Skip to main content

គុណសម្បត្តិ និងគុណវិបត្តិនៃអាណាព្យាបាលបារាំងនៅប្រទេសកម្ពុជា



អាណាព្យាបាលបារាំងនៅប្រទេសកម្ពុជា (ឆ្នាំ ១៨៦៣–១៩៥៣) គឺជារយៈពេលប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានបង្កើតការផ្លាស់ប្តូរជាច្រើនទាំងក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ ការស្នើសុំការការពារពីបារាំងរបស់ព្រះបាទនរោត្តម ត្រូវបានចាត់ទុកថាជាវិធានសង្គ្រោះប្រទេសពីការគំរាមកំហែងរបស់សៀម និងអាណ្ណាម ប៉ុន្តែជាប្រវត្តិសាស្ត្រពិត វាបាននាំមកនូវទាំងផលល្អ និងផលអាក្រក់ដល់ជាតិខ្មែរ។

ដើម្បីយល់អំពីអាណាព្យាបាលនេះយ៉ាងជ្រាលជ្រៅ យើងត្រូវពិភាក្សាពីគុណសម្បត្តិ និងគុណវិបត្តិជាប្រវត្តិសាស្ត្រ និងនយោបាយ។

១. ដំណើរដើមទងនៃអាណាព្យាបាលបារាំង

នៅសតវត្សទី១៩ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ទឹកដីត្រូវសៀម និងអាណ្ណាមលុកលុយជាបន្តបន្ទាប់។ ព្រះបាទនរោត្តម ដែលសោយរាជ្យនៅពេលនោះ បានសម្រេចសុំជំនួយពីបារាំង ដើម្បីការពារជាតិកម្ពុជា។នៅ ថ្ងៃទី១១ ឧសភា ឆ្នាំ១៨៦៣ កម្ពុជាត្រូវបានចុះសន្ធិសញ្ញាឲ្យបារាំងអនុញ្ញាតគ្រប់គ្រងប្រទេសកម្ពុជា ដោយសន្យាថានឹងការពារព្រះរាជាណាចក្រមួយនេះ។ ទោះបីជាមានគោលបំណងល្អក្នុងការរកសុវត្ថិភាពជាតិ ក៏ដោយ ប៉ុន្តែវាបានបង្ហាញពីការចាប់ផ្តើមនៃការបាត់បង់អធិបតេយ្យភាព និងការជ្រៀតជ្រែកបរទេសក្នុងអាណាចក្រដែរ។

Q. តើវត្តមានអាណាព្យាបាលបារាំងនៅកម្ពុជា បានបង្កើតនូវគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? 

២. គុណសម្បត្តិនៃអាណាព្យាបាលបារាំង

១. ការកែលម្អរដ្ឋបាល និងច្បាប់ទំនើប

 បារាំងបានបង្កើតប្រព័ន្ធរដ្ឋបាលថ្មីៗ ដាក់ច្បាប់ស៊ីវិល និងព្រហ្មទណ្ឌ ដើម្បីធានាឲ្យមានសណ្តាប់ធ្នាប់។ ប្រព័ន្ធតុលាការត្រូវបានបង្កើតឡើង ដើម្បីធានាការដោះស្រាយជម្លោះតាមច្បាប់ មិនត្រឹមតែតាមអំណាចជនមានអំណាច ឬទ្រព្យទេ។

២. អភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ

 បារាំងបានកសាងផ្លូវថ្នល់ ស្ពាន ទន្លេ និងស្ថានីយ៍ដឹកជញ្ជូនជាច្រើន។ កសិកម្មត្រូវបានលើកកម្ពស់ ដោយនាំចូលបច្ចេកទេសផលិតស្រូវ កៅស៊ូ និងស្ករ។ វាធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសមានចលនាឡើងវិញ។

៣. ការអប់រំ និងវប្បធម៌បែបអឺរ៉ុប

 បារាំងបានបើកសាលារៀន និងបណ្ណាល័យ ឲ្យប្រជាជនមានឱកាសរៀនសូត្រភាសាបារាំង និងវិទ្យាសាស្ត្រថ្មីៗ។ ជំនាន់សិស្សសាលាបារាំងជាច្រើន ក្លាយជាអ្នកដឹកនាំសង្គម និងអ្នកនយោបាយក្រោយសម័យឯករាជ្យ។

៤. ការអភិរក្សប្រាសាទ និងបេតិកភណ្ឌ

 អង្គការបារាំង EFEO(សាលាបារាំងចុងបូព៌ា) បានចូលមកស្រាវជ្រាវ និងស្ដារប្រាសាទអង្គរវត្ត អង្គរធំ និងប្រាសាទបុរាណជាច្រើន ឲ្យត្រឡប់ទៅរូបរាងដើម ហើយក្រោយមកក៏បានផ្ទេរភារកិច្ចឲ្យអាជ្ញាធរជាតិអប្សរា។ វាបានអភិវឌ្ឍវិស័យទេសចរណ៍ និងអធិប្បាយអំពីអត្តសញ្ញាណខ្មែរ។

៥. សន្តិភាពជាសកលក្នុងប្រទេស

បារាំងបានបញ្ឈប់សង្គ្រាមរវាងក្រុមប្រជែងអំណាចក្នុងស្រុក និងការលុកលុយពីសៀមនិងអាណ្ណាម។ ប្រទេសបានមានស្ថិរភាពមួយកំរិត ដែលអនុញ្ញាតឲ្យមានការរីកចម្រើនសង្គម។

៣. គុណវិបត្តិនៃអាណាព្យាបាលបារាំង

១. ការបាត់បង់អធិបតេយ្យភាពជាតិ

 កម្ពុជា​ក្លាយជាប្រទេសអាណាព្យាបាល មិនអាចសម្រេចចិត្តដោយខ្លួនឯងទៀត។ ព្រះមហាក្សត្រត្រឹមតែជានិមិត្តសញ្ញា ខណៈអំណាចពិតស្ថិតក្នុងដៃអាណាព្យាបាលបារាំង។

២. ការបាត់បង់ដែនដី និងបញ្ហាព្រំដែនជាតិ

 បារាំងបានធ្វើការផ្លាស់ប្តូរព្រំដែនជាច្រើន ដោយមិនពិចារណាលើអធិបតេយ្យភាពខ្មែរ៖

នៅឆ្នាំ១៩០៧ បារាំងបានចរចាជាមួយសៀម ឲ្យសៀមប្រគល់ត្រឡប់ខេត្តបាត់ដំបង សៀមរាប និងសូរិនមួយផ្នែកត្រឡប់ឲ្យកម្ពុជា។ ប៉ុន្តែបញ្ហានេះក៏ជាការផ្លាស់ប្តូរដែលបារាំងប្រើដើម្បីសម្រួលអំណាចរបស់ខ្លួន។

តែជាផ្នែកបាត់បង់វិញ បារាំងបានអនុញ្ញាតឲ្យសៀមកាន់កាប់ខេត្តត្រាត រយ៉ង និងចន្ទបុរី ដែលជាដែនដីជាប់សមុទ្រដើមរបស់ខ្មែរ។

ផ្នែកខាងកើត ក៏បាត់បង់ដែនដីទៅឲ្យអាណ្ណាម (វៀតណាម) ដូចជា កូសាំងស៊ីន ឬ កម្ពុជាក្រោម ដែលមានប្រជាជនខ្មែររស់នៅយ៉ាងច្រើន។

បញ្ហាកោះត្រល់ និងកោះជិតៗ ត្រូវបានកំណត់ជាព្រំដែនអសមសភាព ដែលបន្តជាបញ្ហារវាងកម្ពុជា វៀតណាម និងថៃរហូតដល់សព្វថ្ងៃ។

៣. ការទាញយកធនធាន និងការចងក្រងសេដ្ឋកិច្ចលើក្បាលជាតិខ្មែរ

 ការផលិតស្រូវ កៅស៊ូ និងទំនិញផ្សេងៗ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបារាំង។ ប្រជាជនក្នុងស្រុកត្រឹមតែជាកម្មករដែលទទួលប្រាក់តិច តែធ្វើការយ៉ាងខ្លាំង។

៤. ការរំលោភវប្បធម៌ជាតិ និងអត្តសញ្ញាណខ្មែរ

 បារាំងបានលើកស្ទួយវប្បធម៌អឺរ៉ុប ធ្វើឲ្យមនុស្សខ្លះមើលរំលងវប្បធម៌ខ្មែរ។ ប្រពៃណីខ្មែរ ត្រូវបានទុកឲ្យថយក្រោយ។ វាបង្កភាពឆ្ងាយរវាង “អ្នករៀនបារាំង” និង “ប្រជាពលរដ្ឋធម្មតា”។

៥. ការរារាំងសិទ្ធិនយោបាយ និងសង្គម

 បារាំងមិនអនុញ្ញាតឲ្យប្រជាជនមានសិទ្ធិគ្រប់គ្រងប្រទេស ឬបោះឆ្នោតជាអ្នកដឹកនាំឡើយ។ ការតស៊ូឯករាជ្យត្រូវបានទប់ស្កាត់។ ទោះបីជាយ៉ាងណា ការកៀបសង្កត់កាន់តែតឹងរឹងរបស់បារាំង វាក៏ជាកត្តាបណ្តាលឲ្យកើតចលនាឯករាជ្យនៅសតវត្សទី២០ដែរ។

៤. វិភាគពីអាណាព្យាបាលបារាំង

ការគ្រប់គ្រងរបស់បារាំងអាចចាត់ទុកថា មានលក្ខណៈ “ព្យាបាលជាតិ តែបញ្ចេញឈាម”។ បារាំងបានផ្តល់អភិវឌ្ឍន៍ខ្លះៗ តែវាជាវិធានសម្រាប់គ្រប់គ្រង និងការទាញយកប្រយោជន៍ពីសេដ្ឋកិច្ចកម្ពុជា។ នៅផ្នែកនយោបាយ បារាំងប្រើ “វិធានបំបែកហើយគ្រប់គ្រង” ដើម្បីរារាំងការរួបរួមជាតិ។ ខណៈផ្នែកវប្បធម៌ បារាំងបានបង្កើតជំនាន់ខ្មែរបែបបារាំងគឺបារាំងយកអ្នកដែលមានទំនោរបារាំងមកធ្វើការ ហើយមើលរំលងអ្នកខែ្មរនិយម ដែលវាបានបណ្តុះនូវការទាមទារពីសិទ្ធិជាតិបន្ទាប់ពីសម័យព្រះបាទសីហនុ។

បើទោះបីជាមានការបាត់បង់ដែនដីជាច្រើន ក៏ដោយ បទពិសោធន៍សម័យបារាំង បានបណ្តាលឲ្យកម្ពុជាមានមេរៀនអំពីតម្លៃនៃឯករាជ្យ និងអធិបតេយ្យភាពជាតិ។

ជា សេចក្តីសន្និដ្ឋាន

សម័យអាណាព្យាបាលបារាំងជាបទពិសោធន៍ដ៏ជ្រាលជ្រៅសម្រាប់ប្រទេសកម្ពុជា។ វាបាននាំមកនូវទាំងភាពរីកចម្រើន និងភាពបាត់បង់។ បារាំងបានអភិវឌ្ឍរដ្ឋបាល អប់រំ និងសំណង់ ប៉ុន្តែតម្លៃដែលកម្ពុជាត្រូវបង់គឺការបាត់បង់ដែនដី និងឯករាជ្យជាតិ។

ចុងក្រោយនេះ បទពិសោធន៍នោះបានបង្រៀនប្រជាជនខ្មែរឲ្យស្គាល់ថា សេរីភាព និងអធិបតេយ្យភាព ជារបស់ដ៏មានតម្លៃជាងគ្រប់យ៉ាង។ យើងត្រូវថែរក្សា និងស្នើសុំយកតម្លៃនេះជាមេរៀនសម្រាប់ការរីកចម្រើនជាតិបន្តទៅមុខ។៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.