បច្ចុប្បន្ននេះយើងសង្កេតឃើញថា សំឡេងយុវជនរូបនេះបានធ្វើឲ្យមានការចាប់ អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការបញ្ចេញមតិប្រឆាំង នឹងអំពើពុករលួយ និងវិសមភាពនៅក្នុងសង្គមនេប៉ាល់។ ការពិតទៅយុវជនរូបនេះ មិនមែនជាសកម្មជននយោបាយផ្លូវការទេ ហើយគ្រាន់តែជាសិស្សរៀនថ្នាក់ទី១០នៅក្នុង វិទ្យាល័យមួយនៅ ក្នុងប្រតេសនេប៉ាល់ប៉ុណ្នោះ។ តោះមកស្គាល់ពត៌មានផ្ទាល់ខ្លួនរបស់យុវជនរូបនេះទាំងអស់គ្នា
១. យុវជន Abiskar Raut គឺជាសិស្ស ដែលកំពុងសិក្សាថ្នាក់ទី ១០ នៅវិទ្យាល័យ Holly Bell ប្រទេសនេប៉ាល់។ មនុស្សជាច្រើនហៅ Abiskar ថា “អូរ៉ា”។ អូរ៉ា ជាកូនរបស់ប្រជាជនសាមញ្ញមួយនៅប្រទេសនេប៉ាល់។ សាវតា របស់គ្រួសារអូរ៉ា គឺគ្មាននរណាម្នាក់ ជាឥស្សរជននយោបាយ ឬមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់ប្រទេសនេប៉ាល់ទេ។ ប៉ុន្តែជាសិស្សម្នាក់ ដែលធំធាត់ឡើង ដោយមានទេពកោសល្យចេះប្រមើលមើលនូវបញ្ហាសង្គម និងមានចំណូលចិត្ត តាមដានរឿងនយោបាយ និងសេដ្ឋ កិច្ចជាតិជាដើម។
២. បរិយាកាសនយោបាយរបស់ប្រទេសនេប៉ាល់ៈ
បើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times ចាប់តាំងពីដើមខែកញ្ញា ក្នុងឆ្នាំ២០២៥ នេប៉ាល់ បានចាប់ផ្តើមកើតមានការធ្វើបាតុកម្មទ្រង់ទ្រាយធំ រហូតឈានទៅដល់ការដុតបំផ្លាញអគាររដ្ឋ និងផ្ទះសម្បែងរបស់ អ្នកនយោបាយធំៗនៅក្នុងប្រទេស។ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បាតុកម្ម បានរីកកាន់តែធំឡើងៗ រហូតធ្វើអោយលោកនាយករដ្ឋមន្រ្តី KP Sharma Oli បង្ខំចិត្តលាលែងពីតំណែង។ ការតវ៉ាដ៏ធំនេះ បានកើតចេញពីបញ្ហាជាច្រើនដូចជា ការបិទបណ្តាញសង្គម អំពើបក្សពួកនិយម ការបង្អួតសម្ភារនិយមពីសំណាក់ កូនអ្នកនយោបាយគ្រាក់ៗ និងអំពើពុករលួយជាដើម។
មុនពេលមានបាតុកម្មទ្រង់ទ្រាយធំកើតឡើងនៅក្នុងខែកញ្ញា យុវជននេប៉ាល់ជាច្រើន បានបង្ហោះវីដេអូពីភាព ឡូយឆាយ ហ៊ឺហា និងសម្ភារនិយមរបស់កូនអ្នកនយោបាយ និងកូនមន្រ្តីជាច្រើន ដើម្បីបង្ហាញពីភាពខុសគ្នារវាង ជីវិតរបស់មន្រ្តីរាជការពុករលួយនិងប្រជាជនក្រីក្រ ដែលកំពុងតែរស់នៅយ៉ាងលំបាកវេទនា គ្មានការងារធ្វើ។ វីដេអូ និងរូបភាពជាច្រើនរបស់កូនអ្នកមាន ត្រូវបានយុវជននេប៉ាល់បង្ហោះនៅលើបណ្តាញសង្គម ដូចជា TikTok, Facebook និងInstagram ជាដើម ដោយសរសេរភ្ជាប់ជាមួយពាក្យ #nepokids ដែលសំដៅដល់កូនអ្នកនយោបាយ ដែលពឹងអាងលើខ្សែ និងបក្សពួក។ ទន្ទឹមនឹងនេះ វីដេអូផ្សេងទៀត បានបង្ហាញពីកូនប្រុសរបស់អតីត ចៅក្រមម្នាក់ ដែលបង្អួតរថយន្តម៉ាក Mercedes និងបរិភោគអាហារក្នុងភោជនីយដ្ឋានទំនើបៗផងដែរ។
តាមទិន្នន័យរបស់ធនាគារពិភពលោក អត្រាគ្មានការងារធ្វើរបស់ប្រជាជននេប៉ាល់ ដែលមានអាយុចន្លោះពី១៥ឆ្នាំ ទៅ ២៤ឆ្នាំ ប្រមាណ ២០,៨ភាគរយ ក្នុងឆ្នាំ២០២៤។ បញ្ហាគ្មានការងារធ្វើបានជំរុញឱ្យប្រជាជនធ្វើចំណាកស្រុក ត្រូវធ្វើជាពលករនៅបរទេស ជាពិសេសនៅមជ្ឈឹមបូព៌ា និងនៅអាស៊ីអាគ្នេយ៍។ ទន្ទឹមនេះ ធនាគារពិភពលោក បានបង្ហាញទិន្នន័យថែមទៀតថា ទំហំផលិតផលក្នុងស្រុកសរុបរបស់នេប៉ាល់ មានប្រមាណ ៣៣,១ភាគរយ បានពីប្រាក់របស់ពលករ ដែលបានផ្ញើចូលប្រទេសវិញ។
បន្ថែមពីអត្រាគ្មានការងារធ្វើរបស់យុវជនក្នុងប្រទេស និងកង្វះឱកាសសេដ្ឋកិច្ច នេប៉ាល់ បានប្រឈមនឹងបញ្ហាអំពើ ពុករលួយ និងគម្លាតសង្គមយ៉ាងខ្លាំងរវាងអ្នកមាន និងអ្នកក្រ។ តាមទិន្នន័យពីការស៊ើបអង្កេតមួយរបស់សភា បានបង្ហាញថា ថវិកាយ៉ាងហោចណាស់ ៧១លានដុល្លារ ត្រូវបានដកចេញពីគម្រោងកសាងអាកាសយានដ្ឋាន ទីក្រុង Pokhara។
ស្របពេលដែលមានការមិនពេញចិត្តបែបនេះពីសំណាក់យុវជន រដ្ឋាភិបាលក្រុងកដ្ឋមណ្ឌូ បានសម្រេចបិទបណ្តាញ សង្គមមួយចំនួនដូចជា Facebook និង Instagram ជាដើម ដែលធ្វើឱ្យប្រជាជន ដែលពឹងផ្អែកលើទីផ្សារអនឡាញ ត្រូវបាត់ចំណូល។ សេរីភាពក្នុងការទទួលបានព័ត៌មានពីបរទេសក៏លែងទូលំទូលាយដូចមុនទៀតដែរ។ ជុំវិញការ បិទបណ្តាញសង្គមនៅនេប៉ាល់ ក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាននេប៉ាល់ បានអនុវត្តការបិទបណ្តាញ សង្គម ក្រោមហេតុផលថា បណ្តាញសង្គមទាំង នោះមិនបានចុះបញ្ជិការនៅឡើយ។ ការអនុវត្តរបស់រដ្ឋាភិបាលបែប នេះ ធ្វើឡើងតាមបញ្ជារបស់តុលាការកំពូល ហើយរដ្ឋាភិបាលបាន សម្រេចបិទបណ្តាញសង្គមទាំងនោះនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ បញ្ហានេះ កាន់តែធ្វើឱ្យស្ថានការណ៍នៅនេប៉ាល់ កាន់តែវឹកវរ រហូតឈានដល់ការប៉ះទង្គិចរ វាងកម្លាំងប៉ូលិស និងក្រុមបាតុករ ដឹកនាំដោយក្រុមយុវជន «Gen Z»។ ជាលទ្ធផលបាតុកម្មប៉ុន្មានថ្ងៃមកនេះ មនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់បានរងរបួស៕
៣. ភាពវ័យឆ្លាតរបស់យុវជន Abiskar Raut
ទោះបីជាយុវជនរូបនេះនៅក្មេងក៏ដោយ តែត្រូវបានគេដឹងថា Abiskar ជាយុវជនដែលមានថាមពលខ្លាំង។ យុវជនរូបនេះនិយាយស្រែកខ្លាំងៗជាមួយនឹងវោហាសាស្ត្រច្បាស់ៗ ស្ដីពីការប្រៀបធៀបការលេងសើច និងជីវិត ហឺហារបស់មន្ត្រីពុករលួយ និងបក្សពួក ទៅនឹងប្រជាពលរដ្ឋក្រីក្រ។ សុន្ទរកថារបស់យុវជនរូបនេះ ត្រូវបានបង្ហោះ ជាលើកដំបូងនៅសាលា Holy Bell ក្នុងកម្មវិធីសុន្ទរកថាប្រចាំឆ្នាំ ហើយមានការចាប់អារម្មណ៍ជាខ្លាំង លើបណ្តាញ សង្គម។ ខ្លឹមសារនៃសុន្ទរកថាបានគូសបញ្ជាក់ពី អំពើពុករលួយរបស់អ្នកនយោបាយ និងមន្ត្រីជា បក្សពួក ហើយប្រៀបធៀប និងប្រជាជនដែលខ្វះឱកាសសេដ្ឋកិច្ច។ នេប៉ាល់បានប្រឈមនឹងបញ្ហាអំពើពុករលួយ និងគម្លាត សង្គមយ៉ាងខ្លាំងរវាងអ្នកមាន និងអ្នកក្រ។ គេបានសង្កត់ធ្ងន់ថា អនាគតរបស់នេប៉ាល់នឹងមិនល្អទេ បើក្មេងជំនាន់ ក្រោយនៅស្ងៀម។ យុវជនរូបនេះបានអំពាវនាវឲ្យយុវជនជំនាន់ក្រោយក្រោកឡើងប្រឆាំងនឹង «ភាព ខ្មៅងងឹត» ដោយស្មារតីនៃការផ្លាស់ប្តូរ។ ឃ្លាមួយដែលល្បី និងផ្ទុះខ្លាំងនៅលើអ៊ីនធើណែតនោះគឺ៖ អ៊ីធូ ទីដាក់ម៉ងគីន! ឬមានន័យជាភាសាខ្មែរថា ( យើងជាភ្លើង ដែលនឹងដុតបំផ្លាញភាពងងឹត )។ សន្ទរកថានេះបានក្លាយជានិមិត្តរូបនៃ ស្មារតីបាតុករ Generation Z នេប៉ាល់ ដែលធ្វើឲ្យយុវជនជាច្រើនទៀតចាប់ផ្តើមងើបឡើង និយាយប្រឆាំងនឹង ភាពអយុត្តិធម៌នៅក្នុងសង្គម។ ក្រោយមក វីដេអូនេះត្រូវបាន share និងផ្ទុះការគាំទ្រនោះលើ TikTok, Instagram និង YouTube ។ មនុស្សជាច្រើនបានបញ្ចេញមតិដោយធ្វើការប្រៀបធៀបយុវជនរូបនេះទៅ នឹងតួអង្គផ្សេងៗនៅ ក្នុងប្រវត្តិសាស្ត្រ ដោយសារតែទម្រង់នៃការនិយាយរបស់ អូរ៉ា ពិតជាបានបង្ហាញពីអារម្មណ៍របស់ពួកគេ ដែលកំពុង ឈីចាប់។ មនុស្សមួយចំនួន ចាត់ទុក អូរ៉ាថាជាតំណាងនៃ Generation Z Nepal ដែលស្អប់ខ្ពើមការដឹកនាំរបស់ ប្រទេសនេប៉ាល់បច្ចុប្បន្ន។ អ្នកខ្លះទៀតគិតថា យុវជនរូបនេះអាចជាមុខមាត់ថ្មីសម្រាប់ចលនានយោបាយ នេប៉ាល់នាពេលអនាគត។ សរុបមកយើងអាចសន្និដ្ឋានបានថា Ora (Abiskar Raut) មិនមែនជាសកម្មជន ជាន់ខ្ពស់ ឬឥស្សរជននយោបាយទេ ប៉ុន្តែជាសិស្សធម្មតាម្នាក់ ដែលមានភាពក្លាហាន ក្នុងការបញ្ចេញមតិប្រឆាំង នឹងអំពើពុករលួយនៅក្នុងប្រទេស។ ហើយមតិរបស់គេពិតជាមានឥទ្ធិពលដល់មហាជនទូទៅ និងពិតជាបានបង្ហាញ ពីការខកចិត្ត ចំពោះរដ្ឋាភិបាលពុករលួយ និងបក្សពួកនិយម ដែលបានដុតបំផ្លាញក្តីសង្ឃឹមរបស់យុវជន អោយឆេះខ្ទេចខ្ទី។ ផ្ដើមចេញពីសម្លេងនៅក្នុងសាលា តូចមួយ របស់យុវជនរូបនេះ ជានិមិត្តរូបនៃការតស៊ូនិងបាន ជំរុញអោយភ្លើងក្នុងចិត្តរបស់យុវជននេប៉ាល់ឆាបឆេះឡើងនិង បានប្រមូលផ្តុំគ្នាបង្កើតបានជាមហាបាតុកម្មទូរទាំង ផ្ទៃប្រទេស។
Comments
Post a Comment