Skip to main content

ព្រះរាជជីវប្រវត្តិសង្ខេបនៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន នៅប្រទេសថៃ


ស្ដេចមហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានក្លាយទៅជាស្តេចថ្មីរបស់ប្រទេសថៃ បន្តវេនពីព្រះបីតា ព្រះអង្គម្ចាស់ ភូមិបុល អាឌុលយ៉ាដេតដែលសោយ​ទីវង្គត​កាល​​ថ្ងៃទី​១៣ខែ​​តុលា​ឆ្នាំ​២០១៦។ ព្រះអង្គម្ចាស់ភូមិ បុល គឺជាស្តេចដែល​សោជរាជ្យយូរជាងគេនៅលើពិភពលោក មុនពេលដែលទ្រង់បានសោយទិវង្គតក្នុង​ព្រះជន្មា យុ៨៨ឆ្នាំ បន្ទាប់​សោយរាជសម្បត្តិ​អស់រយៈពេល​៧០ឆ្នាំ​។

លោក​ Supalak Ganjanakhundee ដែល​ជាអ្នកកាសែត​​ និង​ជាអ្នក​និពន្ធ​ជន​ជាតិថៃ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ បោះសំឡេងជាអន្តរជាតិម្នាក់​ បានកត់សម្គាល់ថា ​អ្វី​ដែលធ្វើឲ្យ ​​មហាក្សត្រ​បច្ចុប្បន្ន ខុសពី​បិតា​របស់​ទ្រង់​ ​គឺ​​នៅ​ត្រង់ថា ​«បិតា​ព្រះ​អង្គ​សិក្សា​ផ្នែក​​ច្បាប់ និងចាប់អារម្មណ៍លើវិទ្យាសាស្ត្រ»​ ប៉ុន្តែ​​មហាក្សត្រ​​បច្ចុប្បន្ន​វិញ គឹ​សិក្សា​ផ្នែក​យោធា​ដោយ​ផ្ទាល់»។ ​ការ​សិក្សា​យោធានេះ​បាន​ធ្វើឲ្យ​​មហាក្សត្រ​​​អង្គ​បច្ចុប្បន្ន​នេះ​ប្រមូលផ្តុំ​អំណាច​យោធា​យ៉ាងខ្លាំង ដោយ​​តែងតាំង​ និង​លើក​តម្កើង​តែ​អ្នក​ដែលស្និទ្ធ​នឹ​ង​ព្រះអង្គ​​​​ឲ្យ​បម្រើ​តួនាទី​​កំពូល​ៗ​។

ខាងក្រោមនេះជា ព្រះរាជជីវប្រវត្តិសង្ខេបនៃព្រះបាទមហាវិជ្ជិរ៉ាឡុងកន ដែលទើបតែបានឡើងគ្រងរាជ្យ ពេញបរិបូណ៌ តាមទំនៀមទម្លាប់ប្រពៃណីថៃ នៅក្នុងព្រះរាជពិធី រាជាភិសេកដ៏អធិកអធម៌មួយ ដែលបានត្រូវបានបញ្ចប់នាថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩ នេះ។ ព្រះអង្គប្រសូតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥២ ក្នុងរាជវាំងតុសិត នាទីក្រុងបាងកក។ ព្រះអង្គជាបុត្រទីពីរ ហើយជាបុត្រាតែមួយអង្គគត់របស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និងម្ចាស់ក្សត្រី សិរីគិត (Sirikit)។

កាលពីទើបមានព្រះជន្ម ២០ព្រះវស្សា ទ្រង់ត្រូវបានតែងតាំងជាព្រះរាជទាយាទ ដោយព្រះបិតាផ្ទាល់។ ក្រោយពីព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតទៅ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ទ្រង់ត្រូវបានតម្រូវឲ្យឡើងស្នងរាជ្យបន្តនាពេលនោះតែម្តង. ប៉ុន្តែព្រះអង្គបានបង្គាប់ឲ្យពន្យា រពេល ដើម្បីបន្តកាន់ទុក្ខព្រះបិតាសិន។ រហូតដល់វេលាយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ទ្រង់ក៏បានយល់ព្រមឡើងគ្រងរាជសម្បត្តិ តែមិនទាន់ធ្វើ ពិធីតាមប្រពៃណីរាជវង្ស ឲ្យពេញសិទ្ធិនៅឡើយទេ។

ទោះបីជាព្រះសពរបស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវបានបូជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ក៏ដោយ ព្រះរាជពិធីរាជាភិសេកតាមទំនៀមទម្លាប់ប្រពៃណីរបស់ព្រះបាទ មហា វិជ្ជិរ៉ាឡុង កន ត្រូវបានពន្យារពេលបន្ថែមទៀត ព្រោះប្រជាជាតិថៃនៅតែស្ថិតក្រោមរយៈកាល នៃការកាន់ទុក្ខ នៅឡើយ។ រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ទើបព្រះរាជពិធីឡើងគ្រងរាជសម្បត្តិជាផ្លួវការ និងពេញសិទ្ធិ តាមប្រពៃណីទំនៀមទម្លាប់នៃរាជវង្សថៃបានប្រព្រឹត្តទៅ ដែលមានរយៈពេលសរុប ០៣ថ្ងៃតែម្តង។

យ៉ាងណាមិញ បើតាមរដ្ឋាភិបាលថៃ រជ្ជកាលគ្រប់គ្រងប្រទេសរបស់ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន គឺបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ពោលគឺនៅពេលដែលព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានចូលទិវង្គត។ ក្នុងនាមជាព្រះរាជាទី ១០ នៃរាជវង្សចក្រីថៃ ព្រះបាទ វិជ្ជិរ៉ាឡុងកន ក៏មាននាមថា ព្រះចៅរាមាទី ១០ ផងដែរហើយទ្រង់បានក្លាយជាស្តេចថៃ ដែលបានឡើងគ្រងរាជ្យ ដោយមានព្រះជន្មចំណាស់ជាងគេ ដោយកាលពីឆ្នាំ២០១៦ ព្រះអង្គមានព្រះជន្មរហូតដល់ ៦៤ព្រះ វស្សា។

ប្រវត្តិនៃការសិក្សា ស្នេហា និងស្នាព្រះហត្ថនៃស្តេចមហា វិជ្ជិរ៉ាឡុងកន

ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ធ្លាប់ទទួលបានការអប់រំនៅក្នុងសាលាវាំងមួយកន្លែង ក្នុងទីក្រុងបាងកក។ បន្ទាប់មកពេលមានព្រះជន្ម ១៣ព្រះវស្សា ទ្រង់ត្រូវបានបញ្ជូនទៅសិក្សា នៅសាលាឯកជនពីរកន្លែង នៅចក្រភពអង់គ្លេសរយៈពេល០៥ឆ្នាំ ហើយសម្រាប់មួយ ឆ្នាំចុងក្រោយ ទ្រង់បានសិក្សានៅសាលាមួយ កន្លែងទៀត ក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។ សម្រាប់បួនឆ្នាំបន្ទាប់ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានចំណាយពេលទទួលការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យយោធាក្នុងទីក្រុង កង់បេរ៉ា។

ព្រះអង្គនៅតែបានបន្តទទួលការបណ្តុះបណ្តាលជំនាញយោធាបន្ថែមទៀត ទាំងនៅក្នុង ប្រទេសថៃ និងនៅក្រៅប្រទេស រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្រ្តាលី ហើយទីបំផុតទ្ រង់ក៏បានក្លាយជាមន្រ្តីយោធាម្នាក់ក្នុងជួរកងកម្លាំងប្រដាប់អាវុធថៃ ។ ព្រះអង្គក៏បានជាប់ជាអាកាសយានិក ទាំងខាងបញ្ជាយន្តហោះស៊ីវិល និងខាងយន្តហោះចម្បាំងផងដែរ ដោយទ្រង់ធ្លាប់បានហោះហើរ យន្តហោះ Boeing 737 ផ្ទាល់ខ្លួនមួយគ្រឿង នៅពេលទ្រង់យាងធ្វើ ដំណើរនៅបរទេសថែមទៀតផង។ នៅឆ្នាំ១៩៧២ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ត្រូវបានតែងតាំងដោយព្រះបាទ ភូមិបុល អាប់ឌុលយ៉េដេត ជាព្រះរាជទាយាទ ប៉ុន្តែព្រះអង្គក៏បានប្រឈមនឹង រឿងអាស្រូវមួយចំនួនផងដែរ។

នៅឆ្នាំ១៩៧៧ ទ្រង់បានរៀបអភិសេកជាមួយព្រះនាង សោមសាវ៉ាលី (Soamsawali) ដែលជាប់សែ រាជវង្សដែរ និងមានបុត្រមួយអង្គ គឺព្រះនាង បាចារ៉ាឃីទិយ៉ាផា (Bajarakitiyabha) នៅខែតុលា ឆ្នាំ១៩៧៨ ប៉ុន្តែនៅឆ្នាំ១៩៩១ ក៏បានលះ លែងគ្នា។ បន្ទាប់មកនៅឆ្នាំ១៩៩៤ ព្រះអង្គបានរៀបអភិសេកជាមួយតារាសម្តែងម្នាក់ឈ្មោះ យុវធីតា (Yuvadhida) ប៉ុន្តែពីរឆ្នាំក្រោយមកទៀត ទ្រង់ក៏លែងលះទៀត។ នៅឆ្នាំ២០០១ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានរៀបអភិសេកម្តងទៀត ខណៈអ្នកម្នាងទី ៣ នេះមាននាមថា ស្រ៊ីរស្មី (Srirasmi) និងមានបុត្រាមួយអង្គ ព្រះនាម ឌីផាងកន (Dipangkorn) នៅឆ្នាំ២០០៥ ប៉ុន្តែនៅឆ្នាំ២០១៤ ទ្រង់ក៏បានចែកផ្លូវគ្នា។ ដោយឡែក នៅប៉ុន្មានថ្ងៃមុនរៀបពិធីរាជាភិសេករបស់ទ្រង់ ព្រះអង្គក៏បានសម្រេចព្រះទ័យ រៀបអភិសេកមហេសីម្នាក់ទៀតឈ្មោះ សុធីតា (Suthida) ដែលត្រូវជាអតីត កងការពាររាជវាំងផ្ទាល់។

ព្រះបាទ មហាវិជ្ជិរ៉ាឡុងកន គឺជាអ្នកស្នងរាជសម្បត្តិពីព្រះបិតាទ្រង់ ដែលមាននាមជាស្តេច មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោកលំដាប់លេខ ២ ជាមួយរាជទ្រព្យសរុបជាង ៣០ពាន់ លានដុល្លារ ខណៈលេខ ១ គឺព្រះចៅ Ahmed bin Saeed Al Maktoum នៃអេមីរ៉ាត់អារ៉ាប់រួម ដែលមានរាជទ្រព្យសរុបជិត ៣២ពាន់លានដុល្លារ និងលេខ ៣ គឺព្រះចៅ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ ដែលមានរាជទ្រព្យសរុបជាង ២០ពាន់លានដុល្លារ៕



Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.