Skip to main content

ទន្លេនីល ជាទន្លេដែលវែងជាងគេលំដាប់ទី១ក្នុងពិភពលោក

ទន្លេនីល ជាទន្លេដែលវែងជាងគេលំដាប់ទី១ក្នុងពិភពលោក ដែលមានប្រវែងសរុប ៦៦៥០ គីឡូមែត្រ។ ទន្លេនេះមានទីតាំងស្ថិតនៅក្នុងទ្វីបអាហ្វ្រិកហូរកាត់១១ប្រទេសមានដូចជា ប្រទេសអេស្ស៊ីប សាធារណរដ្ឋកុងហ្គោ សូដង់ខាងត្បូង អេត្យូពី អេរីទ្រា សូដង់ អ៊ូហ្គង់ដា តង់ហ្សានី កេនយ៉ា រ៉ាន់ដា និង ប្រទេសប៊ូរុនឌី។ ទន្លេនីល គឺជាទន្លេដ៏សំខាន់ដែលហូរទៅភាគខាងជើងនៃទ្វីបអាហ្វ្រិក ។ ទន្លេនេះហូរចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ ។ 

អរិយធម៌អេហ្ស៊ីបបុរាណមានអាយុកាលជាង ៣០០០ ឆ្នាំមុនគ.ស ដែលបានក្លាយជាអរិយធម៌ដំបូងមួយក្នុងចំណោមអរិយធម៌ដ៏ចំណាស់ក្នុងប្រវត្តិសាស្ត្រពិភពលោក។ អរិយធម៌អេហ្ស៊ីបបុរាណមានវិសាលភាពលើទឹកដីប៉ែកខាងជើងរហូតដល់ប្រទេស ស៊ីរី និងភាគខាងត្បូងរហូតដល់ប្រទេសសូដង់ ប៉ុន្តែមុននិងក្លាយជាអាណាចក្រមួយ អេហ្ស៊ីប គឺជារដ្ឋឯករាជ្យមួយដែលមានការរីកចម្រើននៅតាមបណ្តោយដីសណ្តរទន្លេនីល នៅខាងជើងនៃទ្វីបអាហ្វ្រិក។ ទីក្រុងនៃអាណាចក្រអេហ្ស៊ីបបុរាណត្រូវបានបែងចែកជាពីរ ទៅតាមខ្សែទឹកនៃទន្លេនីល ខ្សែទឹកខាងលើហៅថា អេហ្ស៊ីបលើ ឬអេហ្ស៊ីបខាងត្បូង និងខ្សែទឹកខាងក្រោមហៅថា អេហ្ស៊ីបក្រោម ឬអេហ្សីបទាំងជើង។ អរិយធម៌អេហ្ស៊ីបក៏មិនខុសអ្វីពី មេសូប៉ូតាមីនោះទេ ដោយសារជ្រើសរើសយកទីតាំងតំបន់ទន្លេនេះ គឺស្របទៅតាមវិស័យកសិកម្ម នេសាទ និងការចិញ្ចឹមសត្វដែលពឹងផ្អែក ទៅលើប្រភពទឹក។ ប្រទេសអេហ្ស៊ីប ជាមជ្ឈមណ្ឌលឧស្សាហកម្មទេសចរណ៍ដ៏សំខាន់នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ និងជាគោលដៅទេសចរណ៍ដែលបានទាក់ទាញអ្នកទេសចរមួយចំនួនធំឱ្យចូលមកទស្សនាបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ខ្លួន ដូចជាពីរ៉ាមីតនៅប្រទេសអេហ្ស៊ីប និងវិមាន Nubian ក្នុងប្រទេសស៊ូដង់។ ទោះជាយ៉ាងណាក៏ដោយ ទន្លេនីលក៏ប្រឈមមុខនឹងបញ្ហាដូចជាការប្រកួតប្រជែងសម្រាប់ធនធានទឹក ការបំពុល និងការប្រែប្រួលអាកាសធាតុ។

ទន្លេនីលមិនត្រឹមតែជាអច្ឆរិយៈធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខ្សែជីវិតវប្បធម៌ និងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងទ្វីបអាហ្រ្វិកផងដែរ។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.