ប្រហែលជាមានប្រជាជនខ្មែរតិចតួចណាស់ ដែលបានដឹងពីរឿងសោកនាដកម្មនៅភ្នំដងរែក ខេត្តព្រះវិហារ ដែលបានកើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ដោយមានជនភៀសខ្លួនខ្មែរប្រមាណពី ១០.០០០ ទៅ ៤០.០០០ នាក់បានបាត់បង់ជីវិតដោយក្រោមបាតដៃដោយផ្ទាល់ និងប្រយោលរបស់រដ្ឋាភិបាល និងប្រជាជនថៃ ក្នុងចំណោមជនភៀសខ្លួនខ្មែរ ប្រមាណជា ៤៣០០០ ទៅ៤៥០០០នាក់ ប៉ុន្តែចំនួននេះ នៅមិនទាន់មាន ឯកសារណាមួយបានបញ្ជាក់ពីតួលេខនេះច្បាស់លាស់នៅឡើយទេ។
យោងតាមការសរសេរនៅគណនីផ្ទាល់ខ្លួនរបស់លោក គួច ម៉េងលី កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកបានរៀបរាប់ថា ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រជាជនកម្ពុជារាប់សែននាក់បានស្វែងរកការជ្រក កោននៅក្នុងប្រទេសថៃ ដើម្បីបានសម្ភាសន៍ជាមួយអ្នកតំណាងអន្តរជាតិ ក្នុងការទទួលបានសិទ្ធិជ្រកកោន នៅប្រទេសទី៣។ ជាសោកនាដកម្មដ៏ឈឺចាប់បំផុត ប្រជាជនខ្មែរជាច្រើនត្រូវបានចាប់បង្ខំដោយអាជ្ញាធរថៃ ឱ្យត្រឡប់ចូលទឹកដីកម្ពុជាវិញតាមជំរាលថ្មភ្នំដ៏ចោទ នៅតំបន់ជុំវិញប្រាសាទព្រះវិហារ និងជួរភ្នំដងរែក ដែលជា តំបន់ពោរពេញទៅភ្នំខ្ពស់ៗ ជ្រលងជ្រោះជ្រៅ គ្រាប់មិនទាន់ផ្ទុះ និងចំការមីន ហើយប្រជាជនបានជួបប្រទះកា រអត់ឃ្លាន ខ្សោះជាតិទឹក មិនតែប៉ុណ្នោះពួកគេអាចនឹងត្រូវបានសម្លាប់ដោយខ្មែរក្រហមថែមទៀត។
តាមរយៈខ្សែភាពយន្តឯកសារបរទេស "Ghost Mountain of Cambodia" ឬជាភាសាខ្មែរ (ភ្នំខ្មោចៈ វាលពិឃាតទី២ នៃប្រទេសកម្ពុជា") របស់លោក តាំង ប៊ុនសេង បានរៀបរាប់ថា នៅខែមិនា ឆ្នាំ ១៩៧៩ ប្រទេសថៃមានក្តីបារម្ភចំពោះលំហូរជនភៀសខ្លួនខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសរបស់ខ្លួន ដូច្នេះថៃ បានប្រកាសថា ខ្លួននឹងធ្វើការបិទច្រកព្រំដែនតាមតំបន់ដែលគ្មានមនុស្សរស់នៅរវាងថៃ និងកម្ពុជា។ ពេលវេលានេះហើយជាពេល ដែលមន្ត្រីរដ្ឋការ កងទ័ព និងប្រជាជនថៃ មិនបានបង្ហាញពីទង្វើមនុស្សធម៌ ឬមានមនោសញ្ចេតនាល្អចំពោះប្រជាជនកម្ពុជា ឬប្រជាជនស៊ីវិលដែលបានភៀសខ្លួនដោយបុព្វហេតុសង្គ្រាម នោះឡើយ។ ពួកគេមិនបានហៅប្រជាជនភៀសខ្លួនពេលនោះ ថាជាជនភៀសខ្លួនដោយសារសង្គ្រាមទេ ប៉ុន្តែពួកគេហៅថា ជាជនអន្តោប្រវេសន៍ខុសច្បាប់។ ដូច្នេះ នៅខែមិថុនា ឆ្នាំ ១៩៧៩ កងទ័ពថៃ បានបង្ខំជនភៀសខ្លួនកម្ពុជារាប់សែននាក់ ដែលបានឆ្លងដែនចូលទឹកដីថៃ ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ។ ជនភៀសខ្លួនទាំងនោះ ត្រូវបានបង្ខំឱ្យជិះឡានក្រុងណែនណាន់តាន់តាប់ ហើយដឹកប្រជាជនទៅចាក់ចោលនៅ តាមជួរភ្នំដងរែក ដែលមានចម្ងាយប្រមាណជាង ៣០០ គីឡូម៉ែត្រពីស្រុកអរញ្ញប្រទេស។
បន្ទាប់មកពួកគេបានបង្ខំឱ្យជនភៀសខ្លួនចុះដើរតាម «ជួរភ្នំដងរែក» ដែលមានជំរាលថ្មភ្នំខ្ពស់ចោទ ជ្រលងជ្រោះ ជ្រៅៗ និងត្រូវដើរឆ្លងកាត់ចំការមីន ហើយប្រជាជនជួបប្រទះភាពអត់ឃ្លាន ខ្សោះជាតិទឹក មិនតែប៉ុណ្នោះ ពួកគេត្រូវបានសម្លាប់ដោយខ្មែរក្រហមថែមទៀត ហើយអ្នកខ្លះទៀតត្រូវបានទាហានថៃបាញ់សម្លាប់ចោល តែម្តង។ ក្នុងចំណោមជនភៀសខ្លួនទាំងនោះ សុទ្ធតែជាគ្រួសារងាយរងគ្រោះទាំងអស់ ដែលរួមមានទាំងកុមារ ស្រ្តី មនុស្សចាស់ជរា និងអ្នកជម្ងឺផងដែរ។ តាមរយៈ កេហទំព័រ khmerization.blogspot.com បានរៀបរាប់ ពីបទពិសោធន៍ ដែលគាត់បានឃើញផ្ទាល់ភ្នែក ក្រោយបានរស់រានមានជីវិតពីសោនាដកម្មនេះ ថា គឺពេលនោះ គាត់ទើបមានអាយុ១០ឆ្នាំប៉ុណ្នោះ គាត់បានឃើញជនជាតិថៃ បិទមុខដោយក្រណាត់ខ្មៅ ដែលមើលទៅ ហាក់ដូចជាឧក្រិដ្ឋជន ដៃកាន់កាំភ្លើងស្រែកសម្លុតជនភៀសខ្លួនឲ្យឡើងឡាននិយាយជាភាសាខ្មែរ ដោយពួកគេ ស្រែកតែ២ដងប៉ុណ្នោះ បើមានអ្នកណាមិនព្រមឡើងឡានទេ ពួកគេបាញ់សម្លាប់ចោលភ្លាម។ ក្រោយពេល ចូលដល់ខាងដីកម្ពុជា គាត់បានឮសំឡេងគ្រាប់មីនផ្ទុះ ហើយឮសម្លេងមនុស្សស្រែកទ្រហោយំស្ទើរគ្រាប់ទិសទី។ នៅក្រោមដើមឈើខ្លះមានសាកសពពីរទៅបីនាក់រុំចូលគ្នាក៏មាន ហើយគាត់ក៏បានឃើញសាកសពជាច្រើននៅ ក្នុងប្រឡាយ ដែលមានឈាមហូរជំនួសទឹកទៀតផង។ ក្លិនស្អុយឆ្អេះឆ្អាប គឺគួរឱ្យរន្ធត់ និងតក់ស្លុតបំផុត។ សូមបញ្ជាក់ជូនលោកអ្នកថា តាមប្រភពពី វីគីភីឌា បានបង្ហាញថា ពេលនោះ ក្រុមហ៊ុនប្រេងសាំង PPT គឺជាអ្នកដែលបានផ្តល់មូលនិធិ និងប្រេងសាំងដល់ការដឹកជញ្ជូនជនភៀសខ្លួនក្នុងឆ្នាំ 1979 ដែលសកម្មភាព នេះដូចជាជំនួយដែលគេបានផ្តល់ដល់កងទ័ពរបស់គេមកវាយប្រហារកម្ពុជាក្នុងឆ្នាំ២០២៥ថ្មីៗនេះផ្ទាល់តែម្តង។
ដំណឹងនៃសោកនាដកម្មនៅភ្នំដងរែកនេះ បានធ្វើឲ្យអន្តរជាតិមានការខឹងសម្បារ និងថ្កោលទោសជាខ្លាំងចំពោះ អជ្ញារធរថៃ។ ដើម្បីដោះស្រាយសោកនាដកម្មនេះ និងទប់ស្កាត់ការបញ្ជូនជនភៀសខ្លួនដោយបង្ខំចេញ ពីទឹកដីថៃបន្ថែមទៀត ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅ ទីក្រុងហ្សឺណែវ បានកោះហៅ ក្រុមប្រឹក្សាព្រះវិហារពិភពលោក ឲ្យចូលប្រជុំ នៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 1979 ដោយមានការចូលរួមពីតំណាង ប្រទេសជាង 60នៅលើពិភពលោក។ តាមប្រភពឯកសារ វិគីភីឌាដដែល បានសរសេរថា រដ្ឋមន្ត្រីការបរទេសថៃ Uppadis Pachariyangkun ត្រូវបានគេចោទប្រកាន់ថា លោកបានប្រើប្រាស់វិបត្តិនេះ ដើម្បីទាញយកប្រយោជន៍ ផ្នែកនយោបាយ ព្រោះលោកចាត់ទុកថា បើមានជនភៀសខ្លួនច្រើនពេក នាំឲ្យជនជាតិថៃមិនសប្បាយចិត្ត ដូច្នេះនេះជាមធ្យោបាយតែមួយគត់ដែលអាចកាត់បន្ថយជនភៀសខ្លួនកម្ពុជាបាន ហើយលោកចាត់ទុកថា នេះជាមធ្យោបាយតែមួយគត់ ដែលអាចគៀបសង្កត់កងទ័ពវៀតណាមឲ្ យដកថយពីកម្ពុជា ក្នុងន័យជួយកម្ពុជា និងកាត់បន្ថយឥទ្ធិពលវៀតណាមក្នុងប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែក្រោយមករដ្ឋមន្ត្រីរូបនេះបែរជាបដិសេ ធមិនព្រមពិភាក្សារឿងនេះទៅវិញ។ តាមការស្រាវជ្រាវរបស់យើងខ្ញុំ យើងខ្ញុំយល់ឃើញថា នេះគ្រាន់តែជាលេស ឬជាការដោះសាររបស់រដ្ឋមន្រ្តីរូបនេះ ដើម្បីលាក់បាំងពីអំពើយង់ឃ្នងរបស់ខ្លួន មកលើជនភៀសខ្លួនក្នុងសង្គ្រាម នៅកម្ពុជាតែប៉ុណ្នោះ។
ជាលទ្ធផលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង ក្រុមប្រឹក្សាព្រះវិហារពិភពលោក មូលនិធិកុមាររ បស់អង្គការសហប្រជាជាតិ និងកម្មវិធីស្បៀងអាហារពិភពលោកបានសម្រេចជួលដីថៃ ដើម្បីបង្កើតជាជំរុំ សម្រាប់ជនភៀសខ្លួន ព្រមទាំងទិញស្បៀងអាហារពីប្រទេសថៃ ដើម្បីផ្គត់ផ្គង់ជនភៀសខ្លួនទាំងនោះផងដែរ។ ចំណុចនេះ អាចនឹងមានប្រជាជនមួយចំនួនយល់ថា រដ្ឋាភិបាលថៃបានជួយជនភៀសខ្លួនពីសង្គ្រាមនៅកម្ពុជា ប៉ុន្តែត្រង់ចំណុចនេះ គឺគិតមិនពិតទេ ព្រោះថា អង្គការសហប្រជាជាតិ បានជួលដីថៃ និងទិញស្បៀងអាហារ ពេញថ្លៃពីប្រទេសនេះ ដើម្បីផ្គត់ផ្គង់ជនភៀសខ្លួនដោយផ្ទាល់។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើបែបនេះ គឺដើម្បីសង្គ្រោះជនភៀសខ្លួនពីសង្គ្រាមនៅកម្ពុជា កុំឲ្យរដ្ឋាភិបាល កងទ័ព និងប្រជាជនថៃ ចាប់បង្ខំ និងធ្វើទារុណកម្ម ដោយចាប់បញ្ជូនពួកគេទៅតំបន់គ្រោះថ្នាក់វិញ។ នេះហើយទើបនៅក្នុងខែតុលា ឆ្នាំ 1979 ជំរំជនភៀសខ្លួនស្រះកែវ ត្រូវបានបង្កើតឡើង និងនៅខែវិច្ឆិកា ឆ្នាំ 1979 ជំរុំធំបំផុតមួយទៀតត្រូវបាន បង្កើតឡើងដែរ នោះគឺជំរុំ Khao-I-Dang។
នេះ គឺជាការចងចាំដ៏ឈឺចាប់បំផុត និងជារឿងពិតដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបាន កើតឡើងនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ ៨០ ។ តាមរយៈការសិក្សាស្រាវជ្រាវ និងបទពិសោធន៍នេះ យើងអាចសន្និដ្ឋានបានថា ថៃពិតជាបានប្រព្រឹត្តនូវអំពើសាហាវយង់ឃ្នងអមនុស្សធម៌ចំពោះជនភៀសខ្លួនក្ នុងបុព្វហេតុសង្គ្រាមនៅក្នុងកំឡុងទស្សវត្សឆ្នាំ៨០ពិតមែន ហើយនេះជាមូលហេតុដែលនាំឲ្យកើតមានស្ថាននាម ថា ភ្នំខ្មោច៖ វាលពិឃាតទី២របស់កម្ពុជា (Ghost Mountain: The Second Killing Fields of Cambodia)។ ហើយមិនថាពេលវេលាយូរយ៉ាងណាទេ ជនជាតិថៃ នៅតែមិនដែលមានមនោសញ្ចេតនាល្អចំពោះជនជាតិ និងប្រទេសកម្ពុជាឡើយ ដែលក្នុងនាមយើងជាជនជាតិខ្មែរគ្រប់រូបមិនត្រូវភ្លេចនូវសណ្តានអសុទ្ចរិតភាព របស់ថៃចំពោះយើងឡើយ។

Comments
Post a Comment