តើបងប្អូនចាំបានទេ កាលពីជិត២០ឆ្នាំមុន បងប្អូនខ្មែរយើងស្ទើពេញមួយផ្ទៃប្រទេស ត្រូវបានគេបោកប្រាស់ឲ្យបរិភោគសណ្តែកបាយស្ងោរទាំងកណ្តាលយប់ ធ្វើយ៉ាងណាឲ្យបានមុនម៉ោង១២យប់ មុនឆ្លងចូលថ្ងៃថ្មី បើមិនដូច្នេះទេ បងប្អូននឹងត្រូវស្លាប់? ខ្ញុំចាំបានថា ពេលនោះ មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានព្យាយាមបញ្ជូនពត៌មាននេះតៗគ្នា ពីមួយទៅមួយ ដែលជាហេតុធ្វើឲ្យបងប្អូនខ្មែរយើងមួយចំនួនធំបានសម្រុកទៅទិញសណ្តែកបាយ ទាំងយប់ និងធ្វើឲ្យទីផ្សារសណ្តែកបាយឡើងខ្ពស់ និងលក់ដាច់អស់ពីស្ដុក ក្នុងរយៈពេលខ្លី។ ដែលរឿងនេះបានធ្វើឲ្យបងប្អូនខ្មែរយើងមួយចំនួនធំមានបញ្ហាសុខភាព ដូចជារាគរូស និងភ័យស្លន់ស្លោ ដែលការបញ្ចូនពត៌មាននេះ ហាក់ដូចជាមិនមានមូលដ្ឋាន និងឆ្លងកាត់ការគិតពិចារណាឲ្យបានច្បាស់លាស់ជាមុនសិន។
ក្រោយមកទៀតប៉ុន្មានឆ្នាំ ក៏មានពត៌មានចចាមអារាមមួយទៀត ដែលបានល្បីឮតៗគ្នាក្នុងចំណោមអ្នកមានធនធានថា ការចិញ្ចឹមក្រពើ ជាអាជីវកម្ម ដែលមានភាពងាយស្រួល និងមានទីផ្សារខ្ពស់ ហើយប្រទេសជិតខាងទទួលទិញក្នុងតម្លៃថ្លៃ។ ខ្ញុំចាំបានថា ពេលនោះ អ្នកមានធនធានមួយចំនួនបានបោះទុន លើការចិញ្ចឹមក្រពើ។ ក្រោយពីចិញ្ចឹមបានមួយរយៈ ខ្ញុំក៏ឮល្បីថា ប្រទេសជិតខាង ប្រកាសលែងទទួលទិញក្រពើពីកម្ពុជាទៀតហើយ ដែលកក្តានេះធ្វើឲ្យអ្នកចិញ្ចឹមក្រពើមួយចំនួននោះមានការខាតបង់ជាច្រើន ហើយក៏បន្តចិញ្ចឹមក្រពើរហូតមកដល់សព្វថ្ងៃ។ រីឯទីផ្សារចិញ្ចឹមក្រពើបច្ចុប្បន្ន ក៏អាស្រ័យលើភាពវ័យឆ្លាតរបស់ថៅកែនិមួយៗ មិនមែនអាស្រ័យលើប្រទេសជិតខាងជាអ្នកទទួលទិញនោះឡើយ។
ក្រោយពីស្ងប់ស្ងាត់រឿងការចិញ្ចឹមក្រពើបានប៉ុន្មានឆ្នាំ ខ្ញុំក៏បានឮពត៌មានចចាមអារាមថ្មីមួយទៀត ទាក់ទងនឹងការដាំដើមអាកាស្យាវិញម្តង។ ពេលនោះ ប្រជាជនខ្មែរបានពិភាក្សាគ្នាស្ទើរគ្រប់កន្លែង ពាក់ព័ន្ធនឹងភាពងាយស្រួលដាំដុះ និងភាពងាយស្រួលក្នុងការរកទីផ្សារ ព្រោះប្រទេសជិតខាងសន្យាប្រមូលទិញក្នុងតម្លៃថ្លៃដូចគ្នា និងទីផ្សារក្រពើដែរ។ បន្ទាប់មកប្រជាជនដែលមានដីចំការមួយចំនួនបានកាប់ដើមឈើហូបផ្លែចោល ដោយជំនួលមកវិញនូវការដាំដើមអាកាស្យា ព្រោះគេជឿលើពត៌មានចចាមអារាមនោះ ថា អាកាស្យាជាដំណាំ ដែលងាយដាំ មិនរើសដី មិនត្រូវការអ្នកថែទាំ និងមិនត្រូវការប្រភពទឹកស្រោចស្រព។ រយៈពេលប៉ុន្មានឆ្នាំក្រោយមក ចំការអាកាស្យាមួយចំនួន បានដុះលូតលាស់ធំ ស្រាប់តែល្បីថា ដើមអាកាស្យា បែរជាគ្មានទីផ្សារទៅវិញ ដោយគ្មានឈ្មួញទទួលទិញឡើយ ហើយ ចំការអាកាស្យាមួយចំនួនធំត្រូវទុកចោលស្ទើរតែក្លាយទៅជាព្រៃអាកាស្យាទៅវិញ។
ខ្ញុំជឿថា នេះជាបោកប្រាស់ប្រជាជនកម្ពុជាដែរ ព្រោះបងប្អូនប្រជាជនមួយចំនួនមិនបានសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ទេ មុននឹងសម្រេចចិត្តដាំ ហើយ តាមការសង្កេតមើលជាក់ស្ដែង ទីណាដែលមានដាំដើមអាកាស្យា ទីនោះដីមិនសូវមានជីជាតិទេ ហើយបើវាដុះមួយដើម ឬពីរដើម ក្នុងដីភូមិវិញ ក៏គ្មានរុក្ខជាតិវល្លិណាមួយ ដូចជាននោង ត្រឡាច ត្រសក់ វៀរឡើងដើមអាកាស្យាដូចដើមឈើហូបផ្លែផ្សេងទៀតដែរ។ ហើយបើកន្លែងណាមានទឹកវិញ ក៏គ្មានត្រីរស់នៅដែរ ឲ្យតែមានស្លឹកអាកាស្យាជ្រុះចូលទឹកនោះ។ ខ្ញុំជឿថា នេះជាការពង្វក់ស្មារតីប្រជាជនកម្ពុជា ឲ្យភ្លេចគិតគូពីបញ្ហាជីជាតិដី និងជាការប្រកួតប្រជែងលើវិស័យកសិកម្មនៅក្នុងតំបន់។
Comments
Post a Comment