញ់គ្នា ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ការណ៍នេះរឹតតែធ្វើឲ្យពលរដ្ឋឆេះកំហឹងឡើងថែមមួយកម្រិតទៀត។

៥. រដ្ឋបាលមិនប្រាកដប្រជា (Political instability, frequent changes in government, coalition problems) និងកំសោយទំនាក់ទំនងរវាងរដ្ឋាភិបាល និងយុវជន (Generational disconnect, communication gap)

ក្រោយផ្តួលរលំរបបរាជានិយមនៅឆ្នាំ២០០៨ នេប៉ាល់បានក្លាយជាប្រទេសប្រជាធិបតេយ្យ  ហើយប្រទេស នេះតែងតែផ្លាស់ប្តូររដ្ឋាភិបាលជាញឹកញាប់ ជាហេតុធ្វើឲ្យមន្ត្រីនៅក្នុងជួរដ្ឋាភិបាលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញសេវាសាធារណៈជូនប្រជាជន ហើយពួកគេគិតគូរតែពីផលប្រយោជន៍ក្រុមបក្សពួក និងសាច់ញាតិខ្លួន ដោយមើលរំលងពីភាពលំបាករបស់ពលរដ្ឋ។

យុវជនជាច្រើនគិតថា បទដ្ឋានលទ្ធកម្មរដ្ឋ និងភាគីអ្នកនយោបាយមិនគិតគូរទាល់តែសោះពីការស្នើរសុំរបស់ពួកគេ ជាពិសេស ឱកាសសិក្សា ការងារ និងសិទ្ធិផ្សេងៗ និងជាពិសេសសេរីភាពលើបណ្តាញទំនាក់ទំនងសង្គម។

ជាលទ្ធផលនៃវិបត្តិដែលបណ្ដាលមកពីបញ្ហាជាច្រើនដូចបានរៀបរាប់ខាងលើដូចជា ភាពអសមត្ថភាពរបស់មេដឹកនាំ វិបត្តិនយោបាយ ភាពមិនប្រាកដប្រជារដ្ឋបាលដឹកនាំ(ផ្លាស់ប្តូរមេដឹកនាំញឹកញាប់ពេក) វិបត្តិសង្គម អំពើពុករលួយ បក្ខពួកគ្រួសារនិយម និងវិបត្តិការងារ កំសោយទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជន ពិសេសក្រុមយុវជន ហើយអ្វីដែលធ្វើឲ្យមហាជននេប៉ាល់អត់ទ្រាំលែងបាននុះគឺការរាំងខ្ទប់សិទ្ធិសេរីភាពលើបណ្តាញទំនាក់ទំនងសង្គម បាននាំឲ្យស្ថានការណ៍នៅនេប៉ាល់ កាន់តែវឹកវរ រហូតឈានដល់មានមហាបាតុកម្មទ្រង់ទ្រាយធំ និងបណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់ និងរបួសជាច្រើននាក់ ហើយបើទោះបីជាលោកនាយករដ្ឋមន្រ្តី KP Sharma Oli បានលាលែងពីតំណែងក្តី តែពលរដ្ឋហាក់ដូចជាមិនទាន់អស់កំហឹង និងនៅតែមិនទាន់ទទួលបានការដោះស្រាយមួយដែលសមតាមបំណង ជាក់ស្ដែងនៅឡើយ។តើរដ្ឋាភិបាលដែលនឹងកើតឡើងក្រោយការបោះឆ្នោតនៅពេលខាងមុខកំឡុងខែវិច្ឆិកា អាចមានសមត្ថភាពគ្រប់គ្រាន់ស្ដារស្ថានភាពប្រទេសជាតិឲ្យបានល្អប្រសើរជាងរដ្ឋាភិបាលមុនៗដែរឬយ៉ាងណា?ក្នុងនាមជាមនុស្សជាតិដូចគ្នាយើងសង្ឃឹមថានេប៉ាល់និងមានរដ្ឋាភិបាលមួយដែលចេះស្រឡាញ់ គិតគូរពីប្រទេសជាតិ ប្រជាពលរដ្ឋជាធំ។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.